Tuesday, May 05, 2015

មិទ្ទិញ​ខួបទី ១៥២ ទិវា​ពិភព​​លោក​កាក​​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខេត្ត​តាកែវ ប្រមូល​ថ​វិកា​​បាន​ចំនួន​ប្រមាណ​​ជិត ៤៤ម៉ឺន​ ដុល្លារ​​អាមេរិក


មិទ្ទិញ​អប​អរ​ខួប​ទី​១៥២ ទិវា​ពិភពលោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ថ្ងៃ​ទី០៨ ខែ​ឧស​ភា ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ “កម្លាំង​មនុស្សធម៌ : គោលការណ៍​គ្រឹះ​ក្នុងសកម្ម​ភាព” ដែល​បាន​ប្រារព្ធ​​ធ្វើនៅ​សួន​ច្បារ​មុខ​សាល​មហា​ស្រប ខេត្ត​តាកែវ ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៥ នេះ ប្រមូល​ប្រាក់​វិភាគទាន​បាន​ចំនួនជិត ៤៤ ម៉ឺន​ដុល្លារអាមេរិក។

ទិវានក្ខត្ថឬក្សថ្ងៃនេះ ធ្វើ​ឡើងក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួល​បន្ទុកទីស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី និង​លោក​ជំទាវ និង​មាន​ការ​ចូលរួម​ពី​មន្ដ្រី​អ្នក​មុខ​អ្នក​ការមក​ពី​ស្ថាប័ន​រដ្ឋ​សភា ព្រឹទ្ធ​សភា សមាជិក​រាជ​រដ្ឋាភិបាល​ អ្នក​ជំនួញ ដៃ​គូ​អភិវឌ្ឍន៍ ប្រជាពលរដ្ឋ សិស្ស និស្សិត យ៉ាង​ច្រើន​កុះ​ករ។

លោក ​ជំទាវ នូ សុវណ្ណនី អភិបាល​រង​ខេត្ត និង​ជាប្រធាន​គណៈកម្មាធិការកាក​បាទ​ក្រហម​កម្ពុជា ខេត្ត​តាកែវ បានអាន​នូវ​របាយការណ៍​បូក​សរុប​ពី​សកម្ម​ភាពនៃ​ការ​ងារ​មនុស្ស​ធម៌​ក្នុង​ ការ​ចុះ​ជួយ​ស​ម្រួល​ដោះ​ស្រាយដល់​ប្រជាពលរដ្ឋ​ ផ្ទុក​មេរោគអេដស៍ ជម្ងឺ​អេដស៍ ជន​ពិការ កុមារកំព្រា ​ស្ដ្រី​មេ​ម៉ា​យ និង​ចាស់​ជរាគ្មាន​ទីពឹង និង​​បាន​ជួយ​សង្រ្គោះ​​បន្ទាន់​ ដូច​ជា ខ្យល់​ព្យុះ គ្រោះ​មហន្ដរាយ អគ្គិភ័យ រន្ទៈ​បា​ញ់ លង់​ទឹក ការ​សង់​ផ្ទះ និង​បូមទឹក​ជួយ​សង្រ្គោះ​ស្រូវ​ជូ​ន​ប្រជាពលរដ្ឋ។​ សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​តាកែវ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន ៨០៥នាក់ ស្រី ៤៨៨នាក់ នៅ​គ្រប់​សាខា អនុសាខា ក្នុង ៣៧១​ភូមិ លើ ១១១៩ភូមិ។ ក្រៅ​ពី​នេះ សាខា​ ក៏​បាន​កសាង​យុវជនកាក​បាទ​ក្រហម​កម្ពុជាបាន​ចំនួន ៤០០៥នាក់ ស្រី ២៣៦៣នាក់ ទីប្រឹក្សា​យុវជន​ចំនួន ១០៨នាក់ ស្រី ៥៤នាក់ ទៅតាម​វិទ្យាល័យ​ចំនួន​ ៤៦សាលា។

