Wednesday, January 21, 2015

បទអត្ថាធិប្បាយ អត្ថបទៈ លី​ ចិន្តា៖ តើនរណា​ជា​អ្នក​បំផ្លាញប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា?

ចរន្ត​នៃ​ការបង្កើតគណបក្សមូលដ្ឋានតាម​បណ្តា​ខេត្ត​ក្រុង​ ដោយ​ក្រុម​ លោក កែម ឡី ចេញ​មក​ពី​បណ្តាញ​«ខ្មែរដើម្បីខ្មែរ»​​​​​​​​​ និងការយាង​សម្តេច​ក្រុម​ព្រះ​នរោត្ត​មរណ​ប្ញទ្ធិ​ជាប្រធាន​ «គណ​បក្ស​ហ៊្វិន​ស៊ិន​ប៉ិច» បានទទួលរងនូវការវាយប្រហារយ៉ាងខ្លាំង ពីគណបក្សប្រឆាំងតាម​រយៈ​សកម្មភាព​របស់​ពួក​គេ​ខណៈ​ពេល​​ជួប​ជា​មួយ​សកម្មជន​នៅ​តាម​ទី​សាធារណៈ​ និង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មិន​ឯករាជ្យ​មួយ​ចំ​នួន។

យុទ្ធនាការ​ចុះ​មូល​ដ្ឋាន​យ៉ាង​តក់​ក្រហល់របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ និង​ការ​ផ្ញើ​សារ​ខ្លាំងៗ វាយ​ប្រហារ​ លាបព៌ណ និង​ចោទ​ប្រកាន់​មកលើគេឯង ថា ជា​អាយ៉ង​អ្នក​នេះជា​អាយ៉ង​អ្នក​នោះ​ គឺ​ក្នុង​គោលបំណងតែ​ម៉្យាង​គត់​ដែល​គេដឹង​ថាបក្ស​ប្រឆាំង​ប្រឹង​បង្កើន​ល្បឿន ដើម្បី​​ទប់ស្កាត់មិន​ឲ្យមានការ​បោះ​ឆ្នោត​តាម​បែបប្រជា​ធិបតេយ្យ ​សេរី​ពហុបក្ស និងអាច​ថា ជា​​ការ​ភ័យ​ព្រួយពី​ការ​បាត់​បង់​ប្រជា​ប្រីយភាព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។

ប៉ុន្តែ សកម្មភាព​កំ​រោល​ចូល​ និង​ការ​ប្រើ​ហិង្សាដោយ​ពាក្យ​សម្តី​មក​លើ​គណបក្ស​កាន់​អំ​ណាច​ និង​ការ​ទប់​មិន​ឲ្យ​មាន​ការ​បង្កើត​គណបក្ស​តូច​ៗ រួម​ទាំង​ការ​ប្រើ​វោហាស័ព្ទ​វាយ​ប្រហារ​ទៅ​លើ​បក្ស​តូច​ៗ ថា ដូច​ជា​សម្រាម គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​សារជាតិ​ពិសពុល​របស់​បក្ស​ប្រឆាំង​ដែល​ភ្លេចកំ​ណើត​ដើម​របស់​ខ្លួន​ ក្នុង​ន័យ​ថា​ អតី​តកាល​ក្រុម​មេដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​ គឺ​សុទ្ធ​តែ​ធ្លាប់​ជា​សមាជិក​ចូល​រួម​ជា​មួយ​គណ​បក្ស​​ហ៊ុន ស៊ីន​ប៉ិច​ ដែរ​នោះ​។ នេះ មិន​ខុស​អ្វី​ពី​ការ​ប្រមាថ មេបា និង​កំ​ណើត​ខ្លួន​ឯង​នោះ​ឡើយ​។

