Tuesday, May 05, 2015

ខួបលើក ទី១៥២ ទិវាពិភពលោក ​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ មានសប្បុរស​ជន​ចូល​ប្រាក់វិភាគទាន​ជាច្រើនម៉ឺនដុល្លារ​ នៅតាមបណ្តាខេត្ត​នីមួយៗ​ ថ្ងៃ អង្គារ ទី ០៥ ខែ ឧសភា ឆ្នាំ ២០១៥ ដោយ : GNN


គ្រាន់​តែ​រយៈពេល​ពីរថ្ងៃ​ប៉ុណ្ណោះ ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​បាន​សប្បុរសជន​ រួម​គ្នា​បរិច្ចាគ​ ក្នុង​ជំ​នួយ​សប្បុរសធម៌​ ដល់​កាកបាទ​ក្រហម​កម្ពុជា​ គ្រប់​ខេត្ត​ ក្រុង​ រាជធានី​ ដើម្បីបន្ត​បំ​រើសកម្មភាព​មនុស្សធម៌​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានាជូន​ប្រជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ ពី​គ្រោះ​ធម្មជាតិ ទឹក​ជំ​នន់ ចាស់​ជរា ខ្យល់​ព្យុះ ជន​ពិការ កុមាកំ​ព្រា ស្ត្រី​មេម៉ាយ​  ការ​សង់​ផ្ទះ និង​ការ​ជួយ​បូម​ទឹក​បញ្ចូល​ស្រែជូន​ប្រជាពលរដ្ឋ​ជា​ដើម​។
កាកបាទ​ក្រហមកម្ពុជា​​ បាន​និង​កំ​ពុង​ស្ថិត​ក្នុង​ការ​អនុវត្តវិស័យ​ស្នូល​​ទាំង ៤ នៃ​យុទ្ធ​សាស្ដ្រ​ឆ្នាំ២០១១-២០២០ ហើយ​ បាន​ និ​ង​កំពុង​បម្រើនូវ​សកម្ម​ភាព​មនុស្ស​ធម៌ដោយ​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​គ្រឹះ​ទាំង ៧ របស់​ចលនា​អន្ដរជាតិ​កាកបាទក្រហម អឌ្ឍ​ចន្ទ​ក្រហម គឺ​ក្នុង​ភាព​ជា​មនុស្ស​ធម៌ ភាព​គ្មាន​លំអៀង អព្យាក្រឹត​ភាព ឯករាជ្យភាព សេវា​កម្ម​ស្ម័គ្រ​ចិត្ត ឯកភាព និង​សកល​ភាព។
យោង​តាម​សេចក្ដី​ថ្លែងការណ៍របស់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា ក្នុង​មិទ្ទិញ​ខួប​ទី១៥២ បាន​ឲ្យ​ដឹងថា ឆ្នាំ​នេះ ចលនា​អន្ដរ​ជាតិ​កាកបាទ​ក្រ អឌ្ឍចន្ទ​ក្រហម បាន​ដាក់​ចេញ​នូវ​ប្រធានបទ “កម្លាំង​មនុស្សធម៌ : គោល​ការ​ណ៍​គ្រឹះ​ក្នុង​សកម្ម​ភាព​ គឺ​មាន​បំណង​គូស​បញ្ជាក់​នូវ​ភាព​សម​ស្រប​​នៃ​គោល​ការណ៍​គ្រឹះ​ដែល​នៅ​បន្ដ​ជា​និរន្ដ នៅ​ក្នុង​សេវា​កម្ម​មនុស្ស​ធម៌ និង​ជាមគ្គទ្ទេសដ៏​សំខាន់​ ក្នុង​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន។
មិទ្ទិញ​អប​អរ​ខួប​ទី​១៥២ ទិវា​ពិភពលោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហមឆ្នាំ​នេះ  កាលពីថ្ងៃ​ទី៤ ខែ​ឧស​ភា ឆ្នាំ​២០១៥ នៅខេត្ត​ស្វាយរៀង ប្រមូល​បាន​ថវិកាជិត២០ម៉ឺនដុល្លារ ពិធី​នេះ​ធ្វើ​ឡើង ក្រោម​អធិបតីភាព ឯកឧត្តមនាយឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការ​កងរាជ​អាវុធ​ហត្ថលើ​ផ្ទៃប្រទេស​ នៅ​ខេត្តតាកែវ ប្រារព្ធ​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៥ នេះ ប្រមូល​ប្រាក់​វិភាគទាន​បាន​ប្រមាណជិត ៤៤ ម៉ឺន​ដុល្លារអាមេរិក ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​លោក​ជំ​ទាវ  នៅ​ខេត្ត​បន្ទាយមានជ័យ ព្រឹកថ្ងៃទី៥ ខែឧសភានេះ​ដែរ ទទួលបានថវិកា ចំនួនប្រមាណ​ជាង​១១ម៉ឺន​ដុល្លារ​អាមេរិក នៅខេត្តសៀមរាប សាខាក្រហមកម្ពុជា បានប្រារព្ធ​ខួបនេះ នៅសាលសិល្បៈ រ៉ូស្សាណា (Rosana Broadway) ក្រុងសៀមរាប បានទទួលថវិកា ពីសប្បុរសជន ចំនួនជាង ៤០ ម៉ឺនដុល្លារ និងប្រាក់រៀល ជាង ៣០លានរៀល  នៅ​ខេត្តកំពង់ឆ្នាំង ពិធី​នេះ ប្រារព្ធ​ធ្វើ​ឡើងក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧប​នាយក​រដ្ឋមន្ត្រី និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលកាកបាទ​ក្រហមកម្ពុជា បាន​ទទួល​ថវិកាសរុបជា​ទឹក​ប្រាក់​បានចំនួនជាង៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ក្រៅ​ពី​នេះ សាខាកាកបាទ​ក្រហម​កម្ពុជា នឹង​បន្ត​ធ្វើ​មីទ្ទីញ​រំ​លឹក​ខួប​លើក​ទី​១៥២ នៃ​ទិវាពិភព​លោកកាកបាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម​ ជាបន្ត​បន្ទាប់​ទៀត ទៅ​តាម​ពេល​វេលាជាក់​ស្តែង​របស់​ខេត្ត ក្រុង​ ​នីមួយ​ៗ ដោយ​សង្ឃឹម​ថា នឹង​មាន​សប្បុរសជន​ចូល​រួម​ផ្តល់​ថវិកាស្ម័គ្រចិត្ត​គាំទ្រ​ មាន​ចំ​នួន​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​  ដោយ​សារ​តែ​ការ​ជឿជាក់​លើ​សកម្មភាព​ការងារ​របស់​កាកបាទ​ក្រហម​កម្ពុជា​ ក្នុង​ការ​ជួយ​ដោះ​ស្រាយ​ទុក្ខលំ​បាក​ជូន​ប្រជាពលរដ្ឋ​ ដោយ​ការ​អនុវត្ត​តាម​ទិសស្លោក ៖ ទី​ណា​មាន​ទុក្ខ​លំ​បាក ទី​នោះ​មាន​កាកបាទ​ក្រហម​កម្ពុជា​ « រួម​កម្លាំង​គ្នា​ ដើម្បី​មនុស្ស​ធម៌  និង វប្បធម៌​ចែក​រំ​លែក​ ចាប់​ផ្តើម​ពី​ខ្ញុំ»៕​




No comments:

Post a Comment