Tuesday, May 05, 2015

អំពី​ប្រវត្តិ​ព្រះ​រាជ​ពិធីបុណ្យ ​«ច្រត់​ព្រះនង្គ័ល»

ព្រះ​រាជពិធី​បុណ្យច្រត់​ព្រះនង្គ័ល ត្រូវ​បាន​រៀប​ចំប្រារព្ធ​ឡើង​យ៉ាងអធិកអធម ជារៀង​រាល់​ឆ្នាំ​នៅ​ក្រោម​ព្រះ​អធិបតី​ភាព នៃ​ព្រះមហាក្សត្រ ប្រចាំនគរ រួមទាំង​មន្ត្រី អ្នក​មុខអ្នក​ការ និង​ប្រជា​នុ​រាស្ត្រគ្រប់ជាន់ថ្នាក់ មកពីគ្រប់ខេត្តក្រុងនៅទីលាន វាលព្រះមេរុនៅភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្តក្រុង​រាជ​ធានី​ នៅ​ទូ​ទាំង​ប្រទេស ដោយ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ ផ្លាស់​ប្តូរ​វេន​គ្នា​ ប៉ុន្តែ ជា​ញឹក​ញាប់​គេបាន​សង្កេត​ឃើញ​ថា ភាគ​ច្រើន​ពិធី​នេះ​ច្រើន​ធ្វើ​នៅ​វាល​ព្រះ​មេរុ
ព្រះរាជ​ពិធីនេះ ជាពិធី​មង្គល​មួយ​ដែល​ព្រះករុណា ព្រះមហាក្សត្រ ចាត់​ទុកថា ជាការ​ចាប់ផ្តើម ប្រកក់ ប្រសិទ្ធី ឲ្យ​ដល់​ប្រជាកសិករ ក្នុង​ការធ្វើ​ស្រែចម្ការ​នៅរដូវ​វស្សា ឲ្យទទួល​បាន​ទិន្នផល​ខ្ពស់ ព្រម​ទាំង​បង្ហាញ​ឲ្យប្រជាកសិករ​ទូទាំង​នគរឲ្យបាន​ដឹងថា ដល់ពេលដែល​ត្រូវ​ចាប់​ផ្តើម​ការ ដាំ​ដុះ​ហើយ ។
ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធឡើង​ដោយ​មាន​បុរសម្នាក់​ឈ្មោះ​ថា (ស្តេចមាឃ) ដែល​កាន់​នឹម និង​នង្គ័​​ល, និងស្ត្រីម្នាក់ ឈ្មោះថា (ព្រះម៉ែ មេ ហួរ) ដែលសាប​ពូជ​ស្រូវ ដើរ​តាម​ក្រោយ​នង្គ័ល។
គេមាន​ជំនឿថា ពិធីនេះ​ត្រូវបាន​គេរៀប​ចំតាម​លំនាំ​សាសនាព្រហ្មញ្ញ ដោយផ្សង​ទឹក​ភ្លៀង​តាម​រយៈការដាក់​ភោគ​ផល ឬ អាហារ៧យ៉ាង រៀបដាក់​តុ​ប្រាក់​ធំៗ តាំងទុកនៅ​ទីមុខ​ព្រះ​ពន្លា គឺ​គ្រាប់​ស្រូវ​១តុ គ្រាប់​សណ្ដែក១តុ គ្រាប់​ពោត​១តុ គ្រាប់​ល្ង១តុ ស្មៅស្រស់​១តុ ទឹក១​តុ ស្រា១តុ ដើម្បី​ឲ្យ​គោឧសុភរាជ​ស៊ីផឹក​តាម​ចិត្ត​រយៈពេល​ពេញ​មួយកម្មវិធី​ផ្សង​នេះ ។
ទាក់​ទងនឹង​ពេល​វេលា កាលពី​បុរាណ ពិធីនេះ​ត្រូវ​បាន​គេប្រារព្ធរយៈពេល​ ៣ថ្ងៃ។ តែ​ក្រោយ​​មក​ដោយកា​រវិវត្តជឿន​លឿន​ នៃ​សង្គម និង​ម្យ៉ាង​ដោយ​ព្រះរាជា មន្ត្រីដែល​ជា​អ្នក​មុខ​អ្នកការ រួមទាំង​ប្រជារាស្ត្រមាន​ភាពមមារញឹក​ផង​​នោះ ទើប​ព្រះរាជា បាន​សម្រេច​ការ​ប្រារព្ធ​ពិធីនេះ​មក​នៅ​ត្រឹមរយៈ​ពេល​មួយ​ថ្ងៃវិញ ពោល​គឺ​ចំថ្ងៃ ៤ រោច ខែពិសាខ ជា​រៀងរាល់ឆ្នាំ ។