គេនៅ​ចាំ​បាន​ថា ក្រោយ​ដឹង​លទ្ធផល​បោះ​ឆ្នោត​ថា បក្ស​ខ្លួន​ចាញ់​ គណបក្ស​សង្គ្រោះ​ជាតិ​ បានធ្វើ​ពហិការ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត និង​បាន​បង្ក​នូវ​ភាព​ចលាចល តាម​រយៈការ​បង្កើត​ព្រឹត្តិការណ៍​ហិង្សានានានៅ​តាម​ដង​ផ្លូវ​ ដែល​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​ និង​របួស និង​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​​ឯកជន​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ​ លាយ​ឡំ​ជា​មួយ​និង​ការ​ប៉ុនប៉ងធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក ហ៊ុន សែន​ ដោយ​ការ​ដើរស្រែក​អាក្រោក​ ដូច​ជា​ ហ៊ុន សែន​ អើយ​ចុះ​ចេញ​ទៅ​ជា​ដើម​។ ជា​ង​នេះ​ទៅ​ទៀត​ បបូរ​មាត់​របស់​បក្ស​ប្រឆាំង​ បាន​បំ​ភ័ន្ត​សាធារ​ណៈមតិ​ជាតិ និង​អន្តរជាតិ​ ដោយ​ចោទ​ប្រកាន់​ថា រាជ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​រដ្ឋ​សភា​ ជា​សភា​ឯកបក្ស​ ខណៈដែល​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ មាន​គណបក្ស​នយោបាយ​ចំ​នួន​៨​ចូល​រួម​ប្រកួត​ប្រជែង។

បក្ស​ប្រឆាំង​ បាន​ជ្រើសយក​វប្បធម៌​ភូត​ហើយ ភូត​ទៀត ភូតភកុហក ធ្វើ​ជា​មធ្យោ​បាយ​បំ​ពុល​សាធារណមតិ អំ​ពី​ ពាក្យ​ថា ឯកបក្ស​ ៗ ជាប់រហូត​មក​ ប៉ុន្តែ​នៅ​ពេល​​ពួក​គេបោក​ប្រជាពលរដ្ឋ​អស់​ស្នៀត ក្នុង​ល្បិចតថ្លៃ​តំ​ណែង​ បាន​ស្ថិត​នៅ​កាន់​តែ​ឆ្ងាយ​ពី​ផ្លូវ​ច្បាប់​ និង​អាច​នាំ​ឲ្យ​វឹក​វរក្នុង​សង្គម​កាន់​តែ​ខ្លាំង ក៏​សុខចិត្ត​ដើរ​ចូល​សភា​ ទាំង​បំ​ពានសម្បថនៅ​ឯខេត្ត​សៀម​រាប​ និង​បច្ចុប្បន្នមេដឹក​នាំ​ទាំង​ពីររូប​បាន​ទទួល​ដំ​ណែង​​ខ្ពស់​ៗក្នុង​រដ្ឋ​សភា​ ខណៈដែល​អ្នក​តស៊ូ​ធ្វើ​បាតុកម្ម​ស្ថិត​ក្នុង​ការ​បាក់​ស្បាតដោយ​ចាញ់​កល​ឃោស​នា​បោក​ប្រាស់​ និង​ខូច​ខាត​អស់​ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួសារ​ជា​ច្រើន​។

និយាយ​មក​បរិបត់​ថ្មី​ នៅ​ពេល​នេះ សួរ​ថា « ហេតុ​អ្វី​ក៏​គណបក្ស​ប្រឆាំង​ភ័យខ្លាច នឹង​ការ​ចូល​រួម​របស់​គណបក្ស​នយោបាយតូច​ៗទៅ​វិញ?​ តើ ​ស្មារតី​ដើមរបស់​ខ្លួន​ ដែល​ចង់​បាន​សេរី​ពហុបក្ស​ ពួក​គេទុក​នៅ​ទី​ណា​ ហេតុ​អ្វី​បាន​ជា​ពួក​គេ ជ្រើសរើសយក​របៀប​ផ្តាច់​ការ​ និង​ចង់​វិល​ត្រឡប់​ទៅ​រក​ឯកបក្ស ខុសពី​គោល​ការ​ណ៍​ច្បាប់ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញទៅ​វិញ​? សន្លឹក​បៀនេះ មិន​អាច​លេង​ក្នុង​ពេល​នេះ​បាន​ទៀត​ទេ ក្នុង​ន័យ​ថា បក្ស​កាន់​អំ​ណាច​គេបាន​ស្គាល់​ស្នៀត​នោះ និង​បាន​កាច់​បំ​បាក់​ហើយ​។

​ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ចរិតផ្តាច់ការនេះ ត្រូវ​គណបក្សប្រឆាំងខ្លួន​ឯង​ គឺ​ជាអ្នក​យក​មក​អនុវត្តន៍មុនគេ នៅស្របពេល​ដែល​រាជ​រដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា​ បាននិង​កំពុងលើក​តម្កើង​ឲ្យ​មាន​ការ​ចូល​​រួម​នយោបាយពី​បក្សដទៃឲ្យ​បាន​ច្រើន​ ក្នុងស្មារតី ដើម្បីដំណើរ​ការប្រព្រឹត្ត​ទៅដោយសេរី ត្រឹម​​ត្រូវ យុត្តិធម៌ តាម​ការ​បោះឆ្នោតដែលមានលក្ខណៈសេរីពហុបក្សនៅ​កម្ពុជា​។

បក្សប្រឆាំងដែលតែងប្រកាសសម្ញែង​ខ្លួនឯងថាជាគណបក្សប្រជាធិបតេយ្យ ប៉ុន្តែ របៀបនៃការ​ដឹកនាំ​ គឺ​បែរជា​មានចរិតផ្តាច់ការទៅ​វិញ​ ។ ឯណា​ទៅ​ជា​សុចរិត​ភាព​ក្នុង​ឋានៈជា​គណបក្ស​នយោបាយ​ដែល​ថា យក​ប្រជាពលរដ្ឋ​ជាធំ​? ការ​ពិត​ បក្ស​ប្រឆាំង​ បាន​និង​កំ​ពុង​បោកប្រជា​រាស្ត្រ​ទាំង​ស្រស់​ៗ និង​គ្មាន​នូវ​មនសិការស្រឡាញ់​ជាតិ​ដោយ​ស្មោះ​ឡើយ។ មាន​ការ​ទំ​លាយ​នូវ​រឿង​រ៉ាវ​មួយ​ចំ​នួន​ក្នុង​បក្ស​ ដូចជា ការ​កិប​កេងកាន់កាប់លុយមូលនិធិក្នុងបក្សដោយ​លោក កឹម សុខា និង​បក្ខពួក​  ការឈរឈ្មោះ​ដើម្បី​ទទួល​​តំណែង​ធំៗ នៅក្នុងរដ្ឋសភាក្តី ឬជា​ប្រធាន​​សភាភាគតិចក្តី គឺក្រៅអំពីខ្លួនឯងគ្មាន​ឲ្យនរណា​ទាំង​អស់​ និង​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ពុក​រលួយ​លុយ​រាប់​លាន​ដុល្លារ​ គឺ​អាច​ផ្តើម​ចេញ​ពី​មហិច្ឆតារបស់​មេ​បក្ស​​ទាំង​ពីរ កឹម សុខា និង​សម រង្ស៊ី ហ្នឹង​ឯង​ គឺ​ពួក​គាត់​បាន​ស្ម័គ្រចិត្ត​ដើរតាម​លទ្ធិ​ផ្តាច់​ការ​ និង​បក្ខ​ពួក​និយម​គ្រប់​កាលៈទេសៈ រី​ឯសកម្មភាព​ខាង​ក្រៅ​មើល​ទៅ​ពួក​គាត់​ដូច​ជា​បុគ្គល​ស្អាត​ស្អំ​​ ប៉ុន្តែ សារជាតិ​ពិត​ គឺ​ស្អុយ​គគ្រុក​។

