Wednesday, January 21, 2015

ទស្សនៈ ដោយ Allen Myers៖ អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​ចេតនាបំភ្លៃប្រវត្តិសាស្ត្រ


ទើបតែនៅមុនគំរប់ខួប៣០ឆ្នាំ នៃការចូលកាន់តំណែងនាយករដ្ឋមន្រ្តីកម្ពុជាដំបូងរបស់ លោក​ ហ៊ុន សែន អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch -HRW) បាន​ចេញ របាយកាណ៍​ វាយ​ប្រហារ​​មួយចំនួន៧៥ទំព័រ លើរូបលោក។ ប្រហែលជាអ្វីដែល​ចម្លែកបំផុត​អំពីឯកសាររបស់ HRW ​គឺចំណុច​មួយ​ចំនួន​នៃការចាប់អារម្មណ៍ ដែលខ្លួនបានទទួលនៅ​ក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ​ជាភាសាអង់​គ្លេស​​។

 ការវាយប្រហាររបស់ HRW លើលោក ហ៊ុន សែន គឺជាសាច់​រឿងដែល​បណ្តាអ្នក​និពន្ធ​នាយកនៃ​​កាសែតទូទៅហៅថាជាសាច់រឿង “ឆ្កែខាំមនុស្ស” វាមិនមែន​ជាព័ត៌មាន ​ពីព្រោះថា ​នោះ​​គឺជា​អ្វី​ដែលសត្វឆ្កែវាធ្វើជាធម្មតា។ HRW បាន និងកំពុងវាយប្រហារលោក ហ៊ុន សែន អស់​រយៈ​​ពេល​ដ៏យូរ​យាមក​ហើយ តាមដែលគេនៅ​ចង​ចាំ។ ការវាយ​ប្រហារ​​ចុង​ក្រោយនេះ​​គឺគ្រាន់​តែបន្ថែមខ្លឹម​សារតិចតួច លើការវាយប្រហារមុនៗនោះ។ ​និពន្ធ​នាយកកា​សែតដែល​ចាត់​ទុកការវាយប្រហាររបស់ HRW ថាជាព័ត៌មានគួរឲ្យចាប់អារម្មណ៍ គឺជាអ្នក​​និពន្ធនាយក​មាន​វ័យ​ក្មេង មិន​សូវ​ចងចាំរឿង​រ៉ាវនានា។

ពួកអ្នកកាសែតទាំ​ង​នោះ ដែលគេ​ចាត់តាំង​ឲ្យទុក​ឯកសារ​ ថា​ជា​​រឿង​ធំ​ដុំ​នោះ គឺពិត​ជា​មាន​ជំនាញវិភាគហ្មត់ចត់នៅមានកម្រិត ពីព្រោះពួក​គេហាក់ដូចជា​មិន​បាន​​កត់​សំគាល់លើចំណុច​ដ៏ច្រើនដែលបង្ហាញថា “របាយការណ៍” របស់ HRW គឺមិន​មាន​លក្ខណៈ​សត្យា​នុម័តលើការណ៍ពិត ប៉ុន្តែគឺជាការសរសេរឃោសនាដ៏ចម្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍ប៉ុណ្ណោះ។

សម័យសង្រ្គាមត្រជាក់

ចំណុច​មួយ​ចំ​នួនបាន​និយាយជាសាធារណៈ អំពីប្រវត្តិរបស់ HRW ។ វា​​ជាសមិទ្ធិផលនៃ​សង្រ្គាមត្រជាក់ ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧៨ ជា​ឧបករណ៍ «អ​ង្គ​ការ​ឃ្លាំមើល Helsinki​ – Helsinki Watch» ដើម្បី​ផ្សព្វផ្សាយ​ជាសា​ធារណៈ​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ឬ​ផ្សេង​ពីនេះ ដែល​​បាន​ប្រ​ព្រឹត្តទៅ នៅ​សហភាពសូវៀត និងអឺរ៉ុប​ខាង​កើត​។

Helsinki Watch គឺមានសារៈប្រយោជន៍ខ្លាំងសំរាប់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដែល ស្រដៀងគ្នាទៅនឹងអង្គការឃ្លាំមើលដទៃទៀតដែលត្រូវបានបង្កើតឡើងនៅទ្វីបអាមេរិក អាស៊ី អាហ្រ្វិក និងមជ្ឈឹមបូព៌ា។ នៅទីបំផុត អង្គការ​ទាំងនេះ​ត្រូវបាន​ច្របាច់​បញ្ចូល​គ្នាទៅ​ជា​អង្គការ​​ឃ្លាំ​មើលសិទ្ធិមនុស្ស (Human Rights Watch-HRW) នៅក្នុងដំណាក់កាលមួយដ៏រលូន ដែល​ជា​ភស្តុ​តាង​​​បង្ហាញថា អង្គការទាំងនេះគឺជាផ្នែកនៃប្រតិបត្តិការ​ដូចគ្នាចាប់តាំង​ពីដើម​ទី​មក​។​

បច្ចុប្បន្ននេះ HRW អះអាងថា ខ្លួនមិនបាន​ទទួលថវិកាឧបត្ថម្ភ​ពីរដ្ឋាភិបាលណាមួយ​ឡើយ​។ សំរាប់​អ្នកសង្កេតការណ៍ពីខាងក្រៅ គ្មាននរណាម្នាក់គេដឹងថាតើនេះជាការពិត ឬមិន ពិតនោះ​ទេ ហើយ​វាក៏សឹងតែគ្មានសំខាន់អ្វីដែរ។ HRW ទទួលថវិកាឧបត្ថម្ភដោយ​ចំហរ ពីអ្នកមាន​ ដែល​ភាគច្រើនក្នុងចំណោមពួកគេមិនមានប្រាក់សល់ច្រើនទេ ប្រសិនបើរដ្ឋាភិបាលសហរដ្ឋ​អា​មេរិក​បង្ខំឲ្យពួកគេបង់ពន្ធក្នុងអត្រាដូចគ្នា​ ទៅនឹង​ពលរដ្ឋដែលមាន​ជីវភាព​មធ្យម។

ពិសេសទៅ​ទៀត ក្នុង​ករណីលោក George Soros ដែលជាអ្នករកស៊ីទិញរូបិយ​បណ្ណ័​ទុក​លក់ពេល​បានថ្លៃ ដែលបានក្លាយជាមហាសេដ្ឋីមានប្រាក់រាប់ពាន់លាន​ដុល្លារ ដោយកេង​ចំណេញ​​លើវិបត្តិ​ហិរញ្ញ​វត្ថុ​​ឆ្នាំ ១៩៩៧ ទៅ​លើ​រដ្ឋាភិបាលនៃ​ប្រ​ទេស​មួយចំនួន ​ និងប្រជាជនក្រី​ក្រ​ រាប់​លាន​នាក់​ នៅ​អាស៊ី បានផ្តល់ថវិកាឲ្យ HRW  ១០លានដុល្លារអា​មេ​រិក ក្នុងមួយ​ឆ្នាំ​ សំរាប់​រយៈ​ពេល១០ឆ្នាំ​។ លោក Soros ត្រូវបានគេស្គាល់ច្បាស់ថា មានអរិភាពជាមួយប្រ​ទេស​ដែល​សេសសល់​ពីអតីត​របបសង្គម​និយមនៅអឺរ៉ុបខាងកើត និងនៅតំបន់ផ្សេងទៀតក្នុងពិភពលោក។

