Monday, December 22, 2014

សកម្មភាព​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ចូល​រួមកិច្ច​ប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ លើកទី៥ នៅទីក្រុង​បាងកក ព្រះរាជា​ណាចក្រថៃ

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៥ ក្រោមប្រធានបទ  «  ការប្តេជ្ញាចិត្ត ដើម្បី​កិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និង​ចីរភាពក្នុងមហាអនុតំបន់មេគង្គ » បាន​ប្រារព្ធ​ពិធីបើក​ជាផ្លូវ​ការ​នៅ​ព្រឹកថ្ងៃទី២០ធ្នូ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ប្រមុខ​រដ្ឋ ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេសមហាអនុតំបន់មេគង្គ រួមមាន សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ខឺឈាង នាយក​រដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិចិន ឯកឧត្តម ថងស៊ីង ថាមម៉ាវង្ស នាយក​រដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឡេ លឿងមិញ  អគ្គលេខាធិការអាស៊ាន រួមទាំង​ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ក្រោមវត្តមាននៃ​ការស្វាគមន៍​យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូ​ចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​កំពូល​មហាអនុតំបន់មេគង្គ (GMS) លើកទី៥។

នៅមុនពិធីបើកកិច្ចប្រជុំកំពូលរបស់ខ្លួន បណ្តាមេដឹកនាំទាំងអស់ បាន​ទស្សនាខ្សែវីដេអូ ស្តីពី​សកម្មភាពរបស់បណ្តាប្រទេស ក្នុងមហាអនុតំបន់មេគង្គ ពិសេស ក្រោមកិច្ច​អភិវឌ្ឍន៍​របស់​ខ្លួន​។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលើកទី៥ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋ​មន្រ្តី​ថៃ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​មហាអនុតំបន់មេគង្គ (GMS) លើកទី៥ បានធ្វើការ​គូស​បញ្ជាក់ថា កាលពី២០ឆ្នាំមុនគ្មាននណាម្នាក់គិតថា ប្រជាជន​នៃប្រទេស​ទាំង៦​របស់យើង និងអាចទាក់ទង គ្នាដោយងាយស្រួលដូចថ្ងៃនេះទេ និងក៏មិនមានអ្នកណាជឿថា ផ្នែកធុរកិច្ច​អាចធ្វើការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ព្រំដែនថៃ វៀតណាម ក្នុងពេល១ថ្ងៃបាននោះទេ នេះចក្ខុ​វិស័យ​ដែលមេដឹកនាំនៃ ប្រទេសទាំង៦ បានខិតខំរួមគ្នានិង ភាព​ជោគ​ជ័យ​នៅក្នុង​ការកសាង​បណ្តាញដឹកជញ្ជូន ដែលផ្សារ ភ្ជាប់ប្រជាជនប្រមាណ៣២០លាននាក់។

ឯកឧត្តមប្រធានមានប្រសាសន៍ដោយឈរលើហេតុផលនៃការតភ្ជាប់នេះ ដែលធ្វើឲ្យអាស៊ាន​បាន​រួមចំណែកជម្រុញ​ដល់បណ្តា​ប្រទេស​ក្នុង GMS ខិតខំធ្វើសមាហរណកម្មរបស់ខ្លួន ដល់​ការ​រួម​ចំណែកដល់ការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥។

នៅក្នុង​សុន្ទរកថាគន្លឹៈនោះដែរ ឯកឧត្តមប្រធានមានប្រសាសន៍ថា ប្រធានបទដែល​យើងនឹង​លើកយកមក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើកទី​៥នេះ គឺពិតជាសមស្រប ទៅនិងសភាព​ការណ៍​វិវត្តន៍ របស់ពិភពលោក ក្នុងការប្តេជ្ញាចិត្តដើម្បីជំរុញកំណើនរួម និងប្រកបដោយចីរភាព​។ ឯកឧត្តម​មានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំខាងមុន បណ្តាមេដឹកនាំ GMS បានដាក់​ចេញនូវ ផែនការវិនិយោគយ៉ាងប្រុងប្រយ័ត្ន ដែលមានទឹកប្រាក់ប្រមាណ ៣០ពាន់លាន​ដុល្លា​អាមេរិក ហើយដែលមេដឹកនាំទាំងអស់ នឹងធ្វើការពិចារណារួមគ្នា ក្នុងការអនុវត្តនូវ​ផែនការ​ដ៏មានសារៈ សំខាន់នោះ។ ឯកឧត្តម បន្តថា សម្រាប់រយៈពេល១០ឆ្នាំខាងមុន សម្រាប់ផែន​ការ​សកម្មភាព និងត្រូវអនុម័ត និង​អនុវត្តលើវិស័យ ទាំង៧ រួមមានទី១ការប្រើប្រាស់នូវការ​តភ្ជាប់​នៃច្រកសេដ្ឋកិច្ច តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅ​តាម​ច្រក​ព្រំដែន ដើម្បី​បង្កើត​កំណើនក្នុងតំបន់ បង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន ទី២ ការបង្កើនដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវគោក ផ្លូវ​ហាយ​វេ ផ្លូវអាកាសនិងផ្លូវដែក ដើម្បីភ្ជាប់ប្រទេសក្នុងមហាអនុតំបន់ ទី៣​បង្កើន​ការសំរួលពាណិជ្ជ កម្ម និងកាត់​បន្ថយ​នូវ​ភាពស្មុក​ស្មាញ់​នានា តាមរយៈនោះថៃ​នឹ​ង​បង្កើត​ផ្លូវ​ហាយវេចំនួន៨ទៀត នៅពេលខាងមុខ ទី៤បង្កើនកិច្ចសហប្រតិបត្តិការពី​គ្រប់ស្ថាប័ន​អន្តរជាតិ និង​ដៃគូរអភិវឌ្ឍដល់ គំនិតផ្តួចផ្តើមរបស់យើង ទី៥ការបង្កើនផល​ប្រយោជន៍​និង​លើក​​ទឹកចិត្តដល់ផ្នែកឯកជន ដល់ការអភិវឌ្ឍន៍ក្នុងតំបន់ ទី៦​ការអភិរក្សបរិស្ថាន​និងការ​គ្រប់​គ្រង​គ្រោះមហន្តរាយ និងទី៧ការរួមគ្នា សំរេចឲ្យបាន នូវសេដ្ឋកិច្ចមេគង្គពណ៌បែតង។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើ​ញ​ថ្លែង សុន្ទរកថា​គន្លឹៈ​ក្នុងពិធី​បើកកិច្ច​ប្រជុំ​កំពូល​មហាអនុតំបន់មេគង្គលើកទី៥ ក្នុងខ្លឹម​សារដ៏​មាន​អត្ថន័យ​បំ​ផុត។

​នៅក្នុងបទអន្តរាគមន៍នោះដែរ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃ​សាធារណរដ្ឋ​ប្រជា​មានិតចិន ឯកឧត្តម ថងលួង ថាមម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថេន សេន ប្រធានា​ធិបតី​​នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ារ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋ​មន្រ្តីនៃ​សាធារ​ណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានបទ​អន្ត​រាគមន៍ របស់ខ្លួន​ដោយបាន​សង្កត់​ធ្ងន់​ថា បើទោះបីជាសេដ្ឋកិច្ចពិភពលោក​មានការងើប​ឡើង មានភាព យឺតយ៉ាវក៏ពិតមែន ប៉ុន្តែជារួមសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេស GMS មាន​ការរីកចំរើនគួរឲ្យកត់ សំគាល់ផងដែរ។

ជាមួយគ្នានេះចិននៅតែប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការ ខិតខំសំរេចនូវគោលដៅរបស់ខ្លួន។ គាំទ្រ​ដល់​សមាហរណកម្មអាស៊ាន និងចាត់​ទុក​អាស៊ានជាអាទិភាពធំបំផុតរបស់ចិន ពិសេស​បណ្តា​ប្រទេសក្នុងមហាអនុតំបន់មេគង្គ។ ជាមួយនិងការថ្លែងនូវសុន្ទរកថាគន្លឹៈនោះដែរ ឯកឧត្តម​នាយក រដ្ឋមន្រ្តីចិន លី ខឺឈាង មានប្រសាសន៍ទៅកាន់បណ្តាមេដឹកនាំនៃប្រទេសមេគង្គ ដែរថា ប្រទេស​ចិននិង​ផ្តល់​ថវិកា​ចំនួន១០០លានយន់ ដល់ការចូលរួមចំណែក​ជួយថែ​រក្សាផ្ទៃ​ទឹកក្នុងបណ្តា ប្រទេស GMS។ ដោយឡែកនៅក្នុងបទអន្តរាគមន៍របស់ ឯកឧត្តម ថងលួង ថាមម៉ាវង្ស នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋ សហភាព​មីយ៉ាន់ម៉ារ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម ឯកឧត្តមប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី  បានសង្កត់ធ្ងន់​​ពី សារៈសំខាន់ក្នុងការនៃភាព​ជាដៃគូ​របស់​បណ្តាប្រទេស ទាំងអស់ ពិសេសការការប្តេជ្ញានិងការសហការដើម្បីឲ្យតំបន់ របស់យើង​ទទួ​លបានជោគជ័យទ្វេឡើង ថែមទៀត ពិសេសការចូរួមលើកកម្ពស់ជីវភាពរស់នៅ និងការ​កាត់​​បន្ថយភាពក្រីក្រ របស់ប្រជាជនក្នុងតំបន់។ បន្ទាប់មកបណ្តាមេដឹកនាំនៃមហា អនុតំបន់មេគង្គ GMS បានអញ្ជើញ ចូលរួម​ក្នុងកិច្ច​ប្រជុំ​កំពូ​ល ចង្អៀតរបស់ខ្លួន ប្រកប​ដោយ​បរិយា​កាស​ស្និតស្នាលរ៉ាក់ទាក់បំផុត។ 

នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ បណ្តាមេដឹកនាំនៃប្រទេស GMS បាន​បញ្ជា​ក់​អះអាងជាថ្មីនូវទិសដៅដ៏ទូលំទូលាយ កម្លាំង​ចលករសំខាន់ៗ និងអភិក្រមដូច​បា​នកំ​​ណ​ត់​នៅ​ក្នុង​ក្របខណ្ឌ យុទ្ធសាស្រ្ត GMS ២០១២-២០២២ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល GMS លើកទី៤ នៅទីក្រុងណៃពីដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ កាលពីខែ​ធ្នូ​ឆ្នាំ​២០១១។

ជាមួយ​គ្នានេះមេដឹកនាំទាំងអស់ បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹង​ប្រែងដ៏ធំធេងរបស់ រដ្ឋមន្រ្តី ឧត្តមមន្រ្តី និងភាគី​ពាក់ព័ន្ធ​នានា ក្នុងការប្រែក្លាយក្របខណ្ឌយុទ្ធសាស្រ្ត GMS ទៅ​ជាក្របខណ្ឌវិនិយោគតំបន់ ដោយមានអនុលោមភាពជាមួយនឹងការចង្អុល​បង្ហាញ​​របស់​យើ​ង ដើម្បី បង្កើតនូវបណ្តុំផលបត្រនៃគម្រោង GMS ជំនាន់ទី២ សម្រាប់ ទសវត្សរ៍ថ្មី។

នៅក្នុង​កិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំនៃប្រទេស GMS ទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែង​បច្ចុប្បន្ន​កំពុងផ្តោតទៅ​លើការ​អនុវត្ត​យ៉ាង​ហ្មត់ធ្យ័ត និងអនុលោមតាមកាលវិភាគនៃ​ក្របខណ្ឌ​វិនិយោគតំបន់ ដើម្បីសម្រេចឲ្យបាននូវគោលដៅចុងក្រោយ នៃកិច្ចអភិវឌ្ឍន៍ប្រកប​ដោយ​បរិយាប័ន្ន និងចីរភាពនៅក្នុង GMS តាមរយៈការរួមកម្លាំងគ្នាឆ្ពោះទៅរកការប្រតិបត្តិមួយ ដែល​មានប្រសិទ្ធ ភាពឆាប់រហ័ស និង​ប្រកបដោយជោគជ័យនៃគម្រោងវិនិយោគអាទិភាព និង​កិច្ចសហប្រតិបត្តិការ ដទៃទៀត ដែលកំពុងអនុវត្តន៍ ដែលបាន​ឯកភាព​គ្នាកន្លង​មក និងធ្វើ​ប្រត្យក្ស​នីយកម្មនៃផល ប្រយោជន៍ របស់គម្រោងទាំងនោះ សម្រាប់ប្រជាជននៃប្រទេស GMS ដូច​បានចង្អុល​បង្ហាញដោយ​ផែនការនៃការអនុវត្តមានលក្ខណៈជាក់ស្តែង និងច្បាស់លាស់ និងការកៀរគរការគាំទ្រពីភាគី ពាក់ព័ន្ធទាំងអស់។

មេដឹកនាំទាំងអស់បានគត់សំគាល់ថា ផែន​ការ​អនុវត្តក្រមខណ្ឌវិនិយោគតំបន់ ដែលបានបាន កំណត់គម្រោងអាទិភាពក្នុងមហាអនុតំបន់ ចំនួន៩២ សម្រាប់ឆ្នាំ២០១៤-២០១៨ ជាមួយនិងតម្លៃ វិនិយោគប្រមាណ ៣០ពាន់១០០​លាន​ដុល្លារ មិនត្រឹមតែផ្តល់​បានផ្តល់​ជាផែន​ទី​បង្ហាញ​ផ្លូវ ជាយុទ្ធសាស្រ្ត និងផែនការសកម្មភាព​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ផ្សព្ធផ្សាយពីទីផ្សារប្រកប ដោយប្រសិទ្ធភាព នៅក្នុង​កិច្ចខិត​ខំប្រឹងប្រែងរបស់យើង ដើម្បីទទួលបាននូវការគាំទ្រដ៏ទូលំ ទូលាយសម្រាប់​គំនិតផ្តួចផ្តើម​គន្លឹៈ​នានា នៅក្នុងគ្រប់សកម្មភាពរបស់ GMS ពោលគឺក្នុងរយៈពេល បីឆ្នាំកន្លងមក កិច្ចសហ​ប្រតិ​បត្តិ​ការ​ដែលមានទ្រង់ទ្រាយនៅក្នុងកម្រិតវិស័យ ក៏ទទួល​បាននូវ​លទ្ធផល​ជាដុំកំភួនផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំនៃប្រទេស GMS បានធ្វើការកត់សំគាល់ ផងដែរថា ការសម្រេចឲ្យបាននូវសហគមន៍ GMS ដែលមានសមាហរណកម្ម និងវិបុលភាព គឺនៅតែមាន ហានិភ័យ ប្រសិនបើគម្លាតនៃការអភិវឌ្ឍទាំងនៅក្នុងស្រុក និងនៅក្នុង​រង្វង់​ប្រទេស GMS បន្តនៅមានគម្លាតនៅឆ្ងាយពីគ្នា។ តាមរយៈនេះមេដឹកនាំទាំងអស់ ក៏បានធានាដែរថា រាល់​គម្រោងដែលមានពីមុន គំ​រោងដែលបាននិងកំពុងអនុវត្តន៍ និងគម្រោងសម្រាប់អនាគត គឺ​មានបរិយាប័ន្ន ដែលផលប្រយោជន៍នៃការ អភិវឌ្ឍគម្រោងទាំងនោះ បានទៅដល់ប្រជា​ជន​ក្រីក្រ ជាមួយគ្នានេះយើងក៏ត្រូវការឆ្លើយតបទៅនិង តម្រូវការរបស់ជនដែលងាយ​រង​គ្រោះ​បំផុតនៅក្នុង សង្គមតាមរយៈការផ្តល់នូវតម្រូវការសុវត្តិភាពសង្គមគ្រប់គ្រាន់ ខណៈបំពេញ​នូវតម្រូវការមូលដ្ឋាន រួមមាន សន្តិសុខស្បៀង ជម្រក សុខា​ភិបាល និងសិក្សាធិការ​។

មេដឹកនាំទាំងអស់ ក៏បានយល់ឃើញដែរថា កំណើនសេដ្ឋកិច្ច និងកំណើន​ប្រជាជន​យ៉ាង​ឆាប់​រហ័ស បានធ្វើឲ្យមាន​ការកើន​ឡើង​នូវ​សេច​ក្តីត្រូវការផ្នែកថាមពល ដីធ្លី ទឹក និងធនធាន​ដទៃ​ផ្សេងទៀត។ ប្រទេស​និង សហគមន៍មូលដ្ឋានក្នុងGMS បានជួបនូវបញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ជាច្រើន ដែលក្នុងនោះបញ្ហាមួយចំនួន ត្រូវបានដោះស្រាយតាមរយៈ​កិច្ចសហប្រតិបត្តិ​ការ​តំប​ន់។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរមេដឹកនាំទាំងអស់ បានឯកភាពគ្នាក្នុងការប្រារព្ធពិធី​បើក​កិច្ច​​ប្រជុំ​ កំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឆ្នាំ​២០១៧​ខាងមុខ។ ជាមួយគ្នានេះបណ្តាមេដឹកនាំទាំងអស់ បានឯកភាព​គ្នាក្នុង​ការ​ចុះ​ហត្ថ​​លេខា​លើ​​ សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៥ ដែលចេញដោយ​ឯកឧត្តម​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​មហាអនុតំបន់មេគង្គ (GMS) លើកទី៥៕
អត្ថបទ៖ ខេមរា
 

No comments:

Post a Comment