ការ​រៀប​រាប់​ទាំង​អស់​នេះ គឺជា​​ចំ​នុច​ត្រួសៗនៃ​យុទ្ធ​សាស្ត្រក្តោបអំណាច បើនរណាហ៊ាន​និយាយ​ការពិតត្រូវតែគេបណ្តេញចេញពី​បក្ស​ ។ ក្នុង​បញ្ហា​នេះ មាន​លោកស្រី​ ឡាក់ សុភាព​ ជា​ឧទាហរណ៍​ស្រាប់។​ ចរិតដឹកនាំផ្តាច់​ការ និងគ្មានគោលការណ៍ច្បាស់លាស់នេះហើយ ត្រូវបានមន្ត្រី​អង្គការ​សង្គម​​​​ស៊ីវិលមួយ​ចំ​នួន​​​ដែលធ្លាប់តែគ្រាំទ្រ ក្រោយដឹងថា ចាញ់ឧបាយកលប្រជាភិថុតិ គេក៏លែងគ្រាំទ្រ និងពួក​គេក៏មានចលនាបង្កើតគណបក្សថ្មីដោយខ្លួនឯងដែរ។ ប៉ុន្តែ រឿង​ដ៏​ចំ​លែកនោះ​គឺ​នៅពេលសកម្មភាព​បង្កើត​​​គណបក្ស​មូលដ្ឋាន បាន​និង​កំ​ពុង​ប្រព្រឹត្តទៅ​ បក្សប្រឆាំង​បែរជាចាត់ទុ​កពួក​នោះ​ថា ជា​សត្រូវ​របស់​ខ្លួនទៅវិញ គឺបាន​ន័យ​ថា « អ្នកណាក៏ដោយ បើមិនរណបខ្លួន មិនគ្រាំទ្រខ្លួន គឺ​ត្រូវចោទថាជា «អាយ៉ង»​អ្នកនេះអ្នកនោះ»។

ការ​រៀប​រាប់​ទាំង​នេះ គឺជាការលាប​ពណ៌​​​​ទៅ​លើគណបក្សដទៃ ដើម្បីលាក់បាំងនូវអំពើ​អាក្រក់​របស់​ខ្លួនដែល​មានពាក់ព័ន្ធទៅនឹងការ​ធ្វើប្រជាភិ​ថុតិ​ ភូត​កុហក អំ​ពើ​ពុក​រលួយ​នានា ក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោតកន្លងមក តាមរយៈការសន្យាខ្យល់ ដោយ​ភ្ជាប់នូវសកម្មភាពញុះញង់​អោយ​មាន​កា​រ​រើសអើង​ជាតិ​សាសន៍ ថែមទាំងដុតបញ្ឆេះកំហឹងអោយមានហឹង្សាលុបបំបាត់​វប្បធម៌សន្ទនានូវអ្វី​ដែល​ខ្លួន​បាន​សន្យា​​ចំពោះ​​មុខ អ្នកតំណាងប្រជាពលរដ្ឋនៅក្នុងរដ្ឋសភាកាលពី​ពេល​កន្លង​មក​។

 នយោបាយរបស់បក្សប្រឆាំងដែលមិនចង់ឲ្យបក្សដទៃដំណើរការបានដោយសេរី និងពហុបក្ស និង​ថា មានតែគណបក្សខ្លួន ទើបមានសមត្ថភាពដឹកនាំប្រទេស គឺត្រូវ​បាន​មជ្ឈដ្ឋានទូរទៅវាយតម្លៃថា គណបក្សប្រឆាំង​ គឺជាគណបក្សផ្តាច់​ការ​ គ្មានជំហរដឹកនាំច្បាស់លាស់ ទើបជាហេតុ​បណ្តាល​មាន​ចរន្ត​នៃការ​ចាក​ចេញពី​បក្ស​ ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំ​ណាច ។ ដូចនេះ គណ​បក្សប្រឆាំងមិនអាច​យក​គណបក្សដទៃ ឬយកអ្នកដែលមិនគ្រាំទ្រ មក​ចាប់​ធ្វើជា​ចំណាប់​ខ្មាំង​គណបក្សនយោបាយ​របស់ខ្លួន​នោះទេ ពីព្រោះ សិទ្ធិ​សេរីភាព​នៅក្នុង​ការ​បង្កើត​គណ​បក្ស​នយោបាយ គឺ​ជា​ការ​អនុវត្ត​ស្របតាមរដ្ឋធម្មនុញ្ញ  ក្នុង​មាត្រា៥១ ចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ហើយ​ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់​វាសនា​នៃប្រទេសជាតិរបស់ខ្លួន» យោងលើ​មាត្រា​នេះ បាន​បញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាចាំចាច់ត្រូវមានគណបក្សនយោបាយច្រើនចូលរួម គឺ​មិនអាចមានបក្សតែមួយ និងពីរបក្ស​មកធ្វើការ​ប្រកួត​ប្រជែង​គ្នាបាននោះទេ។