អ្នកនិពន្ធ​របាយ​ការណ៍ របស់ HRW ឈ្មោះ ប្រែត អាដាំ (Brad Adams) ជានាយក HRW ប្រចាំ​នៅ​អាស៊ី។ រឿងនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលចំពោះអ្នកដែលស្គាល់លោក ប្រែត អាដាំ  ឬ​អង្គការ HRW ឡើយ។ ក្នុង​រយៈ​​ពេល៥ឆ្នាំ (១៩៩៧-២០០២) ដែល​លោក ប្រែត អាដាំ  ​ បាន​​ធ្វើ​ការ​នៅកម្ពុជា បាន​ស្អប់គណបក្សប្រជា​ជន​កម្ពុជា ពិសេស​លោក ហ៊ុន សែន ហើយ​​     ​រ​បាយ​ការណ៍ របស់អង្គការ HRW បានបង្ហាញ​ពីភាពស្អប់ខ្ពើមនេះ តាំងពីទំព័រដំបូង ថ្វី​ត្បិត​តែគេ​ធ្វើពុត​ថា​ឯក​សារ​នេះ​មានលក្ខណៈសត្យានុម័តក៏​ដោយ។

 នៅទំព័រដំបូង អង្គការ HRW បាន​ដាក់​រូបភាព បង្ហាញ​ទឹកមុខ​យ៉ាង​អា​ក្រក់ របស់លោក ហ៊ុន សែន ដើម្បី​តុបតែងក្របរបាយ​ការណ៍វាយប្រហាររបស់ HRW ។ ក្នុងករណី​ដែល​អ្នកអាន​ល្ងង់​ពេក​ មិន​អាច​យល់​ពីចេតនាពី​ចំ​ណង​ជើង ថា «៣០ឆ្នាំ របស់លោក​ ហ៊ុន សែន -អំពើហិង្សា ការ​គាប​សង្កត់ និងអំពើពុករលួយ នៅកម្ពុជា»។

តើមានអ្វីក្រៅពីអំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយដែលកើតមាននៅកម្ពុជា​ក្នុងរយៈ​ពេល៣០ឆ្នាំ ចុងក្រោយនេះទេ? ឧទាហរណ៍ តើសង្រ្គាមស៊ីវិលបានបញ្ចប់ដែ​រឬទេ? តើ​មាន​ការ​កសាង​​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឡើងវិញឬទេ? តើបច្ចុប្បន្ននេះ មានសាលារៀន​រាប់​ពាន់​​​ខ្នង​ច្រើន​​ជាងកាលពី៣០ឆ្នាំមុន ឬទេ? តើមេដឹកនាំកំពូលនៃរបបខ្មែរ​ក្រហម​ដែល​បានបំផ្លិច​បំផ្លាញ​សង្គមកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ត្រូវបាននាំយកមកកាត់ទោសឬទេ? តើមាន​កំណើន​​ទេសចរអ្នក​នៅ​ក្នុងស្រុក និងបរទេស​ បង្ហាញប្រាប់បើ​ពួកគេ​រាប់លាននាក់ អំពីភាព​រុង​រឿង​​នៃ​អរិយធម៌បុរាណខ្មែរឬទេ? តើផលិតផលសរុបក្នុងស្រុក (GDP) បានកើន​ឡើង​ពី​ក្រោម​មួយ​ដុល្លារក្នុងមួយថ្ងៃ ទៅជាង១.០០០ដុល្លារ ក្នុងមួយឆ្នាំឬទេ? តើកម្ពុជាស្ថិតនៅក្នុងភាព «គ្រោះ​​ថ្នាក់» ក្នុងការចាកចេញពីប្រភេទនៃ «ប្រទេសអភិវឌ្ឍន៍តិចបំផុត» ក្នុងពេលឆាប់ៗ ខាងមុខឬទេ?

សូមកុំសួរ៖ នៅក្នុងរបាយ​ការណ៍នេះ អ្វីៗដែលខុសឆ្គងនៅកម្ពុជាតាំងពីឆ្នាំ១៩៨៥ ឬក៏​នៅ​​មុន​នេះ តើជាកំហុសរបស់​លោក​ ហ៊ុន សែន ឬ? នៅក្នុងឯកសារនេះ គ្មានអ្វីល្អ​នោះទេ ប៉ុន្តែ​ប្រសិនបើវាមានមែន គឺវា​ពិត​ជាកើតឡើងដោយសារតែអ្នកដែលនៅក្រៅបក្ស CPP និងលោក​ ហ៊ុន សែន ជាអ្នកជំទាស់​នឹង​រឿង​នេះ។


ជនល្មើសដដែលៗ

ការនិយាយបំភ្លៃការពិតដំបូងរបស់លោក​ ប្រែត អាដាំ  លើ​រូប​លោក ហ៊ុន សែន ដែល​ខ្ញុំអាច​ចាំបាន គឺ​នៅក្នុងឆ្នាំ ២០០២ ពេល​ដែល​ ប្រែត អាដាំ  បាន​បញ្ចុះ​បញ្ចូល​កាសែត Phnom Penh Post ឲ្យ​ទទួលយកអត្ថបទសំខាន់មួយ ដែលផ្អែកលើអ្វីដែល ប្រែត អាដាំ  បាន​ហៅ​ថា​ជាឯកសារ «ផ្លូវ​ការ» របស់រដ្ឋាភិបាលថៃ ដែលការពិតមិនមែនសោះឡើយ។ ខ្ញុំ​បាន​បង្ហាញ​អំពី​ភាព​​មិនពិតនៃ​ឯកសារ​នោះ ​នៅក្នុងអត្ថបទចុះផ្សាយរបស់កាសែត PhnomPenh Post
(https://letters2pppapers.wordpress.com/archives/pre-2005/a-dubious-document-and-kr-trials/) ហើយខ្ញុំបានលើក​រឿងនេះជាច្រើនដង តាំងពីនោះមក តែលោក  ប្រែត​ អាដាំ  មិន​ដែល​បាន​ពន្យល់​​ ឬការពារអត្ថបទរបស់ខ្លួនជាសាធារណៈឡើយ។

