Wednesday, March 12, 2014

ទស្សនៈ កឹម សុខា ជាជនមិច្ឆាទិដ្ឋិ និង​រមិលគុណ!

         វាគ្រាន់​តែ​ជា​ការបោក​ប្រាស់​ប្រជាពល​រដ្ឋតែ​ប៉ុណ្ណោះ ដែល​ កឹម សុខា ផ្ញើ​សារ​ចេញ​ពី​វត្ត​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ជាទីកន្លែង​ប្រមូល​ផ្តុំ​ដោយ​ក្រុម​ប្រឆាំង​ដ៏ជ្រុល​និយម​ និង​បាន​​បង្ក​នូវ​សកម្មភាព​ហិង្សា អានាធិបតេយ្យ​វឹក​វរក្នុង​សង្គម​នាពេល​កន្លង​មក នូវ​ពាក្យ​ថា « អ្នក​ដឹក​នាំ​ដែល​មិន​គោរព​ពុទ្ធឱវាទនាំ​ឱ្យ​រាស្ត្រ​រង​ទុក្ខ»។

          ពាក្យលើកតំ​កើងពុទ្ធឱវាទ​នេះ បើ​ស្តាប់​ទៅ​ពិត​ជាពិរោះ និង​ជា​ទី​ទាក់​ទាញដល់​សមាន​ចិត្ត​​របស់​ប្រជាពល​រដ្ឋ​ជា​ខ្លាំង ប៉ុន្តែ ការពិត​ គឺកឹម​ សុខា ខ្លួន​ឯងទៅ​វិញ​នោះ​ទេ ដែលបាន​ និង​កំ​ពុង​​ជាន់​ឈ្លីលើ​ពុទ្ធោវាទ ដែល​ជា​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ។ ផ្ទុយ​ទៅ​វិញ​ ​កឹម​ សុខា នេះ​ហើយ គឺជា​ជន​មិច្ឆាទិដ្ឋិ និង​រមិល​គុណ ដែល​ប្រជាពល​រដ្ឋ​ខ្មែរគួរដឹង​ឱ្យ​បាន​ច្បាស់​ចៀសវៀង​ចាញ់​ឧបាយកល និង​វង្វេង​ដោយសារតែ​ពាក្យ​បោក​បញ្ឆោតរបស់​គាត់។

កាលពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០១៤ ក្នុង​ពិធី​ជួប​ជា​មួយ​អ្នក​គាំ​ទ្ររបស់​ខ្លួន​នៅ​វត្តសាមគ្គី​រង្សី លោក កឹម សុខា បាន​ចោទប្រកាន់មកលើ​ប្រមុខរាជ​រដ្ឋាភិបាលថា ជា​មេដឹកនាំ​ដែល​ពោរពេញ​ទៅ​ដោយ លោភៈ ទោសៈ មោហៈ ហើយ​ថា ការដឹក​នាំ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប្រជារាស្ត្រនឹង​មិន​មាន​សេចក្តី​សុខឡើយ និង​ថែម​ទាំង​ឌឺដង​ដោយ​ពាក្យ​ចំ​អក​ឡក​ឡើយមកលើ​រាជ​រដ្ឋាភិបាល​ថា បាន និង​កំ​ពុង​វង្វេង ដោយយក​មិត្ត​ធ្វើជា​សត្រូវ​ និងនិយាយ​សំ​ដៅទៅលើជន​ជាតិ(យួន គេចោទ​ថា​ជាសត្រូវ )​ ហើយបែរជារាជ​រដ្ឋាភិបាល​យក​ធ្វើ​ជា​មិត្តទៅ​វិញ។

ហេតុអ្វី​បាន​យើង​ខ្ញុំ​ ជា​អ្នក​សរសេរអត្ថបទ​វិភាគនេះ ហៅ​លោក កឹម សុខា ថាជា​ជន​មិច្ឆាទិដ្ឋិ និង​រមិល​គុណ? យើង​ខ្ញុំ​សូម​ការ​អនុញ្ញាតិបក​ស្រាយ​ដូច​តទៅ​នេះ៖

