Wednesday, June 17, 2015

បទអត្ថាធិប្បាយ៖ ដោយ រត្ន័ សណ្ដាប់, បើមិនហ៊ានស្បថ កុំបំពានច្បាប់ និងក្រមសីលធម៌!

នាដើម​ខែមិថុនា ឆ្នាំ២០១៥ លោក សម រង្ស៊ី​​ ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​បន្ទាប់ពី​ចុះ​យន្ដ​ហោះ​ត្រទ្បប់​ពី​ក្រៅប្រទេស ​ឆ្លើយ​ទៅកាន់​អ្នកសារព័ត៌មាននៅវាលយន្ដហោះ​​យ៉ាង​ហៃថា​ «ខ្ញុំ​មិន​ខ្លាច​នឹ​ង​សម្បថទេ​ តែ​សុំ​រាប់​សន្លឹក​ឆ្នោត​ទ្បើ​ងវិញ​សិន» នេះ​គឺជាភាសា​ឆ្លើ​យ​តប​ទៅនឹង​​សម្ដេច​នាយក​រដ្ឋ​មន្រ្ដី ហ៊ុន សែន​ ដែល​បាន​ប្រកាសថ្មីៗ គឺ​​បបួល​លោក សម រង្ស៊ី ទៅស្បថមុខ​ព្រះអង្គ​ដង​កើ​​ ពីបទដែល​​​ចោទថា​ គណបក្សប្រជាជនកម្ពុជា​ លួច​សន្លឹកឆ្នោត។​
អ្នកវិភាគ​នយោបាយក្ដី អ្នកប្រកប​អាជីពខាងច្បាប់​ក្ដី ក្រោយ​ពី​បាន​ស្ដាប់​នូវ​ភាសា​នេះ​ គេយល់​ថា​ មេដឹកនំា​គណបក្ស​ប្រឆំាង​កំពុង​បន្ទាបបន្ថោកខ្លួន​ឯង​ និង​បន្ទាប​បន្ថោក​អ្នក​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ខ្លួន​កាល​ពី​ខែកក្ដដា ឆ្នាំ២០១៣​កន្លងទៅ​​ គេ​យល់ថា​ លោក សម រង្ស៊ី​ មិនសមធ្វើជា​មេដឹកនំា​ ​​គឺ​និយាយ​ឲ្យ​ខ្លី​ គណបក្សសង្រ្គោះជាតិ​មិនអាចដឹកនំាប្រទេស​នោះ​ទ្បើយ។​
ជាការ​​ច្បាស់ណាស់ ប្រធាន​គណបក្សរូបនេះ​មិន​ទាន់បាន​​ដឹកនំា​ប្រទេស​ផង​ បែរ​ជា​វង្វេងវង្វាន់ មិន​ស្គាល់អ្វី​ជា​ច្បាប់​នីតិរដ្ឋ​ មិនស្គាល់អ្វីជាក្រមសីលធម៌របស់​ប្រជាជាតិ​។​ ដូចនេះ​ យើង​សូម​​យក​​ឱកាស​​នេះ ​សរសេរ​អត្ថបទ​ជួយ​ពន្យល់​មេដឹកនំា​គណបក្សរូប​នេះ​ ពីដំណើរការ​នៃការ​ប្រព្រឹត្ដ​​ទៅ​ការ​បោះ​​​ឆ្នោត​​​និងការ​ពាក់​ព័ន្ធ​ទៅ​នឹង​ក្រម​សីល​ធម៌​របស់​ប្រជាពលរដ្ឋ​​​ដែល​ប្រកាន់​ជំនឿលើការ​ស្បថស្បែ​។
ទីមួយ​ អំ​ពីដំណើរការ​ប្រព្រឹត្ដ​ទៅ​នៃ​ការ​បោះ​ឆ្នោត​សកល​៖​ នៅ​កម្ពុជា​ក៏ដូច​ជា​ប្រទេស​នានា​​លើ​សកល​លោក ដែលបាន​​គោរព​នូវ​របប​ប្រជា​ធិប​តេយ្យ​ ពិសេសចាប់​តំាង​ពីកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​បាន​​បញ្ចប់នៅវិបត្ដិនយោបាយ​​​ បញ្ចប់ជម្លោះ​ខ្មែរ​គ្នាឯង​នៅឆ្នាំ​១៩៩១​។​ កម្ពុជា​បាន​ឆ្លង​កាត់​​ការបោះ​ឆ្នោត​​​​​សកល​​ចំនួន​៥លើក​។