 បើទោះបីគណបក្សប្រឆាំង កំពុងខិតខំប្រឹងប្រែងឃោសនានៅតាមមូលដ្ឋានដោយប្រើហេតុផល​ បំផ្លាញសេរីពហុបក្ស បំផ្លាញវប្បធម៌សន្ទនា ដើម្បីបង្ខំអោយគេគ្រាំទ្រខ្លួនទាំងទទឹងទិស ក៏ដោយ ប៉ុន្តែ នយោបាយ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ គឺ​លទ្ធផល​នឹង​អាច​នាំ​ឲ្យ​បក្ស​ប្រឆាំង​ធ្លាក់ប្រជា​ប្រីយភាព​កាន់​​តែ​​ខ្លាំង​។ « គ្មាន​នរណាមួយសុខចិត្តដើរតាមមេបក្សនយោបាយដែលគ្មានគោលជំហរច្បាស់លាស់ និង​ក៏​មិនមាន​នរណា​ម្នាក់​ខ្ចីដង្ហើមគេដកនោះទេ» បើ​ពួក​គេមាន​សមត្ថភាព និង​មាន​សតិសម្បជញ្ញៈ ពេល​វេលា​បាន​ផ្លាស់​ប្តូរ​ទស្សនរបស់​ពួក​គេ គឺ​ពួក​គេនឹង​មិនចាញ់ឧបាយកលក្រុម​ប្រឆាំង​ទៀត​ឡើយ ប៉ុន្តែ​ជាជំ​នួស​វិញ​ គឺ​អ្នក​មាន​ឆន្ទៈទាំង​នោះ បាន​យកឱកាសនេះ រួមចំណែកដោយផ្ទាល់ក្នុង​ការ​បង្កើត​គណបក្ស​នយោ​បាយ​ ហើយ​ការ​​បង្កើត​នូវ​គណបក្ស​នយោបាយ​ច្រើន គឺត្រូវ​បាន​គណបក្សកាន់អំណាចសំ​ដែង​ការ​ស្វាគមន៍ ​ខុសអីតែ​គណបក្សប្រឆាំង​ចោទ​ប្រកាន់​ទៅអ្នក​ដែលជម្រុញឲ្យមាន​ពហុបក្សបែរជាត្រូវចាត់​ទុក​ថា​​ជា«សត្រូវ» នេះ​បង្ហាញ​ពី​រូបភាព​ផ្តាច់​ការ​។

ដូចនេះ អ្នក​ដែល​បំ​ផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា​ គឺ​អាច​កើត​ចេញ​ពី​មហិច្ឆតា​ល្មោភអំ​ណាច​ដ៏​គ្មាន​ព្រំ​ដែន​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​នេះឯង ដែល​ពួក​គេ​កំ​ពុង​តែយក​គំ​រូ​មនុស្ស​ជំពូក​​ផ្តាច់ការ​និយម​ជ្រុល ដែល​ជា​ការ​អនុវត្តច្បាប់ព្រៃ​ ​ មក​លុបបំបាត់​ចោល​នូវ​តម្លៃ​នីតិរដ្ឋ​ ​នៅ​កម្ពុជា​។

សូម​ពលរដ្ឋ​ខ្មែរពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ចំ​ពោះ​តម្លៃ​នៃ​សន្លឹក​ឆ្នោត​របស់​ខ្លួន​ សម្រាប់​អណត្តិ​ខាង​មុខ ដើម្បី​បញ្ចៀស​បាន​នូវ​ការ​ចាញ់​ឧបាយកល​បោក​ប្រាស់​របស់​អ្នក​នយោបាយ​មួយ​ចំ​​នួន ៕


អត្ថបទៈ លី​ ចិន្តា (​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​គោល​ការណ៍​នីតិរដ្ឋ​នៅ​កម្ពុជា​)

No comments:

Post a Comment