Wednesday, January 21, 2015

សម្តេច​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត និង​​គណៈ​ប្រតិភូ អញ្ជើញ​ដល់​ទីក្រុង Zurich ប្រទេស​​ស្វីស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បាន​អញ្ជើញទៅដល់ចំណត​អាកាសយានដ្ឋានអន្តរជាតិZurich ទីក្រុងZurich ប្រទេសស្វីស ប្រកប​ដោយសុវត្ថិភាព កាលពីវេលា​ម៉ោង ៦និង៥៥នាទី ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស ត្រូវនឹងម៉ោង១២និង៥៥នាទី ម៉ោងនៅ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ដើម្បីចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១៥ នៃ​វេទិ​កាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នៅទីក្រុង Davos Kloster ដែល​នឹង​ប្រារព្ធ​​ធ្វើឡើងនៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ​២០១៥។ តាមកម្មវិធីដែល​បាន​គ្រោង​ទុក កិច្ច​ប្រជុំកំពូលប្រចាំឆ្នាំលើកទី៤៥នេះ នឹងមានការចូលរួម​ពី​មេ​ដឹកនាំពិភពលោកប្រមាណ​៤០​ប្រទេស បណ្តាវិជ្ជាករ សង្គមស៊ីវិល និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២​ពាន់៥០០នាក់ ក្នុងគោល​បំណងចែករំលែកការយល់ដឹង គំនិតផ្តួចផ្តើម និងសកម្មភាពចាំបាច់មួយចំនួន ដើម្បី​​ឆ្លើយតបទៅនិងបញ្ហា​ប្រឈម ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន​ដែលមាន​ប្រធាន​បទសំខាន់គឺ សន្តិ​សុខស្បៀងសកលលោក (គោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ២០១៥)។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមេដឹកនាំ​ដទៃទៀតដែររបស់ពិភពលោក នឹងថ្លែងសុន្ទរកថា​គន្លឹៈ​ចំនួន៣ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភព​លោកលើកទី៤៥នោះ សុន្ទរកថាគន្លឹៈទី១ ថ្លែងក្នុងពិធីបើក​វេទិកា​វិនិយោគ នៃវេទិកាសេដ្ឋកិច្ច​ពិភពលោក ក្រោមប្រធានបទ កម្ពុជា ៖ សករាជថ្មីនៃ កាលានុវត្តភាព កំណើន ការ​ផ្លាស់ប្តូរ និង​សមាហរណកម្មអាស៊ាន។ សុន្ទរកថាគន្លឹៈទី២ ថ្លែងនៅក្នុងពិធី បើកវេទិកាសេដ្ឋកិច្ច​ពិភព​លោក ក្រោមប្រធានបទ សន្តិសុខស្បៀងសកលលោក (គោលដៅអភិវឌ្ឍន៍ប្រ កបដោយ​ចីរភាពសម្រាប់​ឆ្នាំ២០១៥) និងសុន្ទរកថាគន្លឹៈទី៣ ថ្លែងនៅក្នុងវរទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ តើសេដ្ឋកិច្ច​អាស៊ានទទួលផលប្រយោជន៍ពីសមាហរណកម្មក្នុងតំបន់ ដ៏​ទូលំ​ទូលាយ​យ៉ាងដូចម្តេច ក្នុងបរិការណ៍​សេដ្ឋ​កិច្ចសកលលោកថ្មី។

ជាមួយគ្នានេះ​ក្រៅពី​អញ្ជើញចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ ប្រចាំ​ឆ្នាំ២០១៥ សម្តេចតេជោនាយករដ្ឋមន្រ្តី មានគំរោងជួបសន្ទនា និងពិភាក្សាការងារជាមួយ​នឹង​បណ្តា​មេ​ដឹក​នាំ​ដទៃទៀតរបស់ពិភពលោក ដែលបានអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំប្រចាំ​ឆ្នាំ​២០១៥ នៃវេទិកាសេដ្ឋ​កិច្ច​ពិភពលោកលើកទី៤៥ នៅទីក្រុងដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស៕





No comments:

Post a Comment