Wednesday, March 12, 2014

លិខិត​ចំហរទៅកាន់ លោក Philip Rudduck



[លោក Philip Rudduck តំណាង​ឲ្យ​បក្ស​សេរី​​និយម​របស់​អូស្ដ្រាលី​ក្នុង​សភាតំ​ណាង​រាស្ត្រកាល​ពី​មុន​ជា​​​រដ្ឋ​មន្ដ្រី​​អន្ដោប្រវេសន៍ ពី​ឆ្នាំ​១៩៩៦ ដល់ឆ្នាំ​២០០៣ ។ ចំណាប់​អារម្មណ៍​របស់​លោក​បានត្រូវ​កាសែត The Cambodia Daily លើក​យក​មក​ផ្សាយ​ នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ។]

ខ្ញុំ​ផ្ទាល់​មាន​ការ​ចាប់​អារម្មណ៍​ណាស់ ពេលបាន​​អាន​ព័ត៌មាន ដែល​លោក​បាន​លើក​ឡើង​អំពី​កម្ពុជា និង​ការ​បោះ​ឆ្នោត។

ខ្ញុំ​នឹក​ឃើញ​ កាល​ពី​លោក​បាន​ធ្វើ​ទស្សនៈ​កិច្ច​ចុង​ក្រោយ​នៅ​កម្ពុជា​ នៅ​​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ពេល​នោះ​ខ្ញុំ​យល់ថា វា​សម​រម្យហើយ​ដែល​លោកបាន​​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​ “ឯកបក្ស”​ ។ (នេះ​មិន​ចាំ​បាច់​រិះ​គន់​ថា អ្វី​ជា​ឯក​បក្ស​នោះ​ទេ ព្រោះ​កាល​ណោះ​​​ពុំ​មាន​គណបក្ស​ច្រើនដែល​មាន​ចេតនា​ ឬ​ក៏​ពុះ​ពារ​ដើម្បី​កសាង​ស្រុកទេស និង​ប្រយុទ្ធ​ជាមួយ​ខ្មែរ​ក្រហម ​ដែល​កាល​ណោះ​កំពុង​​គាំទ្រ​​ដោយ​មហា​អំណាច​បរទេស​មួយ​ចំនួន)។

ប៉ុន្ដែ​ក្រោយមក​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ជា​ច្រើនលើក​ក្នុង​ក្រប​ខណ្ឌ​ពហុ​បក្ស​ ​ ហើយ​ចុង​ក្រោយ​នេះ គណបក្ស​ប្រឆាំង​ទទួល​​បាន​អាសនៈ​សភា​តំណាង​រាស្ដ្រ​យ៉ាង​សន្ធឹក​សន្ធាប់ គឺ​ច្រើន​ជាង​គណបក្ស​សេរី​និយម​​របស់​លោកដែល​ជា​បក្ស​ប្រឆាំង កាល​ពី​​បោះឆ្នោត​​ចុង​ក្រោយ​នេះ​ទៅ​ទៀត។

ក្នុង​កាសែត The Cambodia Daily ដែល​ខ្ញុំ​បានអាន លោក​បានលើក​ឡើង​ថា “​គណបក្ស​ប្រជាជន​ បាន​ដឹកនាំ​រដ្ឋាភិបាល​អស់​​រយៈ​ពេល​ជា​យូរឆ្នាំ​​មក​ហើយ” គឺ​ជា​​អ្វី​ដែល​បញ្ជាក់​ថា កម្ពុជា​ជា “​រដ្ឋ​ឯកបក្ស​”​។ ជា​ការពិត​ណាស់​ហើយ ដែល​គេ​ថា​គណបក្ស​ប្រជាជន​កម្ពុជា បាន​បម្រើ​ការ​ក្នុង​រាជរដ្ឋាភិបាល​ តាំង​ពីឆ្នាំ​១៩៩៣ ថ្វីបើ​ក្នុងអំឡុង​ឆ្នាំ​១៩៩៣-១៩៩៨ គណបក្ស​នេះ​ជា​គណបក្ស​​លំដាប់​ទីពីរ​ ក្នុង​រដ្ឋាភិបាល​ចំរុះ​ក៏ដោយ។

២១​ឆ្នាំ គឺ​ពិត​ជា​មាន​រយៈ​ពេល​វែង។ ក៏​ប៉ុន្ដែ​ វា​មិន​វែង​ជាង​២៣​ឆ្នាំ​ ដែល​គណបក្ស​សេរី និយម​​របស់​លោក ​បានដឹកនាំ​រដ្ឋាភិបាលអូស្ដ្រាលី ពីឆ្នាំ​១៩៤៩ ដល់ឆ្នាំ១៩៧២ (ដោយ​មិន​ដែល​​​ធ្វើ​ជា​ដៃ​គូ​ជា​គណបក្ស​តូច​ទីពីរ ក្នុង​រដ្ឋាភិបាល​ចំរុះនោះ​ឡើយ​)។ ខ្ញុំ​គិត​ថា ប្រទេស​អូស្ដ្រាលី​ជា​ប្រទេស​​ឯក​​បក្ស​ក្នុង​រយៈ​កាល​ណោះ។

