Monday, December 22, 2014

ទស្សនៈប្រឆាំងងប់ងល់នាំឲ្យបាត់បង់នូវមនៈសិការបស់ខ្លួន

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​ភរិយា​ ត្រូវ​បានទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់​ក្តៅ​ ដោយ​លោក​ស្រី​ប្រធានាធិបតី​កូរ៉េ​ ប៉ាក់ គឿន​​ហេ​​ ( Park Geun-hye ) ​នៅ​ក្នុង​​ដំណើរ​ទស្សនៈកិច្ច ចូល​រួមកិច្ច​ប្រជុំ​​កំពូល​រំឮក​ខួប​អនុស្សវរីយ៍​​​២៥ឆ្នាំ​​ នៃ​ទំនាក់​ទំនង​កិច្ច​​សហប្រតិ​បត្តិ​​ការ​​ ​​អាស៊ាន​-សាធារណរដ្ឋ​កូរ៉េ​​ និងដំណើរ​ទស្សនៈផ្លូវការ​​ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៤​។​
នៅក្នុង​ជំនួប​ទ្វេភាគី​ក្នុង​ទីក្រុង​សេអ៊ូល​​ លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​ស្នើលោកស្រី​​ប្រធានាធិបតី​​ Park Geun-hye ក្នុង​​ការ​​បង្កើន​កូតាការងារ ដើម្បីបង្កឱកាសដល់​ពលករខ្មែរ​ បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​​​កូរ៉េ ឲ្យកាន់តែ​ច្រើន​បន្ថែមទៀត​។ ចំណុច​នេះ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​​​ការ​យក​ចិត្ត​​ទុក​ដាក់របស់​ប្រមុខ​​រាជ​​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើត​ ស្វែងរកការងារ​ និង​បង្កើន​លទ្ធភាព​ចំណូល​ ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​​ យ៉ាង​ពិត​ប្រាកដ​។​
ប៉ុន្តែ​ ជាការ​គួរ​ឲ្យ​សោក​ស្តាយ​ ដែល​ជន​ជាតិ​ខ្មែរ​មួយ​ចំនួន​តូច​ រួម​ទាំង​អ្នកសិក្សារៀនសូត្រ​ខ្លះ​ មិន​បាន​គិត​ទៅ​ដល់​ផល​ប្រយោជន៍​​ប្រជាជន​ខ្លួន​ឯង​ បែរ​ជា​លើក​ឡើង​នៅ​តាម​បណ្តាញ​ព័ត៌មាន​សង្គម និង​សារព័ត៌មាន​ ដែលមាន​និន្នាការ​ប្រឆាំង​​ថា​ ជារឿង​អន់​ទៅ​វិញ​។​ ជន​ជាតិ​ខ្មែរ​​ដែល​មាន​គំនិត​ទុទិដ្ឋិនិយម​ទាំង​នោះ​ ប្រហែល​ជាត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​មនោគមន៍​វិជ្ជា​​​បក្ស​ប្រឆាំង យ៉ាង​ងប់​ងល់ ទើប​អ្វីៗ​ដែល​ជា​ទង្វើ​ល្អ​របស់​​រដ្ឋាភិបាល ក៏​ពួក​គេ​នៅ​តែ​មើល​ឃើញ​​របៀប​​ខ្មៅ​ងងឹត​គ្រប់​ពេលដែរ រហូតមានអ្នកខ្លះ​ ហ៊ានលើកឡើងថា “ការខិតខំរបស់លោកនាយករដ្ឋមន្ត្រី គឺជាយុទ្ធសាស្ត្ររុញច្រានយុវជន នៅឲ្យឆ្ងាយ​ពីប្រទេសជាតិ ដើម្បីលោកបន្តគ្រប់គ្រង ដឹកនាំប្រទេសបានយូរ”។​
ការលើកឡើងនេះ គឺជាមតិអវិជ្ជមានបំផុត។ មេដឹកនាំណាមិនស្រឡាញ់ជាតិ មិនចង់ឲ្យប្រទេស​ជាតិរីកចំរើន និងមិនចង់ឲ្យប្រជាជនខ្លួនរស់ដោយសេចក្តីថ្លៃថ្នូរនោះ? ហើយប្រទេសណាដែលមិនមាន​ប្រជាជនរបស់ខ្លួនធ្វើការងារនៅបរទេសនោះ?
