Wednesday, January 21, 2015

ឯកឧត្តម ឈាង វុន៖ ឯកឧត្តម សម រង្ស៊ី គឺ​ជាអ្នក​ដែល​អាច​ពិភាក្សា​ចុះ​​សម្រុង​គ្នា​ជា​​មួយ​​សម្តេច​តេជោ ហ៊ុន សែន​

ពាក់​ព័ន្ធ​នឹងតួនាទីថ្មីរបស់ឯកឧត្តម សម រង្ស៊ី តាមរយៈបទសម្ភាសន៍ ជាមួយ​បណ្តាញ​ព័ត៌មានរាជរដ្ឋាភិបាល GNN នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥នេះ ឯកឧត្តម ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភាបានមានប្រសាសន៍ថា ក្នុង​ បទបញ្ជាផ្ទៃក្នុងរដ្ឋសភាដែលទើបតែកែថ្មី គឺប្រធាន​គណបក្សដែលមិនចូលរដ្ឋាភិបាល​ មានសម្លេងភាគតិចមានឋានៈស្មើនាយករដ្ឋមន្ត្រី ហើយ​មូលហេតុ ដែលរដ្ឋសភា​រៀបចំបែប​នេះគឺដើម្បីឲ្យគណបក្សដែលមាន​សម្លេងភាគតិច មាន​លទ្ធភាពធ្វើយ៉ាងណាក៏ដោយ​នៅ​ក្នុង​ គណបក្សដែលមានសម្លេងភាគតិចរបស់គាត់ហ្នឹង គឺ​មានប្រធាន១រូប​ ដើម្បីជួបផ្ទាល់​ជាមួយ​នាយករដ្ឋមន្ត្រី ក្នុងការ​ជជែកពិភាក្សា​លើបញ្ហា​នា​នា​ ដែល​ក្រុមមតិភាគតិច​របស់​គាត់មានសំណូមពរ រឺចង់លើកឡើង។
ឯកឧត្តម ឈាង វុន ក៏បានលើកឡើងផងដែរថា ឥឡូវនេះគេច្រើនមានការ​ភាន់​ច្រឡំ​នៅក្នុងសភា អ្នកខ្លះថា ឯកឧត្តម កឹម សុខា ខ្លះថា ឯកឧត្តម សម រង្ស៊ី ព្រោះ​ឯកឧត្តម​កឹម សុខា គាត់មានតួនាទីជាអនុប្រធានរដ្ឋសភា ហើយឯកឧត្តម សម រង្ស៊ី គាត់ជា​សមាជិក​សភាធម្មតា។ ឯកឧត្តមសង្កត់ធ្ងន់ថា ការអនុវត្តបែបនេះ ក៏ជាស្មារតី​គោរព​កិច្ច​ព្រម​ព្រៀង ថ្ងៃ​ទី២២ កក្កដា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកន្លងទៅ​ គឺ​ធ្វើការ​ សម្របសម្រួលធ្វើយ៉ាងណាឲ្យមានការទទួលស្គាល់តួនាទីរបស់គណបក្សភាគតិច ក្នុងរដ្ឋសភា ដើម្បីអាចធ្វើការជាមួយគ្នាបាន។ ​ដូច្នេះអ្នកដែលអាចពិភាក្សាចុះ​សម្រុងគ្នាជា​មួយ​សម្តេចតេជោបាន គឺមានតែឯកឧត្តម សម រង្ស៊ី ម្នាក់ប៉ុណ្ណោះ
ឯកឧត្តម ឈាង វុន គូសបញ្ជាក់ថា តាមរយៈតួនាទីថ្មីនេះ ឯកឧត្តម សម រង្ស៊ី មិន​មាន​សិទ្ធិអំណាចអ្វីទេ ហើយនៅក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា​ដែលបានធ្វើវិសោធនកម្ម​កន្លង​ទៅនេះ ក៏មិនមានសរសេរពី សិទ្ធិអំណាចរបស់គាត់ដែរ ប៉ុន្តែ ការបង្កើត​តួនាទី​ហ្នឹងឡើង រដ្ឋសភានឹងផ្តល់ថវិកាដើម្បីឲ្យគាត់អាចដំណើរការងាររបស់គាត់ក្នុងតួនាទី​ ថ្មីនៅក្នុងរដ្ឋសភា តែមិនមែនឲ្យថវិកា គាត់ទៅចាយនៅខាងក្រៅសភាទេ គឺលុយហ្នឹង​ដើម្បី​ធ្វើកិច្ចការ​នៅក្នុងរដ្ឋសភាប៉ុណ្ណោះ។ តាមរយៈបទបញ្ជាផ្ទៃក្នុងឯកឧត្តម សម រង្ស៊ី ​មាន​តួនាទី​តំណាងឲ្យ​គណបក្ស​សម្លេងភាគតិច ដើម្បី​ធ្វើការ​សម្រ​ប​សម្រួលជាមួយនឹងមេដឹកនាំ​រាជ​រដ្ឋាភិបាល រឺក៏​គណបក្សមានសម្លេងភាគច្រើន។
យោង​តាម​សេចក្តី​ប្រកាស ចុះ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥​ របស់​សម្តេច​អគ្គ​មហាពញាចក្រី​ ហេង សំ​រិន ប្រធាន​រដ្ឋ​សភា​ បាន​ប្រកាស​ថា ទទួល​ស្គាល់​ថ្នាក់​ដឹក​នាំ​តំ​ណាង​រាស្ត្រ​គណបក្ស​​ប្រជា​ជន​កម្ពុជា​ ដែលមាន​ ឯកឧត្តម​ ស ខេង ជា​ប្រធាន ឯកឧត្តម​ គាត ឈុន អនុប្រធាន ​លោក​ជំ​ទាវ​ ម៉ែន​ សំ​អន អនុប្រធា​ន និង​ទទួល​ស្គាល់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​មាន​ ឯកឧត្តម សម រង្ស៊ី ប្រធាន ឯកឧត្តម កឹម  សុខា អនុប្រធាន ឯកឧត្តម យឹម សុវណ្ណ លេខាធិការ​។ ក្នុង​សេចក្តី​ប្រកាសក៏​បាន​បញ្ជាក់​ថា ទទួល​ស្គាល់​ឯកឧត្តម សម រង្ស៊ី​ ជា​ប្រធាន​ក្រុម​មតិភាគ​តិច​នៅ​រដ្ឋ​សភា​។

ក្រៅ​ពី​នេះ សម្តេច​ប្រធាន​រដ្ឋ​សភា​​ ក៏​បាន​កំ​ណត់​ឲ្យ​ថ្នាក់​ដឹក​នាំ​តំ​ណាង​រាស្ត្រ​នីមួយ​ៗ​ខាងលើនេះ មាន​ការិយាល័យ​មួយ​ និង​មាន​លេខាធិការចំ​នួន​២រូប ទៅ​៤រូប ដើម្បី​ជួយបំ​ពេញ​ការងារ​ ហើយ​ថែម​ទាំង​បាន​បញ្ជាក់​ថា​ អគ្គ​លេខាធិការ​ដ្ឋានរដ្ឋ​សភា​ ត្រូវ​ទទួល​ដោះ​ស្រាយ​មធ្យោបាយ​សម​ស្រប​ ដើម្បី​ថ្នាក់​ដឹក​នាំ​តំ​ណាង​រាស្ត្រ​ នៃ​គណបក្ស​ទាំង​ពីរ​បំ​ពេញ​តួនាទី​ របស់​ខ្លួន​បាន​ល្អ នៅ​ក្នុង​រដ្ឋ​សភា​៕

No comments:

Post a Comment