ទោះជាយ៉ាង​ណាក៏​ដោយ ខ្ញុំ​ឯកភាព​ជាមួយ​លោក​ថា ការ​បោះឆ្នោត​នៅ​កម្ពុជាជា​រៀង​រាល់​ដងបាន​ប្រព្រឹត្ត​ទៅ​មិន​ដូចជា​ប្រទេស​អូស្ដ្រាលី​ទេ។ សំណាង​ណាស់​ដែល​មិន​ដូច។

លោកក៏​ប្រហែល​ជា​ដឹង​ឮ​ហើយថា កាល​ពី​បោះ​ឆ្នោត​ខែកញ្ញាកន្លង​ទៅ ដែល​បាន​លើក​​​​គណបក្ស​លោកឲ្យ​​ដឹកនាំ​រដ្ឋាភិបាលនោះ អាជ្ញាធរ​កាន់កាប់ការបោះឆ្នោតនៅ​រដ្ឋ​អូស្ដ្រាលី​ខាង​លិច​បាន​បាត់សន្លឹក​ឆ្នោតចំនួន ១.៣៧០សន្លឹក ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​។ ​ ​គេ​រក​ឃើញ​ករណីនេះ​ដោយ​សារ​កាល​ណោះ​លទ្ធផល​វា​ប្រ​កិត​គ្នាពេក​ ហើយ​​មាន​បេក្ខជន​មួយ​រូប​ បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។​ យើង​​សូម​សួរ​ថា ​តើ​ចំនួន​សន្លឹកឆ្នោត​ប៉ុន្មាន​ទៀត​ដែលដើរ​​​ខុស​គន្លង​ ខណៈ​ដែល​ពុំ​មាន​បេក្ខ​ជន​ណា​ទាម​ទារ​ឲ្យ​រាប់​ឡើង​វិញ​នោះ? រឿង​នេះ​ប្រហែល​ជា​នៅ​តែ​គ្មាន​នរណា​ដឹង​ទាល់​តែ​សោះ។

បើ​រឿង​នេះវា​មិន​ទាន់​គ្រប់​គ្រាន់​នឹង​បន្តុះ​​បង្អាប់​ដំណើរ​ការ​បោះឆ្នោត​នៅ​អូស្ដ្រាលី​នោះ ខ្ញុំ​​សុំ​លើក​យក​ព័ត៌​មាន​​មួយ​ទៀត ដែលបាន​​ចុះ​ផ្សាយ​ក្នុង​ទំព័រ​​កាសែត​អង់​គ្លេស​មួយ​ឈ្មោះ​ The Guardian កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា៖ គណៈ​កម្មការ​បោះឆ្នោត​អូស្ដ្រាលី​បាន​កំពុង​ពិនិត្យ​ឯក​សារ​បោះឆ្នោត​របស់​ខ្លួន​ ចំនួន ១៩.០០០ករណី ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​​បោះ ឆ្នោតលើស​ពី​មួយ​ដង។ អត្ថ​បទក្នុង​កាសែត​នោះ​បាន​បន្ថែម​ទៀត​​ថា មាន​អ្នកខ្លះ​ម្នាក់​ឯងបាន​​​បោះឆ្នោត ៧ដង ឬ ៩ដង ឬដល់​ទៅ ១៥ដង​ឯណោះ។

បើ​យោង​តាមសម្ដី​ដែលគេ​ស្រង់​ពាក្យ​​របស់​អាជ្ញាធរទទួល​បន្ទុក​ការ​បោះឆ្នោតនោះ បាន​បញ្ជាក់​ថា ករណី​​ជាង ៨.០០០ «ត្រូវ​បាន​ទាត់​ចោល ​ថា​ជា​កំហុស​ផ្លូវ​ការ»។ ចុះ​លោក​វិញ តើ​លោក​គិត​ថា អ្នក​គ្រប់​គ្រង​ការ​បោះឆ្នោត​នោះ គួរ​ឆ្លើយ​យ៉ាង​ដូច​ម្ដេ​ច​ទៅវិញ?

លើស​ពី​នេះ​ទៅទៀត ភាព​អាស្រូវ​នេះ មិនមែនកើត​ឡើង​ទទេៗដោយ​គ្មាន​ហេតុ​ផល​នោះ​ទេ។ ក្នុង​អំឡុង​ដែល​អូស្ដ្រាលី​ជា​ប្រទេស​ឯក​បក្ស​ឆ្នាំ​១៩៥៤-១៩៦១ និង​១៩៦៩ ការ​បោះ​ឆ្នោត​​ទាំង​៣លើក​នោះ គណបក្ស​​ពល​កម្ម​​ដែល​ជា​គណបក្ស​ប្រឆាំង ទទួល​សម្លេង​​ឆ្នោត​ច្រើន​ជាង​​គណបក្ស​​សេរីនិយម (តាម​លទ្ធ​ផល​ផ្លូវ​ការ​របស់​គណៈ​កម្មការ​បោះឆ្នោត) ក៏ប៉ុន្ដែ​គណបក្ស​សេរី​និយម​នៅ​តែ​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​ក្នុង​សភា។
មើល​ទៅ ​ទម្លាប់​នេះ​ហាក់​ដូច​ជា​មិនទាន់​រលត់បាត់​ស្រមោល​នៅ​ឡើយ។ បន្ទាប់​ពី​គណបក្ស​សេរី​និយម​ត្រូវ​បាន​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នៅឆ្នាំ​១៩៩៦មក​ ​នៅ​ឆ្នាំ​១៩៩៨ មាន​ការ​​បោះឆ្នោត​លើក​ទីមួយ​ក្នុង​អាណត្តិ​របស់​ខ្លួន គណបក្ស​ពលកម្មបាន​ឈ្នះ ៥១% (ក្នុង​ការ​បោះ​ឆ្នោត​ដែល​មាន​គណបក្ស​តែ​ពីរ) រីឯ​គណបក្ស​សេរី​និយម​បាន​សម្លេង​ឆ្នោត ៤៩%។ វា​​ជា​លទ្ធ​ផល​​ដែល​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​គណៈ​កម្មការ​បោះ​ឆ្នោត។ តែ​គណបក្ស​សេរី​និយម​​បែរ​ជា​បាន​ទទួល​៨០​អាសនៈ​ រីឯ​បក្ស​ប្រឆាំង​ទទួល​បានតែ​​ ៦៧​អាសនៈ​ទៅវិញ! (គណបក្ស​សេរី​និយម​ក៏ធ្លាប់ “ឈ្នះ” និង​ដឹកនាំ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​១៩៤០ ដែរ ដោយ​ទទួល​សម្លេង​តិច​តួច​ជាង​គណបក្ស​ពលកម្ម​ទទួល​បាន។ មាន​តែ​មួយ​លើក គឺនៅ​ឆ្នាំ​១៩៩០ ពេល​ដែល​គណបក្ស​ទាំង​ពីរ​ឈ្នះ​បាន​សន្លឹ​ក​ឆ្នោត​ខុស​គ្នា​តែ ០,២% ប៉ុណ្ណោះ។ គណបក្ស​ពលកម្ម​ឈ្នះ​ហើយ​បាន​ដឹកនាំ​រដ្ឋាភិបាល​ ខណៈ​ខ្លួន​ឈ្នះ​គណបក្ស​សេរីនិយម តែ​សន្លឹក​ឆ្នោត​លើ​ស​ខ្វះ​គ្នា​តិច​តួច​ប៉ុណ្ណោះ។

យោង​តាមប្រវត្តិសាស្ដ្រនេះ និង​រឿង​អាស្រូវ​ទាំង​នេះ​នៅ​ក្នុងពេល​​បោះ​ឆ្នោត​ខែ​កញ្ញា (ចុះ​​ មាន​នរណា​ទៀត​ដឹង​ថា មាន​រឿង​អាស្រូវ​ដែល​ត្រូវ​បា​ន​លាក់​បាំង​ប៉ុន្មាន​ទៀត?) ពលរដ្ឋ​អូស្ដ្រាលី​មិន​អាច​មាន​ទំនុកចិត្ត​លើ​លទ្ធ​ផល​ផ្លូវ​ការ​នោះទេ។

ដូច្នេះ ក្នុង​នាម​ជា​ប្រជាជន​អូស្ដ្រាលី​ស្នេហា​ជាតិ​មួយ​រូប ខ្ញុំ​ចង់​ឲ្យ​សាធារណ​ជន​ដឹង​អំពី​តម្រូវ​ការ​ឲ្យ​មានការ​ស៊ើប​អង្កេត ​ដែល​គ្រប់គ្រង​ដោ​យ​អង្គការ​សហប្រជាជាតិ​ឥត​លំអៀង​ទៅ​លើ​ភាពមិនប្រក្រតី​នានា​ក្នុង​ការ​បោះឆ្នោត​ខែ​កញ្ញា។ ប្រសិនបើ​ការ​ស៊ើប​អង្កេត​​បែប​នោះ ត្រូវ​បាន​បង្កើត​ឡើង​ វា​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដែល​មាន​ជំនាញ​ក្នុង​ការ​រកកំហុស​ឆ្គង​នៃ​ការ​បោះ​ឆ្នោត។ ​លោកប្រហែល​ជា​អ្នក​ដែលបាន​ផ្ដល់​​មូល​និធិ​ដល់​អង្គ​ការ​​ទាំង​នោះផង។

ខ្ញុំសង្ឃឹម​ថា លោក​តំណាង​រាស្ដ្រ​នឹង​ចូលរួម​ជាមួយ​នឹង​ខ្ញុំ​ដើម្បី​គាំទ្រ​ការ​ទាម​ទារ​សុំ​ឲ្យ​មាន​គណៈកម្មការ​អន្ដរ​ជាតិមួយ​ដើម្បី​ស៊ើប​អង្កេត​ការ​បោះឆ្នោត​ខែកញ្ញា​នៅ​អូស្ដ្រាលី។​

ដោយ​ការ​គោរព​ដើម្បី​ការ​បោះឆ្នោត​យុត្តិធម៌

Allen Myers

No comments:

Post a Comment