Friday, September 12, 2014

កម្ពុជា ‑ ថៃ ពង្រឹង​ទំ​​នាក់​​ទំ​នង​​ល្អ សម្រាប់​ផល​ប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំង​ពីរ

ភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម​ឧប​នាយករដ្ឋមន្រ្តីសុខ អាន រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុង​ជំនួប​ជាមួយ​ឯក​អគ្គ​រាជ​ទូតថៃ Touchayoot PAKDI បាន​មាន​ប្រសាសន៍​ថា កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ កម្ពុជា‑ ថៃ នឹង​បន្តពង្រឹង​ និង​បានផ្តល់​ផល​ប្រយោជន៍​យ៉ាង​សំ​ខាន់​ដល់​ប្រទេស​ជាតិ និងប្រជាជនទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​ទេសចរណ៍។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតថៃ ក៏បានឯកភាពទៅនឹងទស្សនៈយោបល់របស់ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន និង​បាន​ថ្លែង​ថា ភាគីថៃនឹងបង្កភាពងាយស្រួល និងជំរុញ​ការ​លើក​ទឹកចិត្ត​ពាណិជ្ជទ្វេភាគីផ្នែកផលិតផលកសិកម្មផងដែរ។

នៅក្នុងរយៈពេលបីខែដើមឆ្នាំ ២០១៤ ផលិតផល របស់​កម្ពុជានាំចេញទៅថៃ ​គិតជាទឹក​ប្រាក់​​​​​​​​​​មាន​ចំនួន​ជាង ១០លានដុល្លារ ហើយ​ការ​នាំទំ​និញ​ចូល​ពី​ប្រទេស​ថៃមកវិញ គិតជាទឹកប្រាក់​មាន​ចំនួន​ជាង ៦៣៥​លានដុល្លារ។

ឯកអគ្គរាជទូតថៃដែលបានចូលជួបពិភាក្សា និង​ជម្រាប​លា ក៏បានថ្លែងអំណរគុណដល់​ថ្នាក់​​ដឹក​នាំ​រាជរដ្ឋាភិបាលកម្ពុជា​ ដែល​បាន​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ដំណើរការបេសកម្មការទូតរបស់​លោក​រយៈ​ពីរ​ឆ្នាំនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូតថៃ Touchayoot PAKDIក៏បានសម្តែងការពេញចិត្ត និងកោត​សរសើរ​នូវសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាលកម្ពុជា ដូចជា វិស័យវប្បធម៌ និងទេសចរណ៍ ជាដើម​។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន ​ក៏បាន​មាន​ប្រសាសន៍​ផងដែរថា កម្ពុជា ដែលមានសម្បត្តិ​បេតិក​ភណ្ឌ​​វប្បធម៌​ដ៏ស​ម្បូរ​បែប​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងវិស័យ ទេសចរណ៍វប្បធម៌។

ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​អាជ្ញាធរជាតិអប្សរា សហការជាមួយ​គណៈ​កម្មការ​សម្របសម្រួលអន្តរជាតិ-អង្គរ (ICC-Angkor) ដើម្បីការពារ អភិរក្ស ជួសជុល និង អភិវឌ្ឍន៍​ប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ ក្រោយពីត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភព​លោក (WHC-UNESCO) នៅឆ្នាំ ១៩៩២។

អង្គការវប្បធម៌វិទ្យាសាស្រ្ត និងអប់រំអង្គការ​សហ​ប្រជាជាតិ (UNESCO) បានវាយតម្លៃខ្ពស់​នូវ​សមិទ្ធ​ផលសម្រេចបានដោយ ICC-Angkor និង​អាជ្ញាធ​រជាតិ​អប្សារាចាប់តាំងពីឆ្នាំ ១៩៩៥។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បានមាន​ប្រសាសន៍ថា ចាប់តាំង​ពី​ឆ្នាំ ១៩៩៥ មក ដៃគូ​អភិវឌ្ឍ​ន៍ជាង ១០ និងអង្គការ​អន្តរជាតិជាង ២០ ផ្នែក​បេតិ​កភណ្ឌវប្បធម៌​បានរួម​ចំណែក​ទាំងកិច្ច​ការ​បច្ចេកទេស និងហិរញ្ញប្បទានប្រមាណ​៥០០លានដុល្លារ​សហ​រដ្ឋអាមេរិក។

សម្រាប់គម្រោងជួសជុលជាង ៦០ នៅតំបន់រមណីយដ្ឋានអង្គរ។ ការងារជួសជុល​ និងអភិរក្ស​នៅ​តំបន់រមណីដ្ឋាន​​អង្គរ​បានធ្វើ​ឲ្យអ្នក​ជំនាញ​របស់​អង្គរការ UNESCO ដកតំបន់រមណីយ​ដ្ឋាន​អង្គរវត្ត​ចេញពីបញ្ជីគ្រោះថ្នាក់នៅឆ្នាំ ២០០៤។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា អង្គការ UNESCO បានចាត់ទុក ICC-Angkor ជាគំរូ (Model) សម្រាប់កិច្ចការជួសជុល និង​អភិ​រក្ស​ផ្នែក​បេតិក​ភណ្ឌវប្បធម៌ ដែលញ៉ាំង​ប្រទេស​មួយ​ចំនួននៅមជ្ឈិមបូព៌ាយកគំរូតាមកម្ពុជា។​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកអំពីដំណើរការរីកលូតលាស់នៅព្រះរាជា​ណាចក្រ​កម្ពុជា ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ជា​ពិសេស​​ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានរំលាយ​ចោល​អង្គការ​នយោបាយ និង​យោធារបស់ខ្មែរក្រហមទាំងស្រុកនៅឆ្នាំ ១៩៩៨ ដែលកត្តានេះបានរួម​ចំណែក​ដ៏សំខាន់ក្នុង​ការ​កសាង និងអភិវឌ្ឍជាតិ។

កំណើនភ្ញៀវទេសចរបានកើនឡើងយ៉ាងខ្លាំងពីប្រមាណ ៣ សែន​នាក់​នៅ​ឆ្នាំ​២០០៣ ប្រៀប​​ធៀប​មក​ឆ្នាំ ២០១៤ មាន ៤លាន ២សែននាក់។​ កំណើន​ទេស​ចរណ៍នៅប្រទេស​កម្ពុជា​ត្រូវ​បាន​គេរំពឹង​ទុកថា មាន ១៨ភាគរយក្នុងមួយឆ្នាំ។ តាមតួរលេខរបស់អង្គការ​ទេសចរណ៍​ពិភព​លោក (UNW​TO) និយាយ​ថា កម្ពុជាបានទទួលប្រាក់ចំណូលប្រមាណពីរពាន់ប្រាំរយលាន​ដុល្លារ​ពីវិស័យ​ទេសចរ​ណ៍ ដែល​ស្មើនឹង ១៦ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុបកម្ពុជា (GDP)៕​

No comments:

Post a Comment