Tuesday, May 05, 2015

សម្តេចតេជោ ផ្ញើរសារទៅ ឯកឧត្តម សម រង្ស៊ី ឲ្យបំភ្លឺអំពីពាក្យ​សំដី​ដែលបាន​និយាយ​ក្នុង​វីដេ​អូឃ្លីប​ថា ​«ចង់ចាប់​ចោរ ​ត្រូវទៅ​កៀក​ចោរសិន»


នៅថ្ងៃទី​ ៥ ខែឧសភា​ ឆ្នាំ២០១៥នេះ ​គេហទំព័រ Fresh News ​បានចុះផ្សាយសារ ​(SMS)​ របស់ ​សម្តេចតេជោ ​ហ៊ុន សែន​ ដែលបាន​ផ្ញើរទៅកាន់​ ឯកឧត្តម​ សម រង្ស៊ី ​ដោយបាន​ស្នើឲ្យ​ឯកឧត្តម​ សម​ រង្ស៊ី ​ពន្យល់ពី​អ្វីដែល​ឯកឧត្តម​ បាននិយាយ​នៅក្នុងវីដេអូ ​ឃ្លីប រយៈ​ពេល ​2 នាទី ​និង 47 វិនាទី​ ដោយបាន​លើកឡើង​ថា ​«បើចង់ចាប់​ចោរ​ ត្រូវចូល​កៀកចោរ​សិន»​។
នៅក្នុង​វីដេអូឃ្លីប​ដដែលនេះ ​ឯកឧត្តម​ សម​ រង្ស៊ី ​បានថ្លែង​ក្នុងន័យ​នយោបាយ​ ដោយវាយ​ប្រហារ​មកលើ ​សម្ដេចតេជោ​ ហ៊ុន សែន​ ដែលធ្វើឲ្យ​សម្ដេចយល់ថា​ គណបក្ស​សង្គ្រោះជាតិ​ កំពុងប្រើ​ល្បិច​ទុច្ចរិត​ ក្នុងការ​អនុវត្ត​វប្បធម៌​សន្ទនា ​រវាង​គណបក្ស​ប្រជាជន​ ដែលមាន​រូបសម្តេច​ជាតំណាង​ និង​ខាង​គណបក្ស​សង្គ្រោះជាតិ​ដែលមាន​ ឯកឧត្តម​ សម​ រង្ស៊ី​ ជាសមភាគី​។
ខាងក្រោម​នេះជាសារ​ដែល​សម្ដេច​តេជោ ​ហ៊ុន​ សែន​ បាន​សរសេរ​ផ្ញើតាម​ SMS ទៅកាន់​ឯកឧត្តម ​សម​ រង្ស៊ី​ ដើម្បី​សុំឲ្យមាន​ការបំភ្លឺ ​ឲ្យបាន​ច្បាស់ ​ពាក់ព័ន្ធ​ទៅនឹង​ខ្លឹមសារ​នៅក្នុង​ឃ្លីបវីដេអូ​ខាងលើ ​ដែលខ្លឹមសារ​មានន័យថា ​«នេះជាវប្បធម៌​សន្ទនា ​ដែល​ឯ.ឧ​ ចង់បាន​។​ ចង់បាន​ការបំភ្លឺ​ពីឯ.ឧ!​ ខ្ញុំមិនអាច​ទទួលយក ​ការបកស្រាយ​របៀបនេះ​បានទេ​ ខ្ញុំត្រូវ​ចាប់មេ​ចោរពិត​ នឹង​កូនចោរពិត​ ដែល​កំពុង​មានសំណុំ​រឿង​នៅតុលាការ​, សុំឯ.ឧ​ កុំពឹងពាក់​ដៃចោរ ​លើកលែង​ទោសឲ្យ​កូនចៅ ​ឯ.ឧ ​ទៀត​។​ សូមប្រាប់​ កឹម សុខា​ផង​ បើប៉ះ​ពាល់​ម្ដង​ទៀត ​CPP នឹង​បោះឆ្នោត​ទម្លាក់​ហើយ»
ថ្មីៗនេះ​បន្ទាប់​ពីមានការ​ជំរុញរបស់​ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ​សម្តេចតេជោ ​ឲ្យគណបក្ស​សង្គ្រោះជាតិ​ គោរព​តាមគោល​ការណ៍ ​នៃ​វប្បធម៌​សន្ទនា ​ឲ្យបានត្រឹមត្រូវ ​ជៀសវាង​ ម្នាក់ដើរតួ​ជាអ្នក​ចាប់ដៃ ​ដែលសំដៅ​ទៅលើ ​ឯកឧត្តម​ សម​ រង្ស៊ី ​និង​ម្នាក់ទៀត​ដើរតួ​ជាអ្នក​ជាន់ជើង​ ដែល​សំដៅ​ទៅលើ ​ឯកឧត្តម​ កឹម​ សុខា ​គេឃើញថា​ ដើម្បី​ឆ្លើយតប​និង​ការជំរុញ​របស់​សម្តេច​ខាងលើ ​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រកាស​ប្រកាន់​ជំហរ​ រក្សា​វប្បធម៌​សន្ទនា​ ដើម្បី​បង្រួម​បង្រួមជាតិ​ និង​ធ្វើការ​អភិវឌ្ឍន៍​ប្រទេសនេះ​ឲ្យរីកចំរើន​ដូច​ប្រទេស​ជិតខាង​។​
ផ្ទុយស្រឡះ​ពីការ​ប្រកាស​ជំហរ​របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែលបាន​លើក​ឡើងថា ​ខ្លូន​ប្រកាន់​យកជំហរ​ រក្សា​វប្បធម៌​សន្ទនា ​ដើម្បី​ភាពរីក​ចំរើន​នៃ​ប្រទេស​ជាតិ​ គឺ​វីដេអូឃ្លីប​វាយ​ប្រហារ​ទៅលើ​សម្ដេច​តេជោ ​ត្រូវបាន​គេបង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមថ្មី​ ដែល​ក្នុងវីដេអូឃ្លីប​នេះ ​គឺជា​សម្តីវាយ​ប្រហារ​ខ្លាំងៗ​របស់ ​ឯកឧត្តម​ សម​ រង្ស៊ី​ សំដៅ​មក​លើ​សម្តេច ​ហ៊ុន​ សែន៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment