Monday, December 22, 2014

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម​ឧត្តម​សេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយក​រដ្ឋមន្រ្តីថៃ

នៅល្ងាចថ្ងៃទី១៩ធ្នូ ឆ្នាំ​២០១៤  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួប​ពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលថៃ ឯកឧត្តម​ប្រាយុទ្ធ ចាន់អូចារ មានប្រសាសន៍​សំដែងនូវ ការស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែល​បានឆ្លើយតបតាមការ អញ្ជើញរបស់ឯកឧត្តម មកចូលរួមកិច្ចប្រជុំកំពូល​មហា​អនុតំបន់​មេគង្គលើក ទី៥ នៅទីក្រុងបាងកក ប្រទេសថៃ។

សម្តេចតេជោនាយករដ្ឋ​មន្រ្តីមាន​ប្រសាសន៍​អបអរសាទរ ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី ដែល​បានទទួល​ធ្វើជាប្រធាន​កិច្ចប្រជុំ​កំពូល មហាអនុតំបន់មេគង្គលើកទី៥។ សម្តេចតេជោ​មាន ប្រសាសន៍បន្តថា កន្លងមកសម្តេចផ្ទាល់ធ្លាប់ធ្វើជាប្រធាន កិច្ចប្រជុំ​កំពូល​មហាអនុតំបន់​មេគង្គលើកទី១ ហើយកិច្ចប្រជុំកំពូលលើកទី៥នេះ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចារ ធ្វើជាប្រធាន​ដឹកនាំកិច្ចប្រជុំកំពូល។ ក្នុងជំនួបពិភាក្សាគ្នានេះ​ដែរ សម្តេចតេជោនាយករដ្ឋ​មន្រ្តីបាន​ឯកភាព​ជាមួយ និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ អំពីទំនាក់ទំនងល្អ​នៃ​ប្រទេសទាំងពីរ ដែលកំពុង​មាន​ដំណើរការទៅមុខ ដោយមិនមានការថយក្រោយ។

ក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើង នូវចំណុច​សំខា​ន់ៗ​ចំនួន៦ក្នុងនោះរួមមាន៖

ទី១សម្តេច​តេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍ ស្នើសុំឲ្យមាន​នូវការ​ប្រជុំ​ឲ្យបានឆាប់ ចំពោះក្រុម ការងារ ចម្រុះរបស់ប្រទេសទាំងពីរ ដដែលពាក់ព័ន្ធ​ទៅនិងការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស នៅតំបន់ព្រំដែន ខេត្តកោះកុងរបស់កម្ពុជា ជាមួយនិង​ខេត្តត្រាត​របស់​ថៃ ប៉ោយ​ប៉ែតរបស់កម្ពុជា ជាមួយអារញ្ញប្រាថេតរបស់ថៃ និងតំបន់ផ្សេងៗទៀត។

ទី២ការ​ស្នើឲ្យមានការបើកច្រកថ្មីស្ទឹងបត់ ដែលរួមទាំងការផ្ទេហិរញ្ញប្បទានពីការ កសាងផ្លូវជាតិ​លេខ​៤៨ សម្រាប់ប្រើ​ប្រាស់​ដល់​ការ​ស្ថាបនាផ្លូវ ស្ពាន នៅច្រកព្រំដែនស្ទឹងបត់ ទី៣ជំរុញឲ្យ មាន​ការ​ពិភាក្សា​គ្នា​លើ​តំបន់​ត្រួតស៊ីគ្នានៅតំបន់ព្រំដែនសមុទ្រ របស់ប្រទេសទាំងពី​ឲ្យបាន​ឆាប់​តាម​ដែល​អាចធ្វើទៅបាន។