ការបោះឆ្នោត​សកល​៤លើកជាបន្ដបន្ទាប់​​ទៀត និងការបោះឆ្នោតចុងក្រោយ​​ឆ្នាំ​២០១៣​នេះ គេ​ឃើញថា​មានចម្រួងច​ម្រាស់ជាទីបំផុត​ ដោសារ​អ្នកដឹកនំាបក្សប្រឆំាង​មិនព្រម​​ទទួលយក​លទ្ធ​ផល​គឺ ក្រុមបក្សប្រឆំាង​មិនទទួលស្គាល់នូវឆន្ទៈភាគច្រើន ដែលមាន​ជាង៣លាន​២សែនសម្លេង​ ​ផ្ដល់ការ​ទុក​​​ចិត្ដ​​ជូន​គណបក្សប្រជាជនកម្ពុជា រីឯ​អ្នកផ្ដល់ទំនុក​ចិត្ដ​ដល់គណបក្សសង្រ្គោះជាតិ​មានត្រឹមតែ​​ចំនួន​ជាង​​២លាន៩សែន​សម្លេងប៉ុណ្ណោះ​។​ គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប.» បានទុក​ឱកាស​ឲ្យមានការ​តវ៉ា។ ក្រុម​ប្រឹក្សាធម្មនុញ្ញបាន​ធ្វើការ​ពិចារណា ​យល់​ឃើញ​ថា​ការទាមទារ​នៃពាក្យ​បណ្ដឹង​​ទំាងនោះ​ពុំមានមូលដ្ឋានគ្រឹះ ដើម្បីប្ដូរ​លទ្ធផល​ដែល​ប្រកាស​ចេញ​ដោយ​ «គ.ជ.ប.» នោះបាន​ទ្បើយ​។​
អ្នកវិភាគ​នយោបាយ​គេបាន​លើក​ទ្បើងថា​ ការទាមទារ​បែប​ទ្បាំប៉ាប្រឆំាងនៅ​ឆ្នាំ២០១៣ និង២០១៤​ ​គឺមិនគ្រាន់តែ​បំពានឆន្ទៈរបស់ «អ្នកភាគច្រើន»​ ដែល​ខ្លួនឯង​ជា​ «អ្នក​ភាគតិច» គឺថែម​ទំាង​បានបំពានការងារ​សមត្ថភាពមន្រ្ដី​ដែលខ្លួនបាន​ចាត់តំាង​នៅ​គ្រប់​ស្ថានីយ៍​បោះឆ្នោត​នៅទូទំាង​ប្រទេស​ដែល​មានចំនួន​១៦៣​៣ឃុំ/សង្កាត់​ ដែលមាន​ស្ថានីយ៍​បោះ​ឆ្នោតចំនួន១៩០០៩កន្លែង​ អ្នកទំាងនោះ​សុទ្ធ​​​តែបាន​ចុះហត្ថលេខា​ក្រោយ​​​ពីពិនិត្យ​ជាក់ស្ដែង​នៅនឹ​ង​កន្លែង​ នូវ​​ដំណើរការ​បោះឆ្នោតយ៉ាង​ហ្ម៉ត់​ចត់ ចាប់ពីម៉ោង​៧ព្រឹក​រហូតដល់ម៉ោង​៣រសៀល​ ជាមួយ​មន្ដ្រី​តំណាង​​គណបក្សប្រគួតប្រជែង​នានា។
យើងសូម​សួរថា តើនៅ​ថ្ងៃបោះឆ្នោត​​មាន​ព្រឹត្ដិការណ៍នានា ដែល​មិន​ប្រក្រតី ផ្ទុះ​ចេញ​ប៉ុន្មានកន្លែង​ តើ​​មាន​ការ​ប្រទូស្ដរ៉ាយគ្នា​ប៉ុន្មាន​កន្លែង តើមានការបង្ខិត​​បង្ខំ​ឲ្យ​មន្រ្ដី​​តំណាង​បក្សប្រឆំាង​ឲ្យចុះ​ហត្ថ​លេខាប៉ុន្មានស្ថានីយ៍? ។ល។​
​​យោងលើព្រឹត្ដការណ៍ទំាងនេះ​ ក្រុម​អ្នកសង្កេតការណ៍​អន្ដរ​ជាតិបានប្រកាសថា​ ​ដំណើរការ​បោះឆ្នោត​បាន​​ប្រព្រឹត្ដ​ទៅ​ក្នុងបរិយាកាស​សុខសន្ដិភាព​ ​គ្មានការកៀបសង្កត់​ គ្មាន​ជ្រៀកជ្រែក​ពី​បក្ស​នយោបាយ​ណាទ្បើយ​ ហើយ​ដែល​លទ្ធផល​គឺអាចទទួលយកបាន។​