ឯកសារបច្ចុប្បន្ននេះ មិនមានភាពសុចរិតអ្វីឡើយ បើទោះបីការបំភ្លៃការពិតនេះមិនលេច​ធ្លោ ​ដូចអត្ថបទក្នុងកាសែត Phnom Penh Post នាឆ្នាំ ២០០២ ក៍​ដោយ។ វាគួរឲ្យ​ធុញ​ទ្រាន់ ដោយ​មិ​នចាំបាច់អានម្តងពីដើមដល់ចប់នោះឡើយ ប៉ុន្តែខ្ញុំនឹងលើកយកចំណុចមួយ ចំនួនមក​បង្ហាញ​​​​ជាឧទាហរណ៍។

លោក  ប្រែត​ អាដាំ  ខិតខំធ្វើយ៉ាងណា ស្តីបន្ទោសលោក​ ហ៊ុន សែន ចំពោះ​រាល់​បញ្ហា​ដែលបាន​កើត​ឡើងពីផែនការ «ក៥» ដែលជាការប្រឹងប្រែងមិនជោគជ័យ ​នៅក្នុងពាក់​កណ្តាល​​​ទសវត្សរ៍​ឆ្នាំ១៩៨០ ដើម្បីកសាងខ្សែក្រវ៉ាត់ការពារមួយនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការ​វាយ​ប្រហាររបស់ខ្មែរក្រហមចេញពីប្រទេសថៃ។ ការចោទប្រកាន់ដ៏ធ្ងន់​ធ្ងរមួយ ត្រូវបាន​ដក​ស្រង់ពីសំ​ដី​​លោក​ គង់ គាំ ក្នុងបទសម្ភាសន៍មួយ ក្នុងឆ្នាំ១៩៩៩ ជាមួយ លោក​ ប្រែត​ អាដាំ  ដែលថា --មិត្ត​ភក្តិ និងថ្នាក់ក្រោមរបស់លោក​ ហ៊ុន សែន ទទួលបានការលើកលែង ដោយ​ខុស​ឆ្គង ​ពី​ការ​ចូល​រួមក្នុងផែនការ «ក៥» នេះ។

លោក  ប្រែត​ អាដាំ បាន​ពណ៌នា លោក ​គង់ គាំ ថាជា «អនុរដ្ឋមន្រ្តីក្រសួង​ការបរទេស​នៅ​​​ពេល​​ចាប់​​​ផ្តើមផែន​ការ «ក៥» ហើយក្រោយមកត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសក្នុងឆ្នាំ ១៩៨៧​។» ស្តាប់ឮ​ទៅ​វា​ហាក់ដូចជា លោក​ ប្រែត​ អាដាំ ដឹង​រឿង​ច្បាស់​ណាស់ គឺ​អតីត​មន្រ្តីរដ្ឋា​ភិ​បាលគណបក្សប្រ​ជាជនកម្ពុជា បាន​ចង្អុលបន្ទោសទៅ​លោក ហ៊ុន សែន។​ ប៉ុន្តែ លោក​ ប្រែត​ អាដាំ  ភ្លេចកត់ត្រារឿង​ដ៏​តូចមួយ គឺនៅពេល​ធ្វើ​​បទសម្ភាសន៍នោះ លោក គង់ គាំ គឺជាមន្រ្តី និង ជា​សមាជិកព្រឹទ្ធសភារបស់គណបក្យ​ សម រង្ស៊ី (ដែល​បច្ចុប្បន្ន​នៅ​តែជាសមាជិកព្រឹទ្ធសភា​របស់​បក្សសង្រ្គោះជាតិ)។ បើនិយាយថា «សមាជិកព្រឹទ្ធសភារបស់បក្ស សម រង្ស៊ី បាន​និយាយ​ថា ... » ស្តាប់ឮទៅមិនគួរឲ្យជឿ ជាងប្រើ​ពាក្យថា «អតីតរដ្ឋមន្រ្តី​ការ​បរទេស នៃ​គណបក្សប្រ​ជា​ជន​  បាន​និយាយ​ថា​ ... »

 នៅត្រង់ជំពូកមួយ​ដែល​គាត់​សរសេរថា «ការគាបសង្កត់របស់លោក ហ៊ុន សែន និង សាធា​រណរដ្ឋប្រជាមានិត​កម្ពុជា​ ក្នុង​ទសវត្សរ៍ឆ្នាំ១៩៨០» លោក​ ប្រែត​ អាដាំ  ក៏ដឹង​ពីរបៀប​ជ្រើស​​រើសប្រភពព័ត៌មានរបស់គាត់។ ក្នុងករណីនេះ ស្តាប់ឮទៅគួរឲ្យជឿទុកចិត្តជាងមុនគឺថាៈ​ មាន​អត្ថបទពីរ មួយ​ចុះផ្សាយ​ដោយអង្គការ លើកលែងទោសអន្តរជាតិ (Amnesty International) មួយ​ទៀតចុះផ្សាយ​ដោយគណៈក​ម្មាធិការមេធាវីសហរដ្ឋអាមេរិកដើម្បីសិទ្ធិមនុស្ស​ (US Lawyers Com​mittee for Human Rights)។ នៅពេលអានជិតដល់ចុងបញ្ចប់​នៃរឿងរាវ​ធ្វើ​ទារុណ​កម្ម​ដ៏​ព្រៃ​ផ្សៃ និងការតាម​សំលាប់​ដោយអយុត្តិធម៌ ទើបលោក​ ប្រែត​ អាដាំ លើកឡើង​ថា អង្គការ​ទាំងពីរ​នេះបាន​ធ្វើ​បទសម្ភាសន៍​របស់​ខ្លួន «នៅព្រំដែនថៃ-កម្ពុជា» --ដែលថាបទ​សម្ភាសន៍​​នេះ​បាន​ធ្វើ ឡើងនៅក្នុងជំរុំត្រួតត្រា​ដោយ​ខ្មែរក្រហម ដែលជាទីកន្លែងមិនសក្តិ​សម​មួយ ​សំរាប់​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវមិនលំអៀង​មួយអំពីរដ្ឋាភិបាលក្រុងភ្នំពេញ។

ពេលខ្លះ លោក​ ប្រែត​ អាដាំ មិនបង្ហាញភស្តុតាងទាំងស្រុងឡើយ ដោយគ្រាន់តែអះអាង​អ្វីមួយ​ដែល​គេអាចចោទសួរបានថាជាការពិត។ ជាក់ស្តែង គាត់​និយាយថា ការបោះឆ្នោតឆ្នាំ ១៩៩៨ «មិន​សេរី និងមិនយុត្តិធ៌ម»  ដោយមិនបានដកស្រង់​ប្រភពអ្វីទាំងអស់សំរាប់ការ​វិនិច្ឆ័យ​នេះ --ប្រហែល​ជា​​ដោយសារក្រុមអ្នកសង្កេតការណ៍អន្តរជាតិសំខាន់ៗ​មួយចំនួនមិនឯកភាពតាម​គាត់។

ទាក់ទងនឹងការបោះ​ឆ្នោតឆ្នាំ២០០៣ គាត់និយាយថា «ដំណើរការបោះឆ្នោតនេះ​ត្រូវបាន​ថ្កោលទោសដោយសហភាពអឺរ៉ុប និងអ្នកសង្កេតការណ៍ដទៃទៀត» ប៉ុន្តែមិនបានផ្តល់ឯកសារ​យោង​ណា​មួយឡើយ ដែលអាចឲ្យគេពិនិត្យលើអ្វីពិតប្រាកដដែលថា​អ្នកសង្កេតការណ៍​ទាំង​នោះបាននិយាយ ហើយមាន​ប៉ុន្មាននាក់ដែល​បាននិយាយ។ល។ វិទ្យុរដ្ឋា​ភិ​បាលអូស្រ្តាលី ABC ដែល​បាន​ផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៣ បាននិយាយអំពីការបោះឆ្នោតនេះថា «អ្នក​សង្កេត​ការណ៍​​បោះឆ្នោតអន្តរជាតិនិយាយថា ពួកគេ ‘ពេញចិត្ត’ ថាការបោះឆ្នោត​នេះ​មាន​លក្ខណៈ ​សេរី និងយុត្តិធ៌ម...»។

ការ​បោះឆ្នោត​នាពេល​ចុង​ក្រោយនេះ ​ក៏ត្រូវ​បាន​រៀប​ចំ​ឡើង​​ស្រដៀង​គ្នា ​​ក៏​ប៉ុន្តែ​វា​មាន​លក្ខណៈ​កាន់​​តែ​ទូលាយ​គឺ៖ ជា​ការ​និយាយ​ហែក​ហួរ​យ៉ាង​ខ្លាំង ​ដោយ​ពុំ​មាន​​លើក​នូវ​ទឡ្ហីករ​​ណ៍​ណា​នោះ​ឡើយ។ ជា​ឧទាហរណ៍ លោក​ ប្រែត​ អាដាំ  ​​និយាយថា ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​«ក្រុម​ឃ្លាំមើល​ក្នុង​ស្រុក ​និង​អន្តរ​ជាតិ គេ​ថ្កោល​ទោស​ជា​ទូ​ទៅ ថាមិន​សេរី​ និង​មិន​យុត្តិធម៌» ​តែ​មិន​បាន​​លើក​ឡើង​​ថាលោក​ សម រង្ស៊ី បាន​ធ្វើ​យុទ្ធនាការ​​​បំបាក់​ទឹក​ចិត្ត​អ្នក​ឃ្លាំមើល​​​​ មិន​ឲ្យ​សង្កេតការណ៍​​ការ​បោះឆ្នោត​នោះទេ ហើយ​ក៏​​មិន​បាន​បង្ហាញ​ថា មាន​អ្នក​សង្កេតការណ៍​មក​ពី​សន្និ​សីទអន្តរជាតិ​​​ស្តីពី​គណបក្ស​នយោបាយ​​អាស៊ី (ICAPP) និង​ពួក​ប្រជាធិបតេយ្យ​អន្តរជាតិ​និយម​កណ្តាល​អាស៊ី​ប៉ាស៊ីហ្វិក​ (CAPDI)នោះ​ក៏​ទេ​ដែរ ដែល​ពួក​គេ​បាន​ពិពណ៌នា​​ថា​ ការ​បោះ​ឆ្នោត​នោះ​ថា ការ​បោះឆ្នោត​មាន​លក្ខណៈ​ «សេរី យុត្តិធម៌​ និង​តម្លាភាព និង​អ្វី​សំខាន់​នោះ​គឺ​ប្រកប​ដោយ​សន្តិវិធី ​គ្មាន​ហិង្សា​ និង​ដោយ​រលូន»។ គាត់​បាន​ពិពណ៌​នាពី​​បញ្ជី​បោះឆ្នោត​នោះ​ថា «ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​​ដោយ​ការ​លួច​បន្លំ​​ ដែលរៀបចំ​ឡើង​ដោយគណបក្ស​ប្រ​ជា​ជន​កម្ពុជា និង​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត» ហើយ​រឿង​នេះ ​ក៏​មិន​បាន​លើក​ឡើង​​ពី​ករណី ​ឬ​ក៏​ភស្តុតាងជាក់​លាក់​ណា​មួយ​ ហើយ​ក៏​​មិន​បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​​បាន​ធ្វើ​ពហិការ​​លើ​ដំណើរ​ការ​ចុះ​បញ្ជី​អ្នក​បោះឆ្នោត​​ ដើម្បី​អាច​ឲ្យ​ខ្លួន​​អាច​ធ្វើ​យុទ្ធនាការ​លើរឿង​នោះ​ នៅ​ពេល​ក្រោយ និង​ដោយ​មិន​បាន​លើក​ឡើង​អំពី​​នីតិវិធី​​ដែល​គេ​គ្រប់​គ្នា ​អាច​ធ្វើ​ការ​ដេញ​ដោល ពីការ​រួម​បញ្ជូល​ ឬ​ការ​ផាត់​ចេញ​នៃ​ឈ្មោះ​នរណា​ម្នាក់​ក្នុង​បញ្ជី​បោះឆ្នោត​នោះ។​

ការ​មួល​បង្កាច់​របស់​លោក​ ប្រែត​ អាដាំ អំពី​ការ​បង្កើត​ និង​តួនាទី​របស់​តុ​លា​ការ​កាត់ក្តី​​ខ្មែរ​ក្រហម លើអ្នក​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​បទឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​បំ​ផុត​នោះ​ គឺជា​រឿង​អាក្រក់​មែន​ទែន​ ហើយ​នឹងនៅ​លើ​គោក ចំ​ពោះ​​អ្នក​ដែល​បាន​ដឹង​​នូវ​ការ​ពិត។ ដូចជា​ពាក់​ព័ន្ធទៅ​នឹង​បទបង្ហាញ​របស់​គាត់ អំពី​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត រាល់ការ​ពន្យាពេល ​ឬបញ្ហា​ណា​មួយ ​​គឺ​ជា​កំហុស​របស់​លោក ហ៊ុន សែន ហើយ​នឹង​រាល់វិធានការ​ខុស​ឆ្គង​ណា​មួយ​​​ដោយ​សារ​បរទេស​ខ្លះ​ដែល​ចង់​យក​ឈ្នះ​លើ​លោក​ ហ៊ុន សែន ។

ធ្វើ​យ៉ាងនេះ​ គឺពិត​ជា​ស្រប​ទៅ​នឹង​ប្រការ​មួយ​ទៀត ​ដែល​ថាលោក ​ប្រែត ​អា​ដាំ​ បាន​ភ្លេច​​ប្រាប់​អ្នក​អាន​របស់​គាត់​។ ចាប់​ដំបូងអង្គការ​​ HRW បាន​ប្រឆាំង​ទៅ​នឹង​ការ​បង្កើត​​សាលាក្តី​មួយនៅ​​​កម្ពុជា ដោយ​បាន​ទាម​ទារ​ឲ្យ​បង្កើត​​នៅ​ទី​ក្រុង​ឡាអេ​ ដែល​ខ្មែរអាច​ចូល​រួម​គ្រាន់​តែ​ជា​ចុង​ចោទ ឬ​ជា​សាក្សី​ប៉ុណ្ណោះ។ សម្រាប់​ លោក​ ប្រែត អា​ដាំ  វា​ជា​មូល​ហេតុ​បន្ថែម​ លើ​ស​ពី​ការ​វាយ​ប្រហារលើ​រូប​លោក ហ៊ុន សែន គឺ​ដើម្បី​បង្ខូច​ការ​ពិត​នៃ​ប្រវត្តិ​ពិត​​របស់សា​លា​ក្តី​ខ្មែរ​ក្រ​ហម​ប៉ុ​ណ្ណោះ។

​ទីនេះខ្ញុំ​នឹង​លើកនូវ​​ឧទាហរណ៍​មួយ​​ ដែលលោក​ ប្រែត អា​ដាំ អាច​ងាយ​ស្រួល​​យល់​ ប្រសិន​បើ​គាត់​ធ្លាប់​និយាយ​ទៅ​កាន់​អ្នក​ដែល​មិន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​និយាយ​អាក្រក់​ពី​លោក​ ហ៊ុន សែន ។  លោក​ ប្រែត អា​ដាំ សរសេរថា នៅពេល​ដែល​សា​លា​ក្តី​ខ្មែរ​ក្រ​ហមបាន​ចាប់​ផ្តើម​ជំនុំ ចៅ​ក្រម​ខ្មែរ​បាន​ «ពន្យាការ​ចរចាបង្កើត​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​តុលាការ ដែល​ញ៉ាំង​ដល់ការ​យឺត​​យ៉ាវ​នៃ​​ការ​ចាប់​ផ្តើម​​​ការ​កាត់​សេច​ក្តី»។

ជា​តួ​យ៉ាង (សូមមើល​ផ្នែក​ចុង​ក្រោយ​នៃ​អត្ថបទ​នេះ) «ប្រភព​» សម្រាប់​ការ​លើក​ឡើង​នេះ​គឺ​ជា​​សេច​ក្តីប្រកាស​ព័ត៌​មាន​របស់អង្គការ​ HRW នៅ​ខែ​ឆ្នូ​ ឆ្នាំ២០០៦។ អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង​​នោះ​គឺ​ នៅ​មុន​កិច្ច​ប្រជុំ​របស់​ចៅ​ក្រម​ក្នុង​ខែ​កក្កដាឆ្នាំ២០០៦ ក្រុម​ការងារ​របស់​រដ្ឋាភិ​បាល​​កម្ពុជា​​សម្រាប់​ការកាត់​ក្តី​ ​បាន​​ស្នើ​សុំ​ជំនួយ​ពី​អ្នក​ជំនាញផ្នែក​ច្បាប់​របស់​អាមេរិក​ម្នាក់​ ដើម្បី​សិក្សា​អំពី​នីតិវិធី​ព្រហ្មទណ្ឌ​​ខ្មែរ និង​​បទប្បញ្ញត្តិ​​នានានៃ​ការ​កាត់​ក្តី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​អន្តរជាតិ​ធំៗ​ និង​​បាន​​រៀបចំ​សេចក្តី​ព្រាង​បទ​ប្បញ្ញត្តិ​​សម្រាប់សា​លា​ក្តីខ្មែរក្រហម ​ដោយ​ផ្នែក​លើ​អត្ថបទ​ច្បាប់​នោះ​។ នៅ​ពេលដែល​​មាន​ចៅ​ក្រម​អន្តរជាតិ​ម្នាក់​​បាន​ស្នើ​ឲ្យ​ទទួល​យក​សេចក្តីព្រាង​នោះ​ជា​បណ្តោះ​អាសន្ន​ ហើយ​បន្ទាប់​មក​បាន​បន្តពិនិត្យ​​ ដើម្បី​ចាត់​ទុក​វា​ថាជា​ឯក​សារ​ចាំ​បាច់​មួយ។ ជា​អកុសល ចៅក្រម​អន្តរជាតិ​ដទៃ​ទៀត​បាន​ប្រឆាំង ​​រួច​ហើយទទូច​ឲ្យ​តាក់​តែង​​បទប្បញ្ញតិ្ត​ថ្មី​។ លទ្ធផល​នៃ​ការ​ពន្យា​រយៈពេល១ឆ្នាំ​នោះ ​គឺ​មិនមែនជាកំហុស​ដោយ​សារតែ​ចៅ​ក្រម​ខ្មែរ​នោះទេ។

ការ​ពន្យា​ពេល​ «ថែម​ទៀត» ក្នុង​ការធ្វើ​ឲ្យសា​លា​ក្តី​ខ្មែរ​ក្រហម​ដែល លោក ​ប្រេត អាដាម ​ដែល​បានលើក​​នោះ​ គឺ​ដោយ​សារតែ​ការ​បោះឆ្នោត​​ជាតិ​របស់​កម្ពុជា​ក្នុង​ឆ្នាំ២០០៣ បន្ទាប់​ពី​បាន​ចុះ​កិច្ច​​ព្រម​ព្រៀងជាមួយនឹង​អង្គការ​សហប្រជាជាតិ​​​ ដើម្បី​បង្កើតសាលា​ក្តី​ខ្មែរ​ក្រ​ហម ​។ បន្ទាប់​ពី​ការ​បោះឆ្នោត​រួច គណបក្ស​សមរង្ស៊ី​ និង​ហ្វ៊ុន​ស៊ិនប៉ិច​បាន​ធ្វើ​ពហិការ​​​មិន​ចូល​ក្នុង​សភា​អាណត្តិ​ថ្មី​ ដែល​មិន​បាន​ជួប​ប្រជុំ​គ្នា​អស់​រយៈពេលជាង​មួយឆ្នាំ​ ដូច្នេះ​មិន​អាច​ផ្តល់​សច្ចាប័ន​ដល់​កិច្ច​ព្រម​ព្រៀង​​នោះ​បាន​ទេ។ រឿង​នេះ​នោះ លោក ​ប្រេត អាដាម  មិន​បាន​លើក​ឡើង​ទេ​ ប្រហែល​​លំបាក​នឹងបន្ទោស​លោក​ ហ៊ុន សែន ។
ភស្តុតាង’ ដ៏ចំឡែក