ពាក្យ​ថា មិច្ឆាទិដ្ឋិ គឺសេចក្តី​យល់​ឃើញ​ខុស ឬដំ​ណើរយល់​ឃើញ​ខុសអំពី​សេចក្តី​ពិត។

តើ​ កឹម សុខា បាន​ធ្វើ​ខុសអ្វីខ្លះ​ពី​សេចក្តី​ពិត តាំងពី​មុនចាប់ផ្តើមជី​វិតធ្វើ​នយោបាយ រហូត​មក​ដល់​ពេល​នេះ? និង​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំហៅ​ កឹម សុខា ថា​ ជា​ជន​រមិល​គុណ?

អតីតកាលរបស់​ កឹម សុខា បានចងឱបភ្ជាប់ជាមួយនឹងប្រវត្តិដ៏​អាមាស់ និង​ការ​និយាយ​តៗគ្នា​ថា  កឹម សុខា ចោរលួចអង្កៗៗៗ នៅ​ខណៈដែល​ប្រជាពល​រដ្ឋក្រលំ​បាក វេទនារក​អ្វី​បរិភោគ​​​គ្មាន​ ​ព្រោះ​​ទើបនឹង​ងើបចេញ​ពី​របបប្រល័យ​ពូជសាសន៍​ ប៉ុល ពត​។ ប៉ុន្តែ កឹម សុខា បាន​រស់​នៅ​ដោយ​ការ​ហូប​ចុក​គ្រប់​គ្រាន់ និងមាន​បាន​​យ៉ាង​ហូរហៀរ ។ កឹម សុខា មិន​បាន​ស្គាល់​អ្វី​ទៅដែលហៅ​ថា​អត់​ឃ្លាន​នោះទេ។ ការ​មិន​អើពើ​នឹង​អ្នក​ក្រខ្សត់នោះ​ហើយ គឺ កឹម សុខា ត្រូវ​ជាប់​ឈ្មោះ ម៉្យាងថា ជាចោរ និង​ម៉្យាង​ទៀត ក៏ជាប់​ឈ្មោះ​ថាជា​ជន​ អាត្មានិយម គ្មាន​គិត​អ្នក​ដទៃ​នៅ​ជុំ​វិញ​ខ្លួន​ដែល​កាលណោះ​ប្រឈម​នឹង​ការ​អត់​ឃ្លានជាខ្លាំង។

មួយ​វិញ​ទៀត ចំ​ពោះពាក្យ​ចោទប្រកាន់​របស់កឹម សុខា ទៅ​លើ​ជន​ជាតិ​វៀត​ណាម​ ថា ត្រូវ​បាន​រាជ​រដ្ឋាភិបាល​យក​ធ្វើមិត្ត តែ​ចំ​ពោះ​ខួរក្បាលរបស់​ កឹម សុខា វិញ​ចាត់​ទុក វៀតណាម​ គឺជា​សត្រូវ​របស់ខ្លួនជារៀង​រហូត​នោះ គឺកឹម សុខា បាន​បំ​ភ្លេចចោល​ទាំង​ស្រុង​នូវ​សច្ចធម៌​ប្រវត្តិ​សាស្ត្រ​ និង​គុណ​បំ​ណាច់​ដែល​កង​ទ័ព​ស្មគ្រ័ចិត្ត​វៀត​ណាម​បាន​ចូល​រួម​កម្លាំង​ក្នុង​ការ​រំ​ដោះ​ទឹក​ដីខ្មែរចេញ​ពី​ពួក​របប​អាវ​ខ្មៅ​ដ៏​យង់​ឃ្នង និង​នាំ​មក​នូវ​សន្តិភាព​ដល់​បច្ចុប្បន្ន គឺជន​ជាតិ​វៀត​ណាម​ ដែល​ត្រូវ​បាន​ កឹម សុខា ហៅ​ដាច់​សាច់ ថា យួន​ៗនោះហើយ ជាអ្នក​បាន​នាំ​ឱ្យ​ កឹម សុខា មាន​ឱកាសធ្វើ​នយោបាយ​ដូចសព្វ​ថ្ងៃ ប៉ុន្តែ កឹម សុខា បាន​ធ្វើ​ខ្លួន​ជា​សត្វ​ក្រពើរមិល​គុណ​ ។ នេះ​ហើ​យ​ជា​ការ​ប្រព្រឹត្តប្រាស់​ចាកអំ​ពី​ពុទ្ធោវាទ។

