Friday, September 12, 2014

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ ត្រួត​ពិនិត្យ និងពង្រឹង​ការ​គ្រប់​គ្រងវត្តមាន​​មន្ត្រី​រាជ​ការ​ចំ​ណុះក្រសួង​



រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ឯកឧត្តម សាយ សំ​អាល់ បាន​ចេញ​សេចក្តី​ណែ​នាំ​ ស្តី​ពី​ ការ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ពង្រឹង​ការ​គ្រប់គ្រង​ និង​ប្រសិទ្ធ​ភាព​ការងារ​របស់​មន្ត្រី​រាជការ​ក្រសួង​បរិស្ថាន​ នេះ​បើ​យោង​តាម​សេចក្តី​ណែ​នាំ​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ ​ដែល​បណ្តាញ​ព័ត៌មាន​យើង​ទើប​នឹង​ទទួល​បាន​។

នេះ​ជាលើក​ទី​២ហើយ ដែល​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចេញ​សេចក្តី​ណែ​នាំឲ្យ​មាន​ការ​ពិនិត្យ និង ពង្រឹង​ការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ឱ្យកាន់តែមានប្រសិទ្ធិ​ បន្ទាប់​ពី​សេចក្តី​ណែ​នាំ​បែប​នេះ ក៏​ធ្លាប់​បាន​ចេញមួយ​លើក​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣ កន្លង​មក។

សេចក្តី​ណែ​នាំ​ គឺរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ប្រាប់​ទៅកាន់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួង ស្តី​អំពី​ការត្រួតពិនិត្យ និងការពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ដែលជាផ្នែកមួយនៃគោល​នយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ដែលបានកំណត់យក​អភិបាលកិច្ច​ល្អជា​ស្នូល នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣។

គួរ​រំ​លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រសួង​មុខងារ​សាធារណៈ ក៏​បាន​ជូន​ដំ​ណឹង​ដល់​ថ្នាក់​ដឹក​នាំ គ្រប់​អង្គ​ភាព​រដ្ឋ​ ឲ្យ​មាន​កាេរ​ត្រួត​ពិនិត្យ និង​ពង្រឹង​វត្តមាន​មន្ត្រី​ក្នុង​អង្គភាព​ឲ្យ​បាន​ហ្មត់​ចត់ ក្នុង​នោះ​ក៏​បាន​ស្នើ​ឲ្យប្រធាន​ការិយាល័យ និង​ប្រធាន​មន្ទីរ ត្រូវ​ទទួល​ខុសត្រូវ​ផ្ទាល់​ចំ​ពោះ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ដែល​មិន​បាន​មកធ្វើ​ការ​ទៀង​ទាត់​ ឬ​អវត្តមាន​គ្មាន​មូល​ហេតុ​ ត្រូវ​រាយ​ការណ៍​មក​ប្រធាន​អង្គភាព​សាមី ដើម្បី​ស្នើ​សុំ​មក​ក្រសួង​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​។

ក្រសួង​មុខងារ​សាធារណៈ ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរថា  ប្រធាន​អង្គភាព​ ឬ​មន្ត្រី​ណា​ម្នាក់​ដែល​បើក​ប្រាក់​បៀវត្សមន្ត្រី​ដែល​មិន​មក​ធ្វើ​ការ​ ត្រូវ​ទទួល​ខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។ ក្នុង​ករណី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ មន្ត្រី​ដែល​ពាក់​ព័ន្ធ​ ត្រូវ​ទទួល​ខុសត្រូវ​ចំ​ពោះ​មុខច្បាប់​ដោយ​ខ្លួន​បុគ្គល​នោះ​ផ្ទាល់​៕


 





No comments:

Post a Comment