          នៅពេលដែលលោក​ ប្រេត អា​ដាំ លើកពីប្រភពដើមរបស់​ព័ត៌មានដែល​បាន​មក​នោះ វា​មិន​បាន​ធ្ចើ​ឲ្យ​របាយការណ៍ លោក ប្រេត អាដាំ មាន​ភាពប្រ​សើរ​ទេ។ ប្រសិនបើយើងទុកកំ​ណត់​ សង្ខេបរបាយ​ការណ៍មួយ​ឡែក ​ដែលមិនមាន​ដែល​មាន​បង់​លេខ​ឯកសារយោងនោះ ហើ​យយើង​អាន​របាយ​ការណ៍​ទំ​ព័រទី​១ដល់១៥ នោះជា​សំ​ណេរដែល​ទាក់ទងទៅនឹងព្រឹត្តិ​ការណ៍​មុន​ឆ្នាំ​១៩៧៩ ជា​ចំណុចដែល​វា​​មិនទាក់ទង​ទៅ​នឹង​ឆ្នាំ​ដែល​​​លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ​នៅ​ក្នុង​នោះ​គ្រាន់​តែ​ឯកសារ​យោងវា​មាន​ដល់​ទៅ១២២លេខ (ចំណុច) គ្រាន់តែ​ជាភស្តុតាង​បន្ទាល់​​នៃ​​ការ​ចោទ​ប្រកាន់​របស់លោក​ ប្រេត​ អាដាំ ប៉ុណ្ណោះ។

          ការលើកឯកសា​ទាំងនេះជា​បន្ទាល់  បើ​ក្រលែក​មើលមួយភ្លែត វា​ដូច​ជា​មិនស៊ីគ្នា​។ ឧទា​ហរណ៍ ​ឯកសារ​យោងមួយ ពាក់​ព័ន្ធទៅ​នឹងកងពលតូច​អង្គរក្សលេខ៧០ ដែល លោក ​ប្រេត​អាដាំ សរសេរថា «ដែល​គេ​ដឹង​ឮថាបាន​បង្កអំ​ពើសាហាវយង់ឃ្នងជា​ហូរ​ហែ [is “notorious” for a “litany” of misdeeds]»។ តែចំពោះ​ឯកសារយោងដូច​ជា​មិន​ស៊ី​គ្នា​សោះ។ ឯកសារយោងគ្រាន់​​តែ​លើកពីអនុក្រឹត្យរដ្ឋាភិបាល ដែលបង្កើតកងពលតូចនេះប៉ុណ្ណោះ ហើយ​គ្មានសរសេរពី​​ភស្តុតាង​ណា​មួយ​ដែលបង្ហាញពី​អំ​ពើ​សាហាវយង់ឃ្នងស្អី​គេ​នោះ​ទេ។ វគ្គ​មួយ​ទៀត​បាន​ពិចារណា​ពី​​ការ​​ចោទ​​ថា  មាន​ការបែកបាក់ផ្ទៃក្នុង​របស់គណបក្សប្រជាជន​​នៅ​ឆ្នាំ១៩៩៤ តែឯកសារយោងរបស់​កាសែតរស្មីកម្ពុជា សរសេរ​តែការតែងតាំងលោក ហុក ឡងឌី ជាអគ្គស្នងការនរគបាល​ជាតិ​ប៉ុណ្ណោះ។

          មានបញ្ហាជា​ច្រើន​ទៀតលើ​ឯកសារដ៏​សន្ធឹក​សន្ធាប់ (ចំនួន៤៦ក្នុងចំណោម១២២ចំណុច) ដែលមាន​លើក​ឡើង​​អំពី​អង្គការ HRW ឬក៏លោក ប្រេត អា​ដាំ​ ខ្លួនឯងតែ​ម្ដង។ ការលើកឡើង​នៃ​ឯក​សារយោង​ដប់ម្ភៃចំណុច​ទៀត ជាបទសម្ភាសន៍ ដែលធ្វើឡើងដោយ លោក ប្រេត អាដាំ​សុទ្ធ​សាធ។ ដូច​ដែល​យើង​បាន​ឃើញ​​ហើយថា លោក ប្រេត អា​ដាំ ពុំ​មែន​ជា​អ្នកសម្ភាសន៍ ដ៏​ឈ្លាស​វៃ ឬដ៏​សំខាន់​អ្វី​នោះ​ទេ ពិសេសទៅលើរឿងដែល​ទាក់ទិនទៅនឹងលោក ហ៊ុន សែន។
          មានសម្ពាសន៍ចំនួនបួន​ទៀត ដែលចងក្រងឡើងដោយអង្គការ HRW តែ​មិនបានផ្តល់​ឈ្មោះ​អ្នកដែលធ្វើសម្ភាសន៍នោះ​ទេ។ គុណភាពនៃការសម្ភាសន៍របស់ពួកគេ ដែល​យើង​អាច​ធ្វើ​ការ​វិនិច្ឆ័យបាន តាម​​រយៈឧទាហរណ៍មួយ​នេះ។ ឯកសារយោងលេខ១៩០បានលើកឡើងដើម្បី​គាំទ្រ​សេចក្តីប្រកាសព័ត៌មានរបស់​ពួក​គេ៖ «តុលាការដែលគ្រប់គ្រងដោយ​គណបក្សប្រជាជន​ [នៅ​​ឆ្នាំ១៩៩៨] បានរៀ​ប​សំ​ណុំ​រឿងចោទ​បែប​ចរឹក​​នយោបាយ ប្តឹងសមាជិកមួយ​ចំ​នួន របស់​គណ​បក្ស សម រង្ស៊ី ដែលទាក់ទងទៅនឹងការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្រ្តី»។ ឯកសារយោង​ទាំង​​ស្រុងនេះ សរសេរ​ថា «អង្គការ  HRW បាន​សម្ភាសន៍ជាមួយមន្រ្តីតុលាការ នៅទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែកញ្ញា ឆ្នាំ២០១៤ ។»