ទី៤ពាក់ព័ន្ធទៅនឹងពលករកម្ពុជា ដែល​កំពុង​ធ្វើការនៅប្រទេសថៃ សម្តេច​តេជោមានប្រសាសន៍ ថ្លែងនូវអំណរគុណ​ជូនចំពោះ​រដ្ឋា​ភិបាល​ថៃ ដែលបានផ្តល់​នូវ​ការ​គាំទ្រនិង​ការការ​ពារដល់ពលករកម្ពុជា តាមរយៈនេះ កម្ពុជា​នឹង​ត្រៀម​បញ្ជូនមន្រ្តី​កម្ពុជា​ចំនួន១០​នាក់​បន្ថែមទៀត មកប្រទេស​ថៃក្នុងការ​បំពេញ​ការការ​ផ្តល់នូវលិខិត​ឆ្លងដែនដល់​ពលករ​កម្ពុជា ដែល​មួយ​ចំនួនមិនទាន់មាននៅ ឡើយ ពោលគឺក្នុងចំណោមពលករ​កម្ពុជាជាង​៦១ម៉ឺន​នាក់ ​ដែលកំពុងធ្វើការនៅប្រទេសថៃមាន ពលករ​ជាង​៤ម៉ឺន​២ពាន់នាក់ ដែលជាកូន ចៅរបស់ពលករ។

ទី៥ពាក់ព័ន្ធនិងការអភិវឌ្ឍធនធានមនុស្ស សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​ស្នើ​ឲ្យមានការប្តូរ វិទ្យាល័យកំពង់ឈើទាល ក្នុងខេត្តកំពង់ធំ ឲ្យក្លាយទៅជាវិទ្យាស្ថាន​បច្ចេកទេសវិញ និងវិទ្យាល័យ ដែលគ្រោងនិងបង្កើតនៅខេត្តកោះកុង ឲ្យមកបង្កើត​នៅខេត្ត​កំពង់ស្ពឺវិញ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងនូវអំណរគុណជូនចំពោះរាជរដ្ឋាភិ​បាល ថៃដែលបានផ្តល់អាហារូបករណ៍ ចំនួន១៩៦កន្លែងដល់កម្ពុជា និងទី៦ពាក់ព័ន្ធទៅនិង​វត្ថុ​បុរាណ​​កម្ពុជាដែលបានបាត់បង់ទៅនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីស្នើដល់ភាគីថៃ ទី១អនុ​ញ្ញាត​ឲ្យ​អ្នក​ឯកទេសកម្ពុជាមកពិនិត្យមើលវត្ថុបុរាណ ដែលរាជរដ្ឋាភិបាលថៃទើបនិងធ្វើការ​ចាប់​បាន កាលពី ពេលថ្មីៗកន្លងទៅ និងទី២ស្នើឲ្យភាគីថៃមានការបន្ធូរបន្ថយ នូវលក្ខខណ្ឌដ៏តឹងរឹង​មួយចំនួន ដែលទាក់ទិនទៅនិងវត្ថុបុរាណដ៏មានតំលៃទាំងនោះ។ ជា​ការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចារ មានប្រសាសន៍ទាក់ទិន​ទៅនិង​ចំណុច៖


ទី១ ឯកឧត្តមបាន​ស្នើឲ្យក្រុម​ការងារនៃប្រទេសទាំងពីរជួបប្រជុំគ្នាឲ្យបានឆាប់ ដើម្បី​ពិនិត្យ​នូវ​ការវាយ តំលៃរួមគ្នា។

ទី២​ទាក់​ទិនទៅ​និងតំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​តំបន់ព្រំដែន ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ មាន ប្រសាសន៍ថា ភាគីថៃ​មានបាន​បង្កើត​ឡើង​នូវគណៈកម្មការ​រួចហើយ តាមរយៈ​នេះ​ឯកឧត្តម​មានប្រ សាសន៍ដោយសេចក្តីសង្ឃឹមថា ភាគីទាំងពីរ​នឹង​ធ្វើការ​ពិភាក្សា​គ្នាកាន់​តែឆាប់​តាមដែលអាច ធ្វើទៅ បាន ពិសេស​ពាក់ព័ន្ធទៅនិងការជួញដូរ​ទំនិញ​ឆ្លងដែន នៃប្រទេសទាំងពីរ

ទី៣ពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នា ក្នុងតំបន់សមុទ្រ​នៃប្រទេសទាំងពីរ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តម​នឹង​ជម្រុញ​ឲ្យស្ថាប័ន​របស់​ថៃ ចាប់​ផ្តើម​ធ្វើ​ការពិភាក្សាជាមួយនិងភាគីកម្ពុជា។

ទី៤៖ ពាក់ព័ន្ធទៅនិងពលករកម្ពុជាដែលកំពុង​បំរើ​ការងារក្នុង ប្រទេសថៃ ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូន​ចំពោះ​សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលគ្រោងនិងបញ្ជូន ក្រុមការងារមកធ្វើលិខិតឆ្លងដែន ជូន​ដល់​ពលករកម្ពុជា ដែលក្នុងនោះភាគីថៃ នឹងផ្តល់នូវការ សហការនិងការគាំ​ទ្រក្នុងការជួយ​គ្នាទៅ​វិញទៅមក ក្នុងការផ្តល់នូវភាពស្របច្បាប់ដល់ពលករ កម្ពុជា

ជាមួយគ្នានេះឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ដល់ភាគីកម្ពុជាកំណត់ឲ្យបានច្បាស់ នូវ ច្រកចេញចូល ដើម្បីឲ្យ​ពលករ​កម្ពុជា​មានលក្ខណៈងាយស្រួលក្នុងការធ្វើលិខិតឆ្លងដែន និង​ជួយសំរួលដល់ការងារគ្រប់គ្រង និងទី៥ពាក់​ព័ន្ធ​និងការផ្ទេរការកសាងវិទ្យាល័យ​នៅខេត្ត​កោះ​កុង មកធ្វើ ការសាងសង់នៅ ខេត្តកំពង់ស្ពឺ និងការប្តូរវិទ្យាល័យកំពង់ឈើទាល ខេត្តកំពង់ធំ ឲ្យទៅ​ជាវិទ្យាស្ថានបច្ចេកវិទ្យា ឯកឧត្តមមាន ប្រសាសន៍ថា បញ្ហានោះឯកឧត្តម​បានទួល​សម្តេច​ព្រះមហាចក្រី សិរិន្ទ ថន រួចហើយ ដោយសារ​នោះគឺជា​គំរោង​របស់​ផ្ទាល់​របស់ សម្តេច​មហា​ចក្រី។ និងទី៦៖ ពាក់ព័ន្ធទៅនិងវត្ថបុរាណ ឯកឧត្តមនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ថា ប្រសិន​ជា​កម្ពុជា​មាន​ភស្តុតាងប្រមាណ ៧០%នោះ ភាគីថៃនឹងអាចទទួលយកបាន ដោយមិនចាំ​បាច់​​១០០%នោះទេ។

ជាមួយគ្នានេះភាគីថៃសូមស្វាគមន៍ចំពោះភាគីកម្ពុជា ក្នុងការ​បញ្ជូន​អ្នកឯក ទេសមកកាន់​ប្រទេស​ថៃ ដើម្បីពិនិត្យ​វត្ថុបុរាណ​ដែលភាគី​ថៃចាប់រឹប​អូសបាន។ ឯកឧត្តមនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ សង្កត់ធ្ងន់ថា ថ្វីត្បិតវត្ថុ​បុរាណទាំងនោះ​មានការបាត់​បង់ភស្តុតាង​ក៏ពិត​មែន ប៉ុន្តែ​អ្នក​បច្ចេកទេស អាចធ្វើការពិនិត្យផ្ទៀងផ្ទាត់ជាមួយគ្នាបាន៕
អត្ថបទ៖ ខេមរា

No comments:

Post a Comment