ជាប់​ឈ្មោះ​ជាចោរ​លួចអង្ក​រប៉ុណ្នឹង​ហើយ កឹម សុខា មិន​បញ្ឈប់​នូវ​អំ​ពើខុសឆ្គង​ត្រឹម​នេះ​ទេ ថែម​ទាំង​ត្រូវ​បាន​មន្ត្រី​ដែល​បំ​រើការងារនៅ​មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​ប្តឹង​ចោទ​ពី​បទ​ ប្រព្រឹត្ត​អំ​ពើ​ពុក​រលួយ​ កិប​កេង​ប្រាក់​ជំ​នួយ​ពីបរទេស​ ដើម្បី​យក​ធ្វើ​មាន​បាន​សម្រាប់​ខ្លួន​ឯង​យ៉ាង​ចាស់​ដៃ ខណៈខ្លួន​ជាប្រធាន​អង្គការ​សិទ្ធិ​មនុស្សមួយ​ មុនពេល​ចូល​​ប្រឡូកក្នុង​ឆាក​នយោបាយ។ នេះ ហើយ ដែល​គេហៅ​ថា លោភៈ ដែល​កើតចេញ​ពី​មោហ៍​បាំង​។

បើ​និយាយ​អំពី សីលធម៌​រស់​នៅ​ក្នុង​សង្គម​វិញ កឹម សុខា មិន​ស័ក្តិ​សមជាមេដឹក​នាំ​គណបក្ស​នយោបាយ​ដែល​ប្រកប​ដោយកិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ និង​ជា​ស្វាមី​ដែល​ជាទី​គោរព​ ពេញញ​ចិត្ត​សម្រាប់​ផ្តល់នូវ​ភាព​កក់​ក្តៅ​សម្រាប់​ក្រុម​គ្រួសារនោះ​ទេ    ពីព្រោះ​តែ​ការមាន​​ទំ​នាក់​ទំនង​ស្នេហា​លួចលាក់ដោយ​មាន​​ប្រពន្ធ​ចុង​ជា​ច្រើន​នាក់​ គឺជា​អំ​ពើផិត​ក្បត់ និង​បំ​ពាន​លើ​ច្បាប់​ឯកព័ន្ធ​ភាព​​​​យ៉ាង​កំ​រោល​។ នេះ ហើយជា​ការ​រំ​លោភលើសិក្ខាបទ នៃ​និច្ចសីល ត្រង់​កន្លែង កាមេ​សុមិច្ឆាចារា វេរមុនី សិក្ខាបទំ​សម្មាទិយាមិ គឺ​ការ​ប្រព្រឹត្តខុសក្នុង​កាម​។

បើ​និយាយអំពី​ការ​ភូត​កុហក់វិញ យើង​សូម​មិន​និយាយពី​មេបក្ស​ប្រឆាំងទេ គឺ​និយាយចំ​ពោះ​តែបុគ្គល កឹម សុខាប៉ុណ្ណោះ គឺធ្លាប់​បាន​ភូត​កុហក បោក​ប្រាស់​ប្រជា​ពល​រដ្ឋ​ស្ទើ​រគ្