          ចូរគឹតមើល៖ មន្រ្តីតុលាការបែរជាប្រាប់អង្គការ HRW ថា «តុលាការ» ​មាន​ចេតនា​ចោទ​ទម្លាក់​កំហុស ទៅលើសមាជិកគណបក្ស​ សម រង្ស៊ី។ រឿង​នេះ​វា​មានលទ្ធភាព​បី។ ទី​មួយ ​គឺថា «មន្រ្តី​តុលា​ការ» ខ្លួនឯងបាន​ពាក់ព័ន្ធនឹងការចោទប្រកាន់ទម្លាក់​កំហុស។ តើហេតុអ្វីបានជាពួកគេ​សម្រេច​​ចិត្តសារភាព​ទៅកាន់អង្គការ HRW នេះ គឺ​បន្ទាប់​ពី១៦ឆ្នាំក្រោយមក វា​​ហាក់​ដូច​ជា​មិន​ទំនងសោះ។ លទ្ធ​ភាព​​ទីពីរគឺថា ពួកគេមិនដឹងរឿង​ករណីនេះ​ផ្ទាល់ ក៏ប៉ុន្តែគ្រាន់តែនិយាយឡើង​វិញ នូវអ្វី​ដែល​ពួក​គេ​​បានឮប៉ុណ្ណោះ។ ពួក​គេ​អាច​នឹងធ្វើឲ្យជា​សក្ខីកម្មដែលមិន​ស​ម​តាម​អ្វី​ដែល​អាច​ធ្វើ​បាន​ ឬ​ក៏​ពុំ​នោះ​ទេ​ ពួកគេអាចឮ​ដោយ​ផ្ទាល់ពី​​មន្រ្តីតុលាការដទៃ​ទៀត ដែល​ពាក់​ព័ន្ធ​នៅក្នុងការងារ​នេះ។​ តែ​បើ​យ៉ាង​នេះ ក៏​វា​នៅតែគេ​ចោទសួរ​ថា​  ហេតុ​អ្វី​បាន​ជាមាន​មនុស្ស​​តាំង​ខ្លួន​ធ្វើ​សាក្សី​និយាយ​ការ​ពិត​ជាមួយ​អង្គការ​ HRW នេះ​ ម្យ៉ាង​ទៀតរឿងរ៉ាវ​វា​កើត​ឡើង​តាំ​ង​ពី​យូរ​យា​ណាស់​​មក​ហើយ។ លទ្ធ​​​ភាពទី​បីគឺថា លោក​ ប្រេត អាដាំ ឬក៏អង្គការ​ HRW មិនបានផ្តល់​ឲ្យ​យើង​​នូវព័ត៌មាន​សុក្រឹត​ទេ ឬក៏​កំពុងតែ​និយា​យ​ឡើងវិញប្រាប់​យើងពី​សក្ខីកម្ម​ ដែលផ្តល់ដោយ​សាក្សីទាំង​ឡាយ​ដែល​មិន​អាច​ជឿបាន។

          លោក ប្រេត​ អាដាំ មិនបានប្រាប់អ្នកអានរបស់គាត់ ប៉ុន្តែឯកសារជា​ហូរ​ហែ បាន​បង្ហាញ​យ៉ាង​ច្បាស់នូវឯកសារ​យោង​  ទៅនឹង​​ការ​វាយប្រ​ហារដោយគ្រាប់រ៉ុក្កែត ​​ កាលពីថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ១៩៩៨​ ទៅ​លើក្បួនរថយន្តនៅខែត្រសៀមរាប។ ខ្ញុំមិនដឹងថា តើនគរបាល​បាន​ទទួល​ជោគ​ជ័យក្នុង​ការ​ស្វែង​​រកចាប់ខ្លួនពិរុទ្ធជនពិតប្រាកដហើយឬនៅ ព្រោះថា ការវាយប្រហារនោះ មិន​មែនជារឿង​​ដែល​ប្រ​ឌិត​ឡើង​ទេ គឺ​បណ្តាល​ឲ្យ​​ក្មេងប្រុសម្នាក់ស្លាប់ និងរបួស​ប្រជាជន៣នាក់​ទៀត។ អ្នកជំនាញការបរទេសផ្នែកយុទ្ធភ័ណ្ឌមិន​ទាន់​ផ្ទុះ បានរកឃើញថាគ្រាប់​រ៉ុក្កែត​បី​គ្រាប់​ទៀត​​​បាញ់​មិនចេញ ដោយសារ​ទទឹក​ជោគនឹង​ទឹកភ្លៀង (កាសែត The New York Times ចុះ​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ១៩៩៨)។

«វាត្រូវតែជារឿង​ពិត៖ គឺ​យើងជា​អ្នកនិយាយ»

          យ៉ាងហោចណាស់មានឯកសារយោងចំ​នួន២៨ ដែល​ទាក់ទងនឹងភស្តុតាង ដែល​សំ​ដៅ​ទៅ​លើ​​ឯកសារមុនៗ របស់អង្គការ HRW។ ឯកសារយោងចំនួន១៥ទៀត ដែល​សំដៅ​ទៅ​លើ​របាយការណ៍ពិភពលោក​ ប្រចាំ​ឆ្នាំ​របស់អង្គការនេះ។ ឯកសារយោង​មិន​បាន​បង្ហាញពី​ភស្តុតាង​ទេ គឺគ្រាន់​តែសង្ខេបពីទស្សនៈរបស់មន្រ្តីនៃ​អង្គការនេះប៉ុណ្ណោះ (ដោយ​រាប់​បញ្ចូល​ទាំង​ លោក ប្រេត​ អា​ដាំ ខ្លួនឯងផងដែរ​)។ ទស្សនៈទាំងអស់នោះអាច ឬមិន​អាចជា​មូល​ដ្ឋាននៃការ​យល់​ដឹង​ត្រឹមត្រូវ និងជា​ភស្តុតាងដែល​អាច​ជឿទុកចិត្តបាន ព្រោះ​អ្នកអាន​របាយ​ការណ៍​ទាំងនោះ​មិន​មាន​ឱកាស​នឹងវិនិ​ច្ឆ័យ​​ព័ត៌មានទាំងនោះឡើយ។ ដូច្នេះ ​ឯកសារ​យោងថ្មីៗ​នៃ​របាយ​ការណ៍​ពិភព​លោក​របស់អង្គការនេះ ​ក៏​មិនមានអ្វីច្រើនលើស​​ជាង៖ «យើងបាន​និយាយ​ពីមុន​រួច​ហើយ”។

