Monday, December 22, 2014

ក្រសួង​ការងារ​នឹងចាត់​វិធាន​ការតាម​ផ្លូវច្បាប់​ចំពោះ​រោងចក្រ ដែលនៅតែ​ប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​វិស័យ​កាត់ដេរ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ថ្លែងក្នុងពិធីចុះហត្ថលេខាបញ្ឈប់ពលកម្មកុមារ ក្នុងវិស័យកាត់ដេរ រវាងអង្គការអន្ដរជាតិខាងការងារ និង​សមាគម​រោង​ចក្រកាត់ដេរកម្ពុជាកាលពីរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៤ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានព្រមានថា ចាប់ពីពេលនេះតទៅ ប្រសិនបើរោងចក្រ សហគ្រាសទាំងឡាយណាមិនបញ្ឈប់ការ ប្រើប្រាស់ពលកម្មកុមារ នៅក្នុងវិស័យកាត់ដេរសម្លៀក បំពាក់នោះទេ ក្រសួងនឹង​ចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត តាមកិច្ចព្រមព្រៀងស្ដីពីការបញ្ឈប់ពលកម្មកុមារនៅក្នុង វិស័យកាត់ដេរនេះ។
ឯកឧត្តមបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញ នូវកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លា និងមានស្មារតីទទួល ខុសត្រូវប្រកបដោយ វិជ្ជាជីវៈរបស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងកិច្ចការពារកុមារពីការងារប្រកបដោយគ្រោះថ្នាក់ និង ពង្រីកយន្តការប្រឆាំងពលកម្មកុមារក្នុងវិស័យ កមន្តសាល ដែលជា​មុខព្រួញ​សេដ្ឋកិច្ច​ដ៏ចម្បងបំផុតមួយនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កន្លងមកមានកុមារមួយចំនួនបាន លួចកែ​ទិន្នន័យបង្កើន​អាយុក្នុង​អត្តសញ្ញាណ ប័ណ្ណដើម្បី​អាច​ចូលបម្រើការងារក្នុងវិស័យឧហ្សាហកម្ម ដែលនាំឱ្យមានកុមារក្រោមអាយុបាន ចូលធ្វើការងារ។

ឯកឧត្តមបានចាត់ទុកថា តាមរយៈកិច្ចព្រមព្រៀងនេះ គឺជាក្របខ័ណ្ឌយ៉ាងរឹងមាំសម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការចូល រួមចំណែកលើកកម្ពស់លក្ខខណ្ឌការងារ និងធានាសុវត្ថិភាពការងារដល់ពលករវ័យក្មេង ដែលច្បាប់អនុវត្តន៍ឱ្យបម្រើ ការងារ ព្រមទាំងកែលម្អការងារប្រឆាំងពលកម្មកុមារឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅលុបបំបាត់ពលកម្ម កុមារក្នុងឧហ្សាហកម្មកាត់ដេរសម្លៀកបំពាក់បានទាំងស្រុង។

យោងតាមកិច្ចព្រមព្រៀងស្ដីពីការបញ្ឈប់ពលកម្មកុមារ នៅក្នុង វិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាបានឱ្យដឹងថា ក្រុមការងារនេះ នឹងធ្វើការ​ត្រួតពិនិត្យ​លើកម្មករ​ដែលមានអាយុក្រោមច្បាប់កំណត់ ដើម្បីឱ្យពួកគេបានទៅធ្វើការងារ នៅកន្លែងដែលមានទំហំការងារស្រាល និង មានសុវត្ថិភាពខ្ពស់។

លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ពលកម្មកុមារ នៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះច្រើន​បើប្រៀប​ធៀបទៅនឹងឆ្នាំ២០១៣កន្លងមក។

ក្នុងផែនការប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តដើម្បីសម្រេចគោលដៅ កាត់បន្ថយ ពលកម្មកុមារ នៅឆ្នាំ ២០១៥ឱ្យមកត្រឹម៨% និងចូលរួមឆ្ពោះទៅការបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃ ពលកម្មកុមារនៅត្រឹម ឆ្នាំ២០១៦ខាងមុខ៕
ដោយ អ៊ុន រិទ្ធី

No comments:

Post a Comment