Friday, September 12, 2014

ឯក​អគ្គ​​រាជ​ទូត​​ថៃ​ចប់​​អាណត្តិ​​ថ្លែង​​អំណរ​គុ​ណ​​កម្ពុជា

ឯកឧត្តម ទូឆៃយុទ ផាកឌី (Touchayoot Pakdi) ឯកអគ្គរាជទូត​ថៃ​ដែល​ចប់អាណត្តិ​​បេសកកម្ម​ការ​​ទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល មន្ត្រី​​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​ចូល​រួម​សហការ​ធ្វើ​ឲ្យ​បេសកកម្ម​ការ​ទូត​របស់​ឯកឧត្តមនៅ​កម្ពុជា​រយៈពេល​ ២ឆ្នាំ​កន្លង​មក​នេះ​ទទួល​បាន​ជោគ​ជ័យ។ នេះ​បើ​តាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង។

នៅ​ក្នុង​ជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម Touchayoot Pakdi បាន​ជម្រាប​ជូន​សម្តេចតេជោ​ថា ឯកឧត្តម​មានកិត្តិយស​ខ្លាំង​ណាស់ ដោយបាន​មក​ធ្វើ​ជា​ឯក​អគ្គ​រាជ​ទូតថៃ​នៅ​កម្ពុជា។ ក្នុង​រយៈ​ពេលបំពេញ​បេសកកម្ម​ការ​ទូត​ជាង ២ឆ្នាំនៅ​កម្ពុជា​កន្លងមក នេះ ​ឯកឧត្តម​ទទួល​បាន​កិច្ច​សហ​ប្រតិ​បត្តិការ​យ៉ាងល្អ​ពី​គ្រប់​ថ្នាក់​ដឹកនាំ មន្រ្តីរាជការ​កម្ពុជា ដែល​ធ្វើ​ឲ្យ​រូប​ឯកឧត្តម​អាចបំពេញ​ភារ​កិច្ច​ក្នុង​អាណត្តិ​បេសកកម្ម ក្នុង​ការជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សម្រាប់​ប្រទេស និង​ប្រជាជ​ន​ទាំង​ពីរ (កម្ពុជា-ថៃ) មាន​ភាព​ល្អ​ប្រសើរ​ឡើង។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា រយៈ​ពេល​ជាង ២ឆ្នាំកន្លង​មក​នេះ ឯក​ឧត្តម ឯកអគ្គ​រាជទូត បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ក្នុង​ការ​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​​ពីរ ជា​ពិសេស​ឯកឧត្តម បាន​ធ្វើ​ការ​ប្រកប​ដោយ​ការ​យោគយល់ និង​សម្រប​សម្រួល​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ល្អ​ប្រ​សើរ។

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បន្ត​ថា ​បើទោះបីឯ​កឧត្តម​ឯកអគ្គរាជ​ទូត​ត្រឡប់​ទៅ​មាតុ​ប្រទេស​វិញចូល​និវត្តន៍ពីការងារក៏ពិតមែន ប៉ុន្តែ​សម្តេច​តេជោ​បានជូន​ពរ​ដល់​ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ទទួលបាននូវ​ពុទ្ធពរ​ទាំងបួនប្រការ និង​មាន​ជោគជ័យ​ក្នុង​ឆាក​ជីវិត​៕

No comments:

Post a Comment