ជាក់ស្តែង បច្ចុប្បន្ននេះ​ ចរន្ត​នៃ​ការ​នាំ​ពលករ​នៅ​តំបន់​អាស៊ី​ ទៅ​ធ្វើ​ការ​នៅបរទេស​ គឺ​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ខ្លាំង​ក្លា​។​ ជាក់​ស្តែង​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​​​​យើង​នេះ​ ប្រទេស​ដែល​មាន​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ច្រើន​ជាង​គេ​គឺ​ប្រទេស​ ហ្វីលីពីន​ ហើយ​ប្រាក់​ចំណូល​របស់​ពលករ​ ដែលទទួល​បាន​ គឺ​​​មាន​​តួរលេខ​​​រហូត​​ដល់​​ ២៨​ពាន់​លាន​ដុល្លារ​ ក្នុង១​​ឆ្នាំ​​​។ យើង​អាច​ចោទ​ជាសំណួរ​ថា តើ​ហ្វីលីពីន​ ជា​ប្រទេស​​ក្រីក្រ​​​នៅក្នុង​តំបន់​ ​​ឬយ៉ាង​ណា​​?​ ចម្លើយ​គឺ​ទេ​ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ចំនួន​ពលករ​​ដែល​ទៅ​​ធ្វើ​ការ​នៅបរទេស​ នៅ​តែ​មាន​ច្រើន​?​ មូល​ហេតុ​ចម្បង ​គឺ​រដ្ឋាភិបាល​គេ​ក៏​មាន​គោល​នយោបាយ​​ចង់​បង្កើន​ចំណូល និង​រក​ការងារ​ឲ្យ​​ប្រជាជន​គេ​ឲ្យ​បាន​ច្រើន​ដែរ​។​ ដូច្នេះ​ ការ​លើក​ឡើង​ទាំង​ឡាយ​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេស​ប៊ុក​ និង​នៅ​តាម​សារព័ត៌​មាន​ដែល​​មាន​និន្នាការ​ប្រឆាំង​ គឺ​ជាការ​តិទៀន​ ឬរិៈគន់​ ដើម្បី​តែ​លាប​ពណ៌​ របៀប​ជា​អ្នកបម្រើ​ អ្នក​នយោបាយ​ ​​ដែល​ក្បត់​មនសិការបស់​ខ្លួន​ បើ​ទោះ​បី​ខ្លួន​ជាអ្នកសិក្សារៀនសូត្រ យ៉ាងណា​ក៏ដោយ​។​​​​​
ក្រៅ​ពី​ប្រទេស​ហ្វីលីពីន​ ប្រទេស​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការនៅ​បរទេស​​ច្រើនដែរ​នោះ ក៏​មាន​ដូចជា​ប្រទេស​ឥណ្ឌា​ វៀតណាម​ និង​ប្រទេស​ថៃ ​ផង​ដែរ​។ ចំនួន​ទឹក​ប្រាក់​ដែល​ពលករ​ ឥណ្ឌា ទទួល​បាន​ និង​ផ្ញើរ​ត្រឡប់​ទៅ​ក្រុម​គ្រួសារ​នៅក្នុង​ប្រទេស​វិញ​ គឺ​មាន​រហូត​ដល់​ ៧១ ពាន់​លាន​ដុល្លារក្នុង​ ១ឆ្នាំ​។​ ពលករ​​របស់ប្រទេស​ថៃ​ ភាគ​​ច្រើន​​ត្រូវ​បានបញ្ជូន​ទៅធ្វើការ​នៅ​​បណ្តាប្រទេស​​អារ៉ាប់​ ហើយ​ចំណូល​ដែល​​ទទួល​បាន​ពី​វិស័យ​​នេះ គឺ​មាន​រហូត​ដល់​ទៅ ​៦ពាន់​លាន​ដុល្លារ​​​​​។ តួលេខ​ទាំង​នេះ​ គឺ​បាន​បង្ហាញ​តាម​​រយៈ​របាយការណ៍​របស់​ធនាគារ​ពិភព​លោក និង​អង្គការ​ពលកម្មអន្តរជាតិ​ (ILO)។ ​ ដូច្នេះ​ ការ​នាំ​ពលករ​​ចេញ​ទៅ​ធ្វើការ​ គឺ​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​​​​ ដើម្បី​បង្កើន​សមត្ថភាព​របស់​ពលរដ្ឋ​ប្រទេស​នីមួយៗ​។​ យើង​ទាំងអស់គ្នា​បាន​ដឹង​ហើយថា​ នៅ​ចុង​ឆ្នាំ​២០១៥ សហគមន៍​អាស៊ាន​ នឹង​ធ្វើ​សមាហរ​ណ​កម្ម​​​សេដ្ឋកិច្ច​ក្នុង​តំបន់​ ស្រប​តាម​ទស្សនៈវិស័យ​ «អាស៊ាន​តែ​មួយ​ វាសនា​តែមួយ​»។​ ដូច្នេះ​ ដើម្បី​បង្កើន​សក្តានុពលសេដ្ឋកិច្ច​របស់​ប្រទេស​ ក៏​ត្រូវ​បង្កើន​នូវ​សមត្ថភាព​ វិជ្ជាជីវៈ របស់​កម្លាំង​ពលកម្មផង​ដែរ​។​​​
ការ​ខិត​ខំ​​​ប្រឹង​ប្រែង​​របស់​​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែលស្នើ​ទៅ​ប្រធានាធិបតី​កូរ៉េ ក្នុង​​​​ការ​បង្កើន​កូតាការងារឲ្យ​ពលករខ្មែរ​ បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ គឺ​ជាការ​​ខិតខំ​​ប្រឹង​ប្រែង​របស់រាជ​​​​រដ្ឋាភិបាល ដើម្បី​​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ទី​ពីរ​ ពលករកម្ពុជា​​​ ក៏អាច​ទទួល​បាន​នូវ​​បទពិសោធន៍ ការ​បណ្តុះបណ្តាល​លើ​បច្ចេកវិជ្ជា និង​​ជំនាញ​​ផ្សេងៗ​ទៀត​ ដែល​​​អាច​ឲ្យ​​ពួក​គេ​មាន​ចំណេះ​ដឹង​អាច​ចិញ្ចឹម​​ជីវិត​បាន​ នៅពេល​ពួក​គេ​ត្រឡប់​មក​ធ្វើការ​នៅ​​​ក្នុង​ប្រទេស​វិញ​។​ ទី​បី​ ក៏​ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ដែល​​មាន​​​ឱកាស​ទៅធ្វើ​ការ​នៅ​​ប្រទេស​កូរ៉េ អាច​​រក​ប្រាក់​ចំណូល​បាន​ច្រើន​ផ្គត់​ផ្គង់​ជីវភាព​ផ្ទាល់ខ្លួន​​ផង​ និង​បាន​បញ្ជូន​មក​ផ្គត់​ផ្គង់​ជីវភាព​​គ្រួសារ​​​​នៅ​ក្នុង​​ប្រទេស​ផង​។ ​ជាក់​ស្តែង​ ដោយសារ​ប្រាក់​ចំណូល​ជា​មធ្យម​​របស់​​ពលករ​ ដែលទៅ​​​ធ្វើ​ការ​នៅ​​ប្រទេស​កូរ៉េ​ បាន​ប្រហែល​ ២ពាន់​ដុល្លារ​ក្នុង​១ខែក្នុង​ម្នាក់ៗ​​ បាន​ធ្វើ​​ឲ្យ​​តួលេខ​​នៃ​ទឹក​ប្រាក់​ ដែល​បាន​ផ្គត់​ផ្គង់​មក​គ្រួសារ​បាន​កើន​រហូត​ដល់​៣៦៤​លាន​ដុល្លារ​ នៅ​ឆ្នាំ​​២០១០​​ កន្លង​មក​។​
បច្ចុប្បន្ន​ ​កម្ពុជា​​មាន​ចំនួន​ពលករ​ទៅ​ធ្វើ​ការ​នៅកូរ៉េ​ គឺ​មាន​តិចតួច​​នៅឡើយ​។​ ដូច្នេះ​ហើយ​​​បាន​ជា​​រដ្ឋាភិបាល​​ ស្នើ​ទៅរដ្ឋាភិបាល​សាធារណរដ្ឋ​​កូរ៉េ​ខាងត្បូង​ឲ្យ​​បង្កើន​ចំនួន​​ពលករ​​ខ្មែរទៅ​ធ្វើ​ការ​នៅ​ទី​នោះ​​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​ការ​​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ផ្សេងៗ​​ផង​ និង​ជា​​ការ​បំពេញ​តម្រូវ​ការ​ទីផ្សារការងារ​​របស់​កូរ៉េផង​។
