Tuesday, May 05, 2015

រដ្ឋ​មន្ត្រីពីររូប​ ចូលឆ្លើយ​បំភ្លឺជា​បន្តបន្ទាប់នៅ​គណៈ​កម្មការរដ្ឋសភា​ ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី ​និង​ការធ្វើ​អាជីវកម្ម​ខ្សាច់​


រដ្ឋមន្ត្រី​ពី​ររូប​ គឺ​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល​ ប្រកាសចូលខ្លួន​​បំ​ភ្លឺ​ពាក់​ព័ន្ធនឹង​បញ្ហា​ទំ​នាស់​ដី​ធ្លី​ និង​ការ​ធ្វើ​អាជី​វកម្មខ្សាច់  ដែល​នៅរសៀល​ថ្ងៃ​ទី​៥  ខែ​ឧសភា ឆ្នាំ​២០១៥​នេះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ ចូលទៅ​បំភ្លឺ​ករណី​ដោះស្រាយ​ទំនាស់​ដីធ្លី​ នៅក្នុង​ខេត្តកោះកុង ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ចិន Union development Group នៅ​ចំពោះមុខ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋសភា។​

ការចូលខ្លួន​បំភ្លឺនេះ ​ធ្វើឡើង​តាម​ការកោះអញ្ជើញ​របស់​ឯកឧត្តម អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទីមួយ​នៃ​ រដ្ឋ​សភា​ ដែលឯកឧត្តម អេង ឆៃអ៊ាង បាន​ឲ្យ​ដឹង​ថា លោក​ចង់ដឹង​អំពី​ការវិវត្ត​នៃ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុងករណីនេះ ខណៈ​លោក​សង្កេតឃើញថា វា​ហាក់​មាន​ភាពស្ងាត់ស្ងៀម។

ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិរូប​នេះ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ធ្លាប់បាន ​ជួបពិភាក្សា​ជាមួយ​លោក​អភិបាលខេត្ត និង​លោក​រដ្ឋមន្ត្រី​រួចហើយ លើ​ករណីនេះ ប៉ុន្តែ​ហាក់ដូចជា​គ្មានអ្វី​ទៅមុខ។ ផ្ទុយទៅវិញ ខ្ញុំ​មានតែ​ទទួល​ព័ត៌មាន​ដែលថា ក្រុមហ៊ុន​នៅតែ​បន្ត​ឈូសឆាយដី​ប្រជាជន បើទោះជា​មាន​អនុ​ក្រឹ​តរបស់រាជ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ផ្អាក​ការ​ឈូសឆាយ​ ក៏ដោយ»

ក្រុមហ៊ុន Union Development Group បានទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ជាង៤ម៉ឺន​ហិច​តា ដែល​ឯកឧត្តម អេង ឆៃអ៊ាង អះអាង​ថា វា​បាន​ចូលក្នុង​ផ្ទៃដី​នៃ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ទៀតផង ហើយ​ថា រហូតដល់​ពេលនេះ ក្រុមហ៊ុន​បាន​កសាង​ផ្លូវ​មួយ សណ្ឋាគារ និង​កន្លែង​លេង Golf

ឯកឧត្តម អេង ឆៃអ៊ាង បាន​អះ​អាង​ថា  មានប្រជាជន​ជាង៣០០គ្រួសារ​ដែល​មិន​ព្រម​ទទួល​សំណង និង​ចង់​ឲ្យ​ក្រុមហ៊ុន​ឆ្វៀល​ដី​ឲ្យ​ពួកគេ ក៏​ក្រុមហ៊ុន​មិនបាន​ធ្វើ» ហើយ​ឯកឧត្តម អេង ឆៃអ៊ាង ដោយ​បន្ថែមថា លោក​បានទទួល​ព័ត៌មាន​នានា​ដែលថា មាន​ភាពអយុត្តិធម៌​ខ្លាំង​នៅក្នុង​ការដោះស្រាយ​សំណង​ដល់​ពលរដ្ឋ​ម្ចាស់​ដី​ ដែល​ព្រម​ទទួល​សំណង។
ចំ​ណែក​រដ្ឋមន្ត្រី​មួយ​រូប​ទៀត គឺឯកឧត្តម ​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាម​ពល​ នឹង​ឆ្លើយតប​ពី​ការដេញថ្លៃ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ​២០១៥ ខាង​មុខ។
តាម​ព័ត៌មានបាន​ឲ្យដឹង​ថា រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពលរូប​នេះ  នឹង​ជួបប្រជុំ​ជាមួយក្រុម​​អាជីវករ​ខ្សាច់​ម្តងទៀត នៅ​ថ្ងៃទី១២ ខែឧសភា ដើម្បី​ពិភាក្សា​អំ​ពី​បញ្ហា​ពាក់​ព័ន្ធ​។
 
យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល ជំនួប​ប្រជុំ​នេះ នឹង​ឆ្លើយតប​ទៅកាន់​អាជីវករ ជុំវិញ​ការដាក់​ដេញថ្លៃ​ធ្វើ​អាជីវកម្ម​ខ្សាច់​ចំនួន៤ឡូត៍ នៅ​តំបន់​ប្រឡាយ​ស្តៅ-តា​ឯក ដែល​ស្ថិតនៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម និង​ស្រុក​មុខកំពូល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមបញ្ជាក់ថា​ កាលពីដើម​ខែមេសា ក្រសួង​រ៉ែ និង​ថាមពល និង​ក្រុម​អា​ជីវ​ករ​ដែលមាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល បាន​ឯកភាពគ្នា​ផ្អាក​ការធ្វើ​អាជីវកម្ម​រយៈពេល៣ទៅ៦ខែ។ ការផ្អាក​នេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​ក្រសួង​ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់​នានា មុននឹង​សម្រេច​ឲ្យ​ដំណើរការ​អាជីវកម្ម​ឡើងវិញ។

ការសម្រេច​ផ្អាក​នេះ បានធ្វើ​ឲ្យ​បរិមាណ​ផ្គត់ផ្គង់​ខ្សាច់​នៅលើ​ទីផ្សារ​ថយចុះ ធ្វើ​ឲ្យ​តម្លៃ​ខ្សាច់​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ ដូច្នេះ ដើម្បី​រក្សា​តម្លៃ​ខ្សាច់​នៅលើ​ទីផ្សារ ក្រសួង​បានប្រកាស​ដាក់​ដេញថ្លៃ​ជា​សាធារណៈ​ជ្រើសរើស​ក្រុមហ៊ុន ​ក្នុង​ និង​ក្រៅ​ស្រុក ដើម្បី​ធ្វើ​អាជីវកម្ម​ខ្សាច់ និងឲ្យដំណើរការ​ដេញថ្លៃ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី២៩ខែឧសភា​ខាងមុខ ប៉ុន្តែ រាល់​ការ​ធ្វើ​អាជី​វកម្ម​បូម​ខ្សាច់​នេះ គឺ​ឲ្យ​ធ្វើ​ចរាចរណ៍​សម្រាប់តែ​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ  គឺ​មិន​អនុញ្ញាតិ​ឲ្យ​មាន​ការ​នាំ​ខ្សាច់​ចេញ​យក​ទៅ​លក់​នៅ​ឯក្រៅ​ប្រទេស​ឡើយ៕

No comments:

Post a Comment