Wednesday, January 21, 2015

សម្តេច​​តេជោ​ ហ៊ុន សែន​ ដឹក​​នាំ​​គណៈ​ប្រតិភូ​​ទៅ​​ចូល​​រួម​​វេទិកា​សេដ្ឋ​កិច្ច​​ពិភព​​លោក​​នៅ​​ប្រទេស​​ស្វីស​



សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំគណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋ​កិច្ច​ពិភពលោក ឆ្នាំ​២០១៥ រយៈពេល៤ ថ្ងៃ នៅ​ទីក្រុង​ដា​វ៉ូស​-​ក្លូ​ស្វ័​រ ប្រទេស​ស្វី​ស កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥​ តប​តាម​​ការ​អញ្ជើញ​​របស់លោក ក្លោ​ស ស្វា​ប់ នាយក​ប្រតិបត្តិ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ។
    ​
​ឯកឧត្តម​ ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ មុនពេល​អមដំណើរ​ស​ម្តេច​តេ​ជោ ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថា នៅ​ក្នុងការ​ស្នាក់នៅ​ប្រទេស​ស្វីស សម្តេច​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​២២ ខែមករា សម្តេច​តេ​ជោ ហ៊ុន សែន នឹងចូលរួម​ថ្លែង​សុន្ទរកថា​បើក​វេទិកា​វិ​និ​យោគ​មួយ ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា ក្រោម​ប្រធានបទ « កម្ពុជា​សករាជ​ថ្មី​នៃ​កាលានុវត្តភាព កំណើន ការដោះដូរ និង​សមាហរណកម្ម​អាស៊ាន​»  វិ​ទិ​ការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ទាក់ទាញ​វិនិយោគ​ឲ្យ​មកកាន់​កម្ពុជា ​បន្ថែមទៀត ដើម្បី​បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។ នៅ​ថ្ងៃទី​២៣ ខែមករា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ចូលរួម​ក្នុងសម័យ​ប្រជុំ​ស្តីពី សន្តិសុខ​ស្បៀង​ពិភពលោក គោលដៅ​អភិវឌ្ឍន៍​ប្រក​ដោយ​ចី​រ​ភាព​សម្រាប់​ឆ្នាំ​២០១៥​។ នៅ​រសៀល​ថ្ងៃទី ២៣ មករា​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​សម័យប្រជុំ​មួយទៀត​ស្តីពី « តើ​សេដ្ឋកិច្ច​អាស៊ាន​ទទួលផល​ប្រយោជន៍​ពី​សមាហរណ​កម្ម ក្នុង​តំបន់​យ៉ាងដូចម្តេច ក្នុង​បរិបទ​សេដ្ឋកិច្ច​សាកលលោក​?»  នៅ​រសៀល​ថ្ងៃ​ដដែល​នោះ សម្តេច​តេ​ជោ​ ហ៊ុន សែន ក៏​នឹងចូលរួម​នៅក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ជាមួយ​ថ្នាក់ដឹកនាំ​ធុរកិច្ច​។​

ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ​ បាន​បន្ត​ថា បន្ទាប់មក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​អនុញ្ញាត​ឲ្យ​លោក​ហ្វី​លី​ព​រ៉ូ​ស្ទ័​រ នាយក​គ្រប់គ្រង​វេទិកា​សេដ្ឋកិច្ចពិភពលោក ចូលជួប​សំដែង​ការគួរសមផង​ដែរ​។ នៅពេល​រាត្រី សម្តេច​តេ​ជោ ហ៊ុន សែន នឺង​ចូលរួម​ក្នុងកម្មវិធី​« ​រាត្រី​ម៉ាឡេស៊ី » ដោយសារ​ម៉ាឡេស៊ី ជា​ប្រធាន​អាស៊ាន​។​
កិច្ចប្រជុំ​ប្រចាំឆ្នាំ​​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៥​។ ជាគោលការណ៍​រួម កិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​របៀបវារៈ​ថ្នាក់​តំបន់ និង​សកលលោក ក្នុង​បរិបទភូមិសាស្ត្រ​នយោបាយ រួមទាំង​ភូមិសាស្ត្រ​សេដ្ឋកិច្ច​ដែល​កំពុងមាន​ការវិវឌ្ឍ​ជាស​កល​ផង ដែរ ។     ​នេះ​ជា​វេទិកា​សេដ្ឋកិច្ចពិភពលោក លើក​ទី​៤៥ ដែលជា​វេទិកា​មួយ មិន​រកប្រាក់​កម្រៃ និង​ប្រមូលផ្តុំ​ទៅដោយ​អ្នកប្រាជ្ញ អ្នក​វិទ្យាសាស្ត្រ អ្នកជំនួញ ជុំវិញ​ពិភពលោក អ្នក​កាន់សាសនា អ្នកសារព័ត៌មាន សង្គម​ស៊ីវិល ប្រមាណ ២.៥០០ នាក់​ចូលរួម ហើយ​ក្នុងនោះ មាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ចំនួន​ប្រមាណ ៤០ បាន​ចូលរួម ដែលមាន​សម័យប្រជុំ​ប្រមាណ ២៨០ ដាច់ដោយឡែក​ពីគ្នា​។ កិច្ចប្រជុំ​លើក​ទី ៤៥ នេះ ផ្តោតទៅលើ​ប្រធានបទ សំខាន់ៗ​ចំនួន ៤ គឺ កំណើន​ និង​ស្ថិរភាព វិបត្តិ និង​កិច្ចសហប្រតិបត្តិការ សង្គម និង​សន្តិសុខ ការរកឃើញ​ថ្មី និង​ឧស្សាហកម្ម​។
គណៈប្រតិភូ ដែល​នឹង​អញ្ជើញ​អមដំណើរ​ជាមួយ​នាយករដ្ឋមន្ត្រី ទៅ​ចូលរួម​កិច្ចប្រជុំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ឆ្នាំ​២០១៥ នៅ​ប្រទេស​ស្វី​ស​នេះ រួមមាន​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម អូន​ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​សមាជិក​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ទៀត​។

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញមកដល់មាតុប្រទេសវិញ នៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥៕

No comments:

Post a Comment