          បន្ថែមទៅលើ​ការ​វាយ​តម្លៃ​អំពី​ការ​ផ្តល់នូវភស្តុតាង ដែលខ្លួន​មិន​បាន​ធ្វើ​សោះ ដូច​នេះ​ទម្រង់​បែប​បទ​នៃ​របាយការណ៍របស់​ លោក ប្រេត អាដាំ វា​នឹង​ញ៉ាំង​ទៅ​ដល់​ការ​មួលបង្កាច់​នូវ​រឿង​រ៉ាវ​ខាង​មុខ​ទៀត។  នៅនៅខែត្របាត់ដំបង នាឆ្នាំ១៩៩៩ សកម្មជន​គណបក្ស សម រង្ស៊ី ឈ្មោះ ឆុំ ឌឿន ត្រូវ​គេធ្វើ​ឃាត។ បច្ចុប្បន្ន លោក ប្រេត អាដាំ  បានប្រកាសថា នេះគឺជា​ករណី ​«ការគៀប​សង្កត់​ដោយ​​ហិង្សា» លើគណបក្ស សម រង្ស៊ី ដោយគណបក្សប្រជាជន ដោយ​អះអាង​ទៅ​លើ​ឯក​សារនៃរបាយការណ៍ពិភពលោកឆ្នាំ២០០០ របស់អង្គការ HRW (HRW 2000 World Reports)។ ​ប៉ុន្តែរបាយការណ៍ពិភពលោកនិយាយខុសប្លែកគ្នាខ្លាំងណាស់ «មូល​ហេតុ គឺគេ​គិតថា​ជារឿង​នយោ​​​បាយ...»។ របាយការណ៍ឆ្នាំ២០០០ និយាយពីមូលហេតុ គេ​ប្រើពាក្យ «គេគិតថា» ជារឿង​នយោ​បាយបើទោះបីជា​មិនប្រាប់​ថា​ អ្នក​ណា​និយាយក៏ដោយ។ នៅឆ្នាំ២០១៥ លោក​ប្រេត​​ ​អាដាំ បានបង្វែ​ករណីនេះទៅជារឿង​ដែល​​គណបក្ស​ប្រជាជន វាយប្រហារទៅលើ​គណ​បក្ស សម រង្ស៊ី ទៅ​វិញ ដោយមិនបានគិតថា​ ករណីនេះគេនឹងអាច​ចោទជា​សំណួរបានក៍​ដោយ​​។
         
(នេះគឺជាឯកសារយោងតែមួយគត់ ដែលរបាយការណ៍ពិភពលោក​របស់​អង្គ​ការ HRW​​ដែល​ខ្ញុំបានពិនិត្យមើល ថាតើលោក ប្រេត អាដាំ លើកឯកសារយោងនេះ​បានត្រឹម​ត្រូវ​ដែរឬទេ? ខ្ញុំជ្រើសរើសចំណុចនេះ កឺដោយសារតែ​ឯកសារនោះ ជា​ឯកសារ​យោង​​លើក​ទីមួយ។)

          ​ភាគ​ច្រើន​នៃ​ឯកសារយោងចំនួន១៣ផ្សេងទៀត ហើយភាគច្រើនដែលលោក ប្រេត អាដាំ បាន​លើក​ឡើង​​ គឺជា​សេចក្តីប្រកាសព័ត៌មាន ដោយមាន​ធ្វើសេច​ក្តីអត្ថាធិប្បាយ លើព្រឹត្តិការណ៍​ថ្មីៗ​​មួយ​ចំនួននៅកម្ពុជា៖ ដូចរបាយការណ៍ពិភពលោករបស់អង្គការនេះ ពួកគេគ្រាន់​តែប្រាប់​យើង​ថា អង្គ​ការ​នេះ​បានគិតគូរពីកិច្ចការមួយចំនួន។ ជាថ្មីម្តងទៀត លោក ប្រេត អាដាំ ប្រហែល​​ជា​និយាយ​បំ​ផ្លើសទៀតថា គឺ​ឯកសារ​មុនៗបាននិយាយ។ ដូច​មាន​ឧទាហរណ៍ ទាក់ទងនឹង​ការ​ចរចា​ដើម្បី​បង្កើត​សា​លា​ក្តី​​ខ្មែរក្រហម លោក ប្រេត អាដាំ បានអះអាងថា «លោក ហ៊ុន សែន មាន​ពាក់ព័ន្ធនឹងល្បែង​ពន្យារ​ពេល​ចរចាជាមួយអង្គការសហប្រជាជាតិ (អ.ស.ប.) ដែលនាំ​ឲ្យ​មាន​សេចក្តី​សម្រេច​របស់ អ.ស.ប. ដកខ្លួនចេញពីការចរចា​ជាមួយរដ្ឋា​ភិ​បាល​របស់​គាត់» ​នៅឆ្នាំ​២០០២​ ។ គឺវា​ខុស​ស្រ​ឡះ​នូវ​អ្វីដែលមន្រ្តី អ.ស.ហ. បាននិយាយពេលនោះ ហើយ​ក៏មិនមែន​ជាអ្វីដែល​អង្គការ HRW បាននិយាយ​នៅក្នុង​​សេចក្តីប្រកាស​ព័ត៌​មានរបស់ខ្លួន ដូច​ដែលលោក ប្រេត អាដាំ បាន​លើកនោះ​ក៏ទេ​ដែរ។ ដោយ​​​ពិត​ទៅ​​សេចក្តីប្រកាសនោះ ​បង្ហាញ​​ពី​បំណង​ស្រពិច​ប្រពិល​របស់ អ.ស.ប. ក៏​ប៉ុន្តែ​គង់និយាយទៅ​វិញ​ថា​ អ.ស.ប. ​មិន​សប្បាយ​ចិត្ត​នឹង​ច្បាប់​ដែល​អនុម័​ត​ដោយ​រដ្ឋសភា កាលពីឆ្នាំមុន ​ហើយ​ដែល​​បានឡាយព្រះ​ហស្ថ​លេខា​ដោយ​ព្រះមហា​ក្សត្រ​ កាល​ពី​ខែ​សីហា ឆ្នាំ២០០១។ ឯកសារ​យោងបី​បួន​ផ្សេង​ទៀតរបស់​អង្គការ​ HRW ដែលហាក់ដូចជា «របាយ​ការណ៍» មុនៗ ដូចគ្នា​ដែរ​ទៅ​នឹង​ឯកសារ​យោង​​ថ្មីនេះ។

ជាសរុប ស្នៀតរបស់អង្គការ HRW នេះ វា​ហាក់បីដូចជាចង់ឲ្យ​គេមើល​ឃើញថា​ពួក​ខ្លួន​ជា​«មនុស្សល្អ» ដូច្នោះហើយពិភពលោកគួរតែទទួលយកអ្វី​ដែលពួកគេ​និយា​យ ដោយ​មិន​ចាំ​បាច់​តាម​​ដាន​រក ​«កាពិត» ឯណា ជា​បន្ទាល់ ដើម្បីគាំ​ទ្រ​នូវ​ជំហរទស្សនៈរបស់ពួកគេទេ ឬក៏​ដើម្បី​ពិនិត្យមើល​នូវ​អ្វី​ជាភស្តុតាងនោះ​​ ឬ​ក៏ចាំ​បាច់​រក​​អ្នក​ណា​ធ្វើជាសាក្សី ​គាំទ្រ​ដល់​ការ​ផ្ទុយនឹង​ទស្សនៈ​​​របស់​ពួកគេ។ រាល់​ការ​ប៉ុន​ប៉ង​បំ​ភ្លៃ និង​ភូត​កុហក់រឿង​រ៉ាវ​នានា ទៅលើរូបលោក ហ៊ុន សែន គឺ​ពិត​ជា​បានបំផុឧទាហរណ៍​យ៉ាង​ច្បាស់​​នៃ​អាកប្បកិរិយានេះ៕

ដោយ Allen Myers

No comments:

Post a Comment