Friday, September 12, 2014

ឯកអគ្គ​រដ្ឋទូត​​វៀតណាម​​ថ្មី​​សន្យា​​ប្រឹង​ប្រែង​​ជំរុញ​​ទំនាក់​​ទំនង​​រវាង​​ប្រទេស​​ទាំង​​ពីរ​កម្ពុជា-​វៀតណាម

ឯក​ឧត្តម ថាន ដុ (Thach Du) ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ជា ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុង​ឱកាស​ជួប​សវនាការ ជាមួយ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នា​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​បង្ហា​ញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​អស់​ពីសមត្ថភាព ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា-វៀតណាម)។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​ឯកឧត្តម​ ថាន ដុ ឯកអគ្គ​រដ្ឋ​ទូត​វៀតណាម​ថ្មី ​បាន​គោរព​ស្នើ​សុំ​ការ​គាំទ្រ​ពី​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​ដូច​ជា មន្រ្តី​រាជ​ការ​ទាំង​អស់ ចំពោះ​អាណត្តិ​បេស​ក​កម្មការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា ដើម្បី​ឲ្យ​ឯកឧត្តម​បំពេញ​បេសក​កម្ម​ការទូត ឲ្យ​កាន់​តែ​ទទួល​បាន​ជោគ​ជ័យ ពិសេស​ការ​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ ដែល​មាន​ស្រាប់ និង​វិស័យ​ដទៃ​ទៀត​។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​សម្តែង​ក្តី​រីករាយ​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម ថាន ដុ លើ​ទិសដៅ​នៃ​ការ​ពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ដោយ​សម្តេច​បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ការអភិវឌ្ឍ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ គឺ​ចាំ​បាច់​ត្រូវ​ពង្រឹង​វិស័យ​វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ​ជា​កត្តា​សំខាន់ ដែល​កន្លង​មក​ភាគី​ទាំង​ពីរ​(កម្ពុជា-វៀតណាម) បាន​ធ្វើ​កិច្ចការ​ទាំង​អស់​នោះ​ច្រើន​រួច​មក​ហើយ និង​ត្រូវ​បន្ត​សហការគ្នា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​អំពី​សក្តានុពល​ដែល​ប្រទេស​ទាំង​ពីរ​មាន និង​បាន​ស្នើ​ឯកអគ្គរដ្ឋទូត​វៀតណាម​ថ្មី ជំរុញ​ការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិ​ការ​ទៅ​លើ​សក្តានុពល​ដែល​មាន​ រួម​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​ដែល​ប្រទេស​ទាំង​ពីរ​មាន​ស្រាប់ នា​ពេល​កន្លង​មក​ផង​ដែរ។ សម្តេចតេជោ​បាន​ស្នើ​ឯកឧត្តម​ ថាន ដុ ​បន្ត​ធ្វើ​ការ​សហការ​ឱ្យបាន​ល្អ​ជា​មួយ​កម្ពុជា លើ​កិច្ចការ​ថ្មីៗ​ទៀត ដែល​ខុស​ពី​កម្មវិធី​ដែល​មាន​ស្រាប់៕

No comments:

Post a Comment