សារៈសំខាន់ នៃបុណ្យច្រត់​ព្រះនង្គ័ល​មាន​ដូចជា៖
ជាពិធីមួយ​ដើម្បី​ផ្សង​ប្រផ្នូរ​កម្រិត​ទឹកភ្លៀង និងភោគផល​ប្រចាំ​ឆ្នាំ​នៅ​គ្រប់តំបន់ ខេត្ត​ក្រុង​ទូទាំង​នគរខ្មែរ​តាមរយៈ ការ សោយព្រះស្ងោយ​របស់​គោ​ឧសភារាជ ។
ជាសញ្ញាប្រាប់​ដល់​ប្រជានុរាស្ត្រខ្មែរ​ទាំង​អស់​ដែល​មានមុខ​របរជា​កសិករ អ្នកស្រែ​ចំការ​ឲ្យ​លោក​ដឹង​ថា ដល់​ពេល ដែល​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ស្រែចំការ​ហើយ ។
ជាពេលវេលាដែល​ព្រះរាជា ថ្នាក់​ដឹកនាំ​រដ្ឋ មាន​ឱកាស​ជួប​ជុំ សួរសុខ​ទុក្ខ​ប្រជា​រាស្ត្រ​ដែល​មាននាទី​ជាកសិករ ។
ជាពេលវេលាដែល​ថ្នាក់​ដឹក​នាំគ្រប់​ខេត្តក្រុង មាន​ឱកាស​រៀប​ចំការដាក់​តាំងភោគ​ផល​កសិ​កម្ម ប្រចាំ​ខេត្តក្រុង​របស់​ខ្លួន​ឲ្យមហាជន​បាន​ដឹង និងងាយ​ស្រួល​លក់​ភោគផល​នៅ​ពេល​ក្រោយ។
​ជាពេលវេលានៃ​ការដឹងគុណ​ព្រះម៉ែធរណី និង​ព្រះ​ភិរុណដែលបាន​បង្អុល​ទឹកភ្លៀង និង​ភោគផល​គ្រប់​គ្រាន់ នាពេល​កន្លងមក ។
ជាពេល​វេលា​នៃការបួង​សួង​សុំ​ទឹក​ភ្លៀង និង សុំ​ភោគផល​បានសម្បូរ​ហូរហៀរក្នុង​ឆ្នាំថ្មី​បន្ត​ទៀត ។
ជាពេលវេលាដែល​បង្ហាញ​ឲ្យឃើញពី​ទឹក​ព្រះទ័យ ឬការយក​ចិត្ត​ទុក​ដាក់​របស់​ព្រះរាជា និង​មន្ត្រី​គ្រប់ជាន់ថ្នាក់ ចំពោះ ប្រជារាស្ត្រទូទៅដែលជាកសិករ ។
គួរបញ្ជាក់ថា ប្រទេសខ្មែរ មានប្រភេទ​ស្រូវ​ល្បី​ច្រើន​មុខ​ស្ទើរ​រាប់​មិន​អស់​ដូច​ជា៖ ស្រូវ​សែន​ពិដោរ ស្រូវសូម៉ាលី ស្រូវផ្កាខ្ញី ស្រូវ​ផ្កាម្លិះ ស្រូវ​ផ្ការំដួល ស្រូវឆ្មាព្រុំ ស្រូវនាង​ម៉ិញ ស្រូវ​ដំណើ​បស ស្រូវដំណើបខ្មៅ ស្រូវខា ស្រូវ​ប្រដេញ​ទឹក ស្រូវឡើងទឹក ។ល។
ចំណែក​ប្រភេទ​សត្វ​ដែល​បម្រើ​ឲ្យការអូស​ទាញ​ក្នុង​វិស័យកសិកម្មរួម​មាន៖ គោ ក្របី សេះ ដំរី​​ដែល​សត្វ​ទាំង​នេះខ្មែរ និយម​ប្រើតាំង​ពីសម័យបូរាណមក​ម្លេះ ។
សរុបមក ពិធី​ច្រត់​ព្រះនង្គ័ល ពិត​ជា​មាន​អត្ថន័យ​ជ្រាល​ជ្រៅណាស់ សម្រាប់​ប្រទេស​កម្ពុជា​យើ​ង ដោយ​សារ​ពិធីនេះ ជាសកម្មភាព ឬដំណើរ​នៃ​ព្រះរាជា ដែល​ទ្រង់​សង្កត់​នង្គ័ល ដោយ​ព្រះហស្ថរបស់​ព្រះអង្គ ដើម្បីភ្ជួររាស់​ព្រះ​ស្រែជានិមិត្តរូប សម្រាប់​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ៕

អត្ថបទ៖ ច័ន្ទ ទេវី


 

No comments:

Post a Comment