Monday, December 22, 2014

ពិធីលាង​សាយ​ភោជន៍​របស់​ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ ជូន​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​​នៃ ប្រទេស​មហា​អនុតំបន់​មេគង្គ ដែល​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើក​ទី៥

នៅរាត្រីថ្ងៃទី១៩ធ្នូ ឆ្នាំ២០១៥​ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាប្រធាន កិច្ចប្រជុំកំពូល នៃមហា​អនុតំបន់​មេគង្គ​លើកទី៥ និងលោកជំទាវ បានប្រារព្ធពិធី​លាង​សាយ​ភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូន​សម្តេច​ឯកឧត្តម​បណ្តា​ប្រមុខ​រដ្ឋ-ប្រមុខរដ្ឋា​ភិបា​ល​​នៃបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ និងគណៈប្រតិភូ ដែលបានអញ្ជើញចូល​រួមកិច្ច​ប្រជុំ​កំពូលមហាអ​នុ​តំបន់មេគង្គ​លើកទី៥​ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមហាអនុតំបន់មេគង្គ ដែលបានអញ្ជើញចូល រួម ក្នុង​ពិធីលាងសាយ​ភោជន៍ជាមហា​កិត្តិយស​នោះរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ខឺឈាង នាយករដ្ឋ​មន្រ្តី​ចិន ឯកឧត្តម ថងស៊ីង ថាមម៉ាវង្ស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឡេ លឿងមិញ  អគ្គលេខាធិការអាស៊ាន។

ថ្លែងទៅកាន់មេដឹកនាំ នៃប្រទេសក្នុងមហាអនុតំពន់មេគង្គ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាប្រធានកិច្ចប្រជុំកំពូល នៃមហាអនុតំបន់មេគង្គលើកទី៥ មាន​ប្រសា​សន៍​ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច ឯកឧត្តមប្រមុខរដ្ឋ ប្រមុខរដ្ឋា​ភិបា​ល និងគណៈប្រតិភូទាំងអស់ នៃបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបានចំណាយ​នូវ​ពេល​វេលាដ៏មានតំលៃបំផុត អញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ នៅទីក្រុងបាងកកដ៏បវរនៃព្រះរាជាណាចក្រថៃ។

ឯកឧត្តមឧត្តមសេនីយ៍មានប្រសាសន៍បន្តថា ឯកឧត្តមផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋថៃទាំងអស់ មានការរីរាយខ្លាំងណាស់ ក្នុងការធ្វើគារ​វ​កិច្ច​ស្វាគមន៍ចំពោះវត្តមានរបស់បន្តាប្រមុខរដ្ឋ ប្រ​មុខ​រដ្ឋាភិបាល និងប្រតិភូទាំងអស់ នៃប្រទេសក្នុងមហាអនុតំបន់មេគង្គ ដែលបាន​ខិត​ខំពុះពារ​នូវ​រាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការសំរេចបាននូវសមិទ្ធផលដ៏ធំធេង បន្ទាប់ពីកិច្ចប្រជុំ​កំពូ​ល​​មហាអនុតំបន់មេគង្គលើកទី៤ ដែលបានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។ ឯកឧត្តមឧត្តមសេនីយ៍មានប្រសាសន៍បញ្ជាក់បន្ថែម ថា ថ្ងៃនេះយើង​ទាំងអស់គ្នាបាន​មកជួប​ជុំ​គ្នា ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ ដើម្បី​ផ្លាស់​ប្តូរយោបល់​លើវិធីសាស្រ្ត ក្នុងការពង្រឹងភាពជាដៃគូរបស់យើង ដើម្បីគាំទ្រដល់កិច្ច​សហ​ប្រតិបត្តិការរបស់ប្រទេស ក្នុងមហាអនុតំបន់មេគង្គ។

ឯកឧត្តមប្រធានកិច្ចប្រជុំកំពូលលើកទី៥ បានធ្វើការកត់សំគាល់នៅក្នុងសុន្ទរកថាគន្លឹៈនោះថា ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ១៩៩២ កម្មវិធីកិច្ច សហប្រតិបត្តិការនៃប្រទេស GMS សម្រេច​បាននូវភាពជោគជ័យយ៉ាងធំធេង។ ដៃគូអភិវឌ្ឍន៍នានាបានសហការ​ជាមួយ​ប្រទេស GMS ក្នុង​ការបង្កើតការតភ្ជាប់ក្នុងតំបន់ ពិសេសជម្រុញឲ្យមានការប្រកួតប្រជែង និងបង្កើតស្មារតី​សហគមន៍​ឲ្យបាន​ច្រើន​ជាងមុន។ ឯកឧត្តមប្រធានមានប្រសាសន៍បន្ថែមថា ចាប់តាំងពីឆ្នាំ ១៩៩៣ដល់ឆ្នាំ២០១៣ ដៃគូអភិវឌ្ឍន៍​បានរួមចំណែក​ជាទឹក​ប្រាក់​សរុប ១២ពាន់២០០លាន​ដុល្លា​អាមេរិក សម្រាប់គម្រោងវិនិយោគ និងទឹកប្រាក់ចំនួន៣១១លានដុល្លា សម្រាប់គម្រោង​ជំនួយ​បច្ចេក​ទេស។

ក្រៅពីការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដ៏ច្រើននោះ ការគាំទ្រ​របស់ដៃគូ​អភិវឌ្ឍន៍​ក៏ធ្វើឡើងក្នុង​ទ្រង់​ទ្រាយផ្សេងៗ ដូចជាការផ្តល់ចំណេះដឹង ការណែនាំអំពីគោលនយោបាយ និង​អភិវឌ្ឍក្រម​នវានុវត្តន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕
អត្ថបទ ៖ ខេមរា  

No comments:

Post a Comment