ឯកឧត្តម ឡាយ វណ្ណៈ ប្រធាន​កិត្តិយសកាកបាទ​ក្រហម​កម្ពុជា ខេត្ត​តាកែវ បាន​ឡើង​អាន​សេចក្ដី​ថ្លែងការណ៍របស់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា ក្នុង​មិទ្ទិញ​ខួប​ទី១៥២ ដោយ​ជម្រាប​ឲ្យ​ដឹងថា ឆ្នាំ​នេះ ចលនា​អន្ដរ​ជាតិ​កាកបាទ​ក្រ​ហ​ម អឌ្ឍចន្ទ​ក្រហម បាន​ដាក់​ចេញ​នូវ​ប្រធានបទ “កម្លាំង​មនុស្សធម៌ : គោល​ការ​ណ៍​គ្រឹះ​ក្នុង​សកម្ម​ភាព” ​ គឺ​មាន​បំណង​គូស​បញ្ជាក់​នូវ​ភាព​សម​ស្រប​​នៃ​គោល​ការណ៍​គ្រឹះ​ដែល​នៅ​បន្ដ​ ជា​និរន្ដ នៅ​ក្នុង​សេវា​​កម្ម​មនុស្ស​ធម៌ និង​ជាមគ្គទ្ទេសដ៏​សំខាន់​ ក្នុង​ការ​បំពេញ​ការ​ងារ​របស់​ខ្លួន។

ជាង ​នេះ​ទៅទៀត ស្ថិត​ក្នុង​ការ​អនុវត្តវិស័យ​ស្នូល​​ទាំង ៤ នៃ​យុទ្ធ​សាស្ដ្រ២០១១-២០២០ របស់​កាក​បាទ​ក្រហមកម្ពុជា បាន​ និ​ង​កំពុង​បម្រើនូវ​សកម្ម​ភាព​មនុស្ស​ធម៌ដោយ​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​គោល ​ការណ៍​គ្រឹះ​ទាំង ៧ របស់​ចលនា​អន្ដរជាតិ​កាកបាទក្រហម អឌ្ឍ​ចន្ទ​ក្រហម គឺ​ក្នុង​ភាព​ជា​មនុស្ស​ធម៌ ភាព​គ្មាន​លំអៀង អព្យាក្រឹត​ភាព ឯករាជ្យភាព សេវា​កម្ម​ស្ម័គ្រ​ចិត្ត ឯកភាព និង​សកល​ភាព។

ឯកឧត្តម ​បណ្ឌិត​សភាចារ្យ ឧបនាយករដ្ឋមន្ដ្រី​ សុខ អាន បាន​មាន​ប្រសាសន៍ថា ចលនា​របស់​កាក​បាទ​ក្រហម​កម្ពុជា គឺ​ជា​ការ​ចូល​រួម​ពង្រឹង​វិស័យ​ស្នូល​ ដ៏​មាន​សារៈ​សំខាន់​ក្នុង​វប្បធម៌​ចែក​រំលែក និង​ការ​ជួយ​សង្រ្គោះ​គ្នា​ទៅវិញ​ទៅមក​ដូច​ជា​ គ្រោះ​មហ​ន្ដរាយ ទឹក​ជំនន់ ខ្យល់​ព្យុះ​ជាដើម។ល។ ដែល​សកម្ម​ភាព​មនុស្ស​ធម៌​ទាំង​នេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ និង​ជា​ការ​ចូល​រួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយភាព​ក្រីក្រ ​ជូន​ប្រជាពលរដ្ឋ​។

ឯកឧត្តម ​ឧបនាយករដ្ឋមន្ដ្រី បានមាន​ប្រសាសន៍សង្កត់​ធ្ងន់​ថា សកម្ម​ភាព​របស់​កាក​បាទ​ក្រហមកម្ពុជានឹង​សម្រេចជោគជ័យ​ក្នុង​ប្រតិបត្តិការ​ របស់ខ្លួន​ជា​បន្ដ​​បន្ទាប់ គឺ​ត្រូវ​តែពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់បន្ថែម​ទៀត នៅ​ពេល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ដោយ​បាន​ជំរុញ​ឲ្យ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្ត​តាកែវ ត្រូវ​កសាង​កាក​បាទ​ក្រហម​ឲ្យ​បាន​រឹង​មាំ​ និង​ចាត់​ចែង​ថវិកា​ស្ម័គ្រ​ចិត្ត ដែល​មាន​បាន​ពីសប្បុរសជនឲ្យ​បាន​តម្លាភាព។ ជាមួយ​គ្នានេះ ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ ក្នុង​សកម្ម​ភាព​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ជូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈ​ទេសៈ ត្រូវ​តែទាម​ទារ​ដាច់​ខាតនូវ​ការ​ពូន​​ផ្ដុំ​នៃ​កម្លាំង​មនុស្ស​ធម៌៕



No comments:

Post a Comment