យោងតាម​ឯកសារ​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​ឆ្នាំ​២០១៤-២០១៨ ឲ្យដឹងថា រហូត​មក​ដល់​ឆ្នាំ​២០១៣​ ពលករខ្មែរ​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​​កូរ៉េ​មាន​ទៅ​​ដល់ជាង ​២៨៨០០ នាក់​ ក្នុង​នោះធ្វើ​ការ​នៅ​​ផ្នែក​ឧស្សាហកម្ម​មានចំនួនជាង ​​១៧៩៩០ នាក់ ផ្នែក​កសិកម្មមាន​​ចំនួនជាង ​​៩៨៣០ នាក់ ផ្នែក​នេសាទមាន​ចំនួន​ ២៧៨ នាក់ និង​ផ្នែក​​​សំណង់​មាន​ចំនួន​​៧៣៨នាក់។
​ ​​កន្លង​មក​ ក្រុម​ប្រឆាំង​​ តែង​ស្រែក​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ស្វែង​រក​ការ​ងារ​ឲ្យ​យុវជន​ធ្វើ​ ប៉ុន្តែ​នៅពេល​ដែល​ នាយក​រដ្ឋ​មន្ត្រី​ ស្វែង​រក​តាម​ការ​ស្រែក​ទាម​ទារ​របស់​ពួក​គេនោះ​ បែរ​ជា​បន្តុះបង្អាប់​ ថា​ជារឿង​មិន​ល្អ​ ទៅវិញ​។ ដូច្នេះ​​​ ប្រសិន​បើ​ជន​ជាតិ​ខ្មែរ​ ដែល​រស់​នៅក្នុង​សង្គម​ មិនបាន​ជួយជ្រោម​ជ្រែង​ លើក​មុខ​មាត់​ប្រជាជន​ខ្លួន​ឯង​ ហើយ​យល់​ថា ​ការ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ គឺ​ជារឿង​ថោក​ទាប​នោះ គឺជាការយល់ខុស ពីព្រោះ បើគិតបែបនេះ នាំឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ ក៏​មិន​ងាយ​នឹង​រីក​ចម្រើន​ ចំណេះដឹងវិជ្ជា​ជី​វៈ​​​ប្រជាពលរដ្ឋ​ក៏​មិនជឿន​លឿន​ដូច​ប្រទេស​គេនោះ​ដែរ​។​ ម្យ៉ាងទៀត​ ក្រុម​​មនុស្ស​ដែល​មាន​ទស្សនៈទុទិដ្ឋនិយម​ មួយចំនួន​តូច​នោះ​ មិនត្រូវ​ងប់​ងល់​ទាំង​ស្រុង​ តាម​ការ​អូស​ទាញ​របស់​អ្នក​នយោបាយ​ ដែល​យល់​ថា​ខ្លួន​ជាបក្ស​ប្រឆាំង​ ដូច្នេះ​គឺ​ត្រូវ​តែ​បន្ត​ប្រឆាំង​ ​បន្ត​លាប​ពណ៌​ បន្ត​បំភ្លៃ​​ការពិត​ គ្មាន​ទី​​បញ្ចប់​ ​​ ​នោះ​ឡើយ​​​​។​
ជារួម​ សម្រាប់​ពលរដ្ឋ​ដែល​មាន​ទស្សនៈ​សុទិដ្ឋិនិយម​ យល់​​ឃើញ​ថា​ ការ​ស្នើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចំពោះ​ប្រធានាធិបតី​កូរ៉េ​ ក្នុង​ការ​បង្កើន​កូតា​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ គឺ​ជាកាយ​វិការ​ប្រកប​ដោយ​គុណ​ធម៌​ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ ក្នុង​ការ​ស្វែង​រក​ការងារ​​ ផ្តល់​ជំនាញ​វិជ្ជាជីវៈ និង​បង្កើន​ប្រាក់​ចំណូល​ ជូន​ពលរដ្ឋ​ ទាំង​នៅក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​៕​

ដោយ៖ ពង្ស សុក្រឹត្យ

No comments:

Post a Comment