Friday, September 12, 2014

រដ្ឋលេខាធិការទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ទាម​ទារ​ឲ្យ​អ្នក​វិភាគ​របស់​វិទ្យុ​អាស៊ី​សេរី​ លោក ជុន ចន្ទ​បុត្រ​ពន្យល់​ពី​ភាព​មិន​ត្រឹម​ត្រូវ​នៃ​ការ​បញ្ចេញ​យោបល់

រដ្ឋ​លេខាធិការ​​ និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ​ ស៊ីផាន នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ បាន​ចេញ​លិខិត​ចំ​ហរ​ សូម​ឲ្យ​លោក ជុន ចន្ទបុត្រ អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ ពន្យល់​ពាក្យ​ពេចន៍​មួយចំ​នួន​ ក្នុង​ស្មារតី​ និង​បំ​ណង​នៃ​យុទ្ធ​នាការ​ នៃការ​ប្រើ​ពាក្យ​ដែល​លោក ជុន ចន្ទ​បុត្រ បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ហើយ​ត្រូវ​បាន​ ឯកឧត្តម ផៃ​ ស៊ី​ផាន​ ចាត់​ទុកថា មិន​ត្រឹម​ត្រូវ និង​យល់​ថា វា​ហាក់​បី​ដូច​ជា​វិទ្យុ​បរទេស​នេះ​លូក​ដៃជ្រៀត​ជ្រែក​ នយោបាយ​ផ្ទៃ​ក្នុង​ និង​ដែន​អធិបតេយ្យ​របស់​ខ្មែរ។

ឯកឧត្តម​ ផៃ ស៊ី​ផាន​ បាន​បញ្ជាក់​ក្នុង​លិខិត​ចំ​ហររបស់​លោកថា « ខ្ញុំ​បាន​អាន​ និង​ស្តាប់​បទ​វិភាគ​នយោបាយ​របស់​លោក (និយាយសំ​ដៅ​លោក ជុន ចន្ទ​បុត្រ) ​ដែល​មាន​ចំ​ណង​ជើង​ថា តើ​ការ​កំ​ណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ មាន​សារៈសំ​ខាន់​យ៉ាង​ណ? » ។

រដ្ឋ​លេខាធិការ​រូប​នេះ បាន​បន្ថែម​ថា « ខ្ញុំ​យល់​ពី​ស្មារតី​ នៃ​យុទ្ធនាការ​ និង​ខ្លឹម​សារនៃ​បទ​អត្ថាធិប្បាយ​របស់​លោក ដែល​លោក​មាន​បំ​ណង​ គាំ​ទ្រនៃ​ការ​កំ​ណត់​អាណត្តិនាយករដ្ឋមន្ត្រី​នេះ។
ឯកឧត្តម ផៃ​ ស៊ី​ផាន បាន​បន្ត​ថា ការ​បកស្រាយ​ ការ​ពន្យល់​ ជា​មួយ​ហេតុ​ផល​មួយ​ចំ​នួន​ធំ​ ដែល​លើក​លើក​ឡើង​ គឺ​មិន​ត្រឹម​តែ​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ​ទេ​ អ្វី​ដែល​ខ្ញុំ​យល់​ដឹង​ គឺ​វាហាក់​បី​ដូចជា​វិទ្យុ​បរទេស​មួយ​នេះ​​លូក​ដៃ​ជ្រៀត​ជ្រែក​​ នៅ​ក្នុង​កិច្ចការ​នយោបាយ​ផ្ទៃ​ក្នុង​ និង​ដែន​អធិបតេយ្យ​របស់​ខ្មែរយើង​។ ជា​មួយ​គ្នា​នេះ ឯកឧត្តម​ ក៏​បាន​សូម​ ឲ្យ​លោក ជុន ចន្ទ​បុត្រ​ ពន្យល់​ពាក្យ​ពេចន៍​មួយ​ចំ​នួន​ ក្នុង​ស្មារតី​ និង​បំ​ណង​នៃយុទ្ធ​នាការ​ នៃ​ការ​ប្រើ​ពាក្យ​អស់​ទាំង​នោះ​ ដែល​លោក ជុន ចន្ទ​បុត្រ​ បាន​ប្រើប្រាស់ ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ។ ឧទាហរណ៍​ ដូចជា​៖
សូម្បី​តែ​ព្រះ​មហាក្សត្រ​ ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ជាអ្នក​ជួយ​ជ្រោម​ជ្រែង​ឲ្យ​ឡើង​សោយ​រាជ្យ​ដែរ ។ ក្រៅ​ពី​នេះ ដូចជា​ ពាក្យ ក្រុម​សន្តិសុខស៊ី​ឈ្នួល ទី​ប្រឹក្សា​អាមី​អាថោងឆ្វេង​ស្តាំ ចាំតែ​លើក​ជើង និង​ពាក្យ​ ក្រាញ​ នឹងអំ​ណាច​ ជា​ដើម​។

ឯកឧត្តម ផៃ​ ស៊ី​ផាន សង្ឃឹម​ និង​ជឿជាក់​ថា នាពេល​ដ៏​ខ្លី​ខាង​មុខ​ សាធារណៈជន ច្បាស់​ជា​បាន​ទទួល​នូវ​ការ​ពន្យល់​របស់​លោក ជុន ចន្ទ​បុត្រ​ ក្នុង​អ្វី​ដែល​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ជម្រុញ​ឲ្យ​លោក ជុន ចន្ទ​បុត្រ ដឹង​ពី​វត្ថុ​បំ​ណង​នៃ​​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ ព្រមទាំង​កិច្ចទទួល​ខុសត្រូវ​របស់​វិទ្យុ​អាស៊ី​សេរី​ ក្នុង​ការ​ប្រើ​ប្រាស់​រលក​អាកាសរបស់​វិទ្យុ​មួយ​នេះ​ នៅក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។

សូម​អាន​លិខិត​ចំ​ហរ​របស់​ ឯកឧត្តម ផៃ​ ស៊ី​ផាន​



No comments:

Post a Comment