Tuesday, May 05, 2015

ព្រះរាជពិធី​បុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ​ ប្រារព្ធធ្វើ​នៅលើទឹក​ដីខេត្តបាត់ដំបង​ ដែលជាខេត្ត​ សំបូរស្រូវជាង​គេនៅក្នុង​ប្រទេសកម្ពុជា​


បន្ទាប់​ពី​ព្រះរាជ​ពិធី ច្រត់ព្រះនង្គ័ល​បាន​ប្រារព្ធ​ធ្វើ​ឡើងនៅ​​ខេត្តកំពង់ចាម និង​នៅ​ក្រុង​តាខ្មៅ២ឆ្នាំ ​ជាប់​គ្នា​កន្លងទៅ មិនមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជានោះ ​ព្រះ​រាជ​​​ពិធី​ដែល​ត្រូវ​រៀបចំឡើង​ឆ្នាំ​ទី៣ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្តបាត់ដំបង ​សម្រាប់​ឆ្នាំ​នេះ ទូរទស្សន៍​ជាតិកម្ពុជា ​នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​នេះ​ ពី​ទីវាល​ព្រះ​ស្រែ ដែល​ត្រូវ​រៀប​ចំ​នៅលើ​ទីលាន​បាល់ទាត់​ក្នុងខេត្តបាត់​ដំ​បង។ នេះ​បើយោង​តាម​ការបង្ហោះ​ខ្លឹម​សារ​របស់​​ឯកឧត្តម កឹម គុណ​វឌ្ឍន៍ អគ្គនាយក​ នៃ​ទូរទស្សន៍​ជាតិកម្ពុជា​ ដែលបាន​ឲ្យ​ដឹងថា ក្រុម​​​ការងារ​របស់​លោក នឹង​ត្រូវ​ដឹកនាំ​ការ​ផ្សាយ​ផ្ទាល់​នេះ ​។
ឯកឧត្តម កឹម គុណ​វឌ្ឍន៍​ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«យើង​បំរើ​សំណូមពរ​ប្រជាពលរដ្ឋ និង​ដោយមាន​ការណែនាំឲ្យ​​អនុវត្ត​ពី​ក្រសួងព័ត៌មាន និង​ពី​គណ:ក​ម្មា​ធិ​ការរៀបចំ​បុណ្យ​ជាតិ អន្តរជាតិ។ ការផ្សាយ​ផ្ទាល់​នេះ ធ្វើតាម​បណ្តាញ​កាប​អុ​ប​ទិច​ពីខេត្ត ​បាត់ដំបង មក​ភ្នំពេញ»
ឯកឧត្តម កឹម គុណ​វឌ្ឍន៍​ ក៏បាន​ឲ្យ​ដឹង​ផង​ដែរថា ក្រុមការងារទូរទស្សន៍​ជាតិកម្ពុជា មាន​គ្នាចំ​នួន​៣៥នាក់ នឹង​​ត្រូវ​ចេញដំណើរ​ទៅ​ខេត្តបាត់ដំបង​នៅ​ថ្ងៃទី៤ ខែ​ឧសភា​ ដើម្បី​ត្រៀម​រៀបចំ​ការផ្សាយ​ផ្ទាល់ «ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល» ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត នៃ​ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ឡើង​ជារៀងរាល់​ឆ្នាំ ​ដើម្បី​សម្គាល់​អំ​ពី​រដូវ​ចាប់​ផ្តើម​ធ្វើស្រែ​​ចម្ការ​រប​ស់​ប្រជាកសិករ​ខ្មែរ ។ ​ពីធី​ច្រត់​ព្រះ​នង្គ័ល​នេះ បើ​យោង​លើ​ការពន្យល់​បកស្រាយ​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ​ជោតិ​ញាណោ ជួត ណាត បាន​បញ្ជាក់​ថា ជា​ឈ្មោះ​ នៃ​មង្គល​ពិសេសមួយ​ រាប់​បញ្ចូល​ក្នុង​មង្គល​ទ្វាទសមាស ដែល​ជា​មង្គល​ចម្រើន​ការ​សាប​ព្រោះ បណ្តុះដាំក្នុងរដូវ​ភ្លៀង។ មង្គល​នេះ កំ​ណត់​ធ្វើ​នៅ​ថ្ងៃ​៤រោជ ខែពិសាខ រៀង​រាល់​ឆ្នាំ​។ ក្នុង​គម្ពី​របាលី​ ហៅ​ថា វប្បមង្គល​  « មង្គល​សាប​ព្រោះ​ បណ្តុះ​ដាំ​ »៕



No comments:

Post a Comment