ក្នុងបរិការនេះហើយ​ ទើប​ក្រុមប្រឹក្សាធម្មនុញ្ញ​បានទាត់ចោល​ពាក្យ​បណ្ដឹងទំាង​អម្បាល​​ម៉ាន​​របស់បក្ស​ប្រឆំាង​។
នរ​ណា​ក៏​គេ​ដឹង​ថា​ ​ក្រុម​បក្សប្រឆំាង​បាន​យល់ដឹងពីរបៀបការ​ធ្វើ​បដិវត្ដ​ន៍​ពណ៌​នៅ​បណ្ដា​ប្រទេស មួយ​ចំនួន​ដូចជា​ ទុយនេស៊ី លីប៊ី យេនមេន ដែល​លទ្ធផលគឺ​ប្រទេសទំាងនេះធ្លាក់ចូលក្នុង​សង្រ្គាម​ស៊ីវិល មកដល់សព្វថ្ងៃ​។ ចម្លង​​តាម​​បទពិសោធន៍​​នេះ​ ​ បក្ស​​ប្រឆំាង​នៅកម្ពុជា​បាន​​កេណ្ឌ​មនុស្ស ​ធ្វើជា​​មហា​បាតុកម្ម​ក្ដុង​ក្ដំាង ​​រហូតក្លាយ​ដល់​មាន​បំណង​​ប្រឆំាង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ស្រែក​អាក្រោស​ពេញ​ទី​ក្រុង​​ភ្នំពេញ​ឲ្យ​ប្រមុខ​​​​រដ្ឋាភិ​បាល​​ចុះចេញ​ពីដំណែង​ ដែលទី​បញ្ចប់​ អ្នក​ដែល​ធ្វើ​បាតុកម្ម អ្នក​ដែល​គំាទ្រ​បក្ស ប្រឆំាង​មានការ​នឿយណាយ​ ដោយ​សារ​ខាតបង់ទ្រព្យ​សម្បត្ដិ​​របស់ខ្លួន ម្យ៉ាងវិញទៀត​ ពួកគេយល់ ច្បាស់ថា​ ក្រុមប្រឹក្សា​ធម្មនុញ្ញគឺជាតុលាការចុងក្រោយ​កាត់សេចក្ដី​តាមសេចក្ដីប្រកាស​របស់​​ «គ.ជ.ប.»។
ទីពីរ ការស្បថ​ស្បែ​គឺជាក្រមសីលធម៌៖ ចំពោះការលើកទ្បើងរបស់​សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន​ ​ឲ្យ​ លោក សម រង្ស៊ី ស្បថនោះ​ ដែលពាក្យ​​នេះបើ​ស្ដាប់ហាក់គួរឲ្យភ្ញាក់ផ្អើល​ ប្រសិន​​បើ​ស្ដាប់​ហើយ​មិន បាន​​ពិចារណា។​
នៅបស្ចឹមប្រទេស​ដែលជាបិតា​លទ្ធិប្រជាធិបតេយ្យ​ បិតាខាង​​មាន​ប្រព័ន្ធច្បាប់ ​ពិសេស​នៅសហ​​​​រ​ដ្ឋអាមេរិក ​ ​មុនចូលកាន់​ដំណែង​ជា​ផ្លូវការ  ប្រធានាធិបតី​​តែងតែ​លើក​ដៃស្ដំា​ស្បថ​​នៅ​ចំពោះមុខ​ប្រធានតុលាការ​កំពូល​ នៅចំពោះ​មុខ​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​​របស់​ប្រទេស​រាប់រយនាក់​ ពាក្យ​មួយឃ្លា​សំ​ខាន់ បំផុត​ថា​ «ខ្ញុំសូម​ស្បថជាមហោទ្បារិក​ថា ខ្ញុំនឹងដឹក​នំា​ប្រទេស​ឲ្យបាន​ត្រឹមត្រូវ​ប្រកបដោយ​សច្ចធម៌ និង ការពាររដ្ឋធម្មនុញ្ញរបស់សហរដ្ឋ​អាមេរិក​»​ ។
ក្នុង​​ន័យ​​​នេះ​ យើងសូមសួរថា​ តើ​លោក សម រង្ស៊ី​ ដែលមាន​សញ្ជា​តិ​បារំាង​ រៀនសូត្រនៅស្រុក​បារំាង​តំាងពីវ័យក្មេង​ ​យល់ច្បាស់​ពី​ការ​គ្រប់​គ្រង​រដ្ឋ តែ​លោក​បែរជាឆ្លើយទំាង​បំពាន​ទៅនឹងការបបួលស្បថ​​ ​របស់​សម្ដេច​នាយករដ្ឋមន្រ្ដី​ ហ៊ុន សែន​ ទៅវិញ​។​
ច្បាប់​ជានីតិក្រម ដែលតម្រង់​ជួរ​ពលរដ្ឋ​ឲ្យគោរព​នូវកាតព្វកិច្ច​របស់ខ្លួន​ រី​ឯការ​ស្បថគឺជា​​ក្រមសីលធម៌​របស់មនុស្សជាតិ​ ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើឲ្យប៉ះពាល់​ដល់​អ្នក​ដទៃ។​ ព្រោះថា​ អស់​រយៈ​ពេល​រាប់រយ​ពាន់​ឆ្នាំមកហើយ នរណាក៏ដឹង​ដែរ​ថា មនុស្ស​ម្នាក់ៗ​តែង​តែ​​ខិត​ខំ​ព្យាយាម​រំលោភ​លើ​អ្នក​ដទៃ មិនគោរព​សិទ្ធិ​អ្នកដទៃ ធ្វើអ្វី​ក៏ដោយ​ចង់ឈ្នះ​គេ រស់នៅ​ប្រសើរជាង​គេ។​​ ការ​ដែលមនុស្សម្នា​ក្នុង​សង្គម​ ឬអ្នកនយោបាយ​ ឬអ្នកដឹកនំា​រដ្ឋ​រំលោភ​លើ​អ្វីដែល​​បានចែង​ដោយ​ក្រឹត្យ​ក្រម​នីតិរដ្ឋ​ គេត្រូវតែ​ងាក​​ទៅរក​ក្រមសីលធម៌​ដែល​គ្រប់គ្រង​ដោយ «តុលាការ​សតិសម្បជញ្ញៈ» (Tribunal de conscience) ដែល​​ជា​ក្រមកំពូល​នៃជំនឿរបស់​ប្រជាជន​ នឹងអ្នក​ដឹកនំា​គឺថា «ត្រូវ​ស្បថ»​ នេះឯង។​
ដូចេ្នះ​បើលោក សម រង្ស៊ី បដិសេធ​​នូវរាល់ការ​លើកទ្បើង​​របស់សម្ដេចនាយករដ្ឋមន្រ្ដី​ក្នុង​ការ​​នំា​គ្នា​​ទៅស្បថ​ បាន​ន័យថា​ លោក សម រង្ស៊ី គឺជាអ្នកនយោបាយ​ដែលបានទាត់ចោល​ទំាងស្រុង​នូវ​​ក្រម​សីលធម៌របស់មនុស្សជាតិ​ មិនខុសពីចរិកមេដឹកនំារបស់​ខ្មែរក្រហមទ្បើយ។
ជាសរុប​ ចំ​ពោះ​អ្វី​ដែលសម្ដេច​នាយករដ្ឋមន្រ្ដី បបួល​លោក សម រង្ស៊ី ទៅស្បថនោះ​ ព្រោះថា​​ពាក្យសម្បថនេះ គឺជាមាគ៌ា​ឆ្ពោះទៅ​រក​​ក្រម​សីលធម៌របស់មនុស្ស​ជាតិ​  ​ខណ:ដែល​គេមិន​ទទួលស្គាល់​នូវ​ដំណើរ​នីតិវិធី​ច្បាប់​របស់​​រដ្ឋនោះ​ គឺគេចំា​​បាច់ងាកទៅរក​ក្រម​សីលធម៌ ​ដែល​ជា «តុលាការ​សតិសម្ប​ជញ្ញៈ​​» ​គឺ​តាម​រយៈ​​​ការ​ស្បថនេះឯង ទោះ​បី​ជាអ្នកនោះមា​នះ​មិន​ជឿក៏ដោយ​  ក៏​ពាក្យ​សម្បថ​នេះ​បាន​ដាស់​តឿន​​សតិ​សម្បជញ្ញៈ​​របស់គេ​ឲ្យដឹងខ្លួនជាប់ជានិច្ច​​​ថា​ «​​​គេ​​មាន​កំហុស​​ដិតជាប់​ក្នុង​​ខ្លួន ​​ក្នុងអារម្ម​ណ៍​ ​​​​​​​​ជានិច្ច​​​»៕​​​​ ​

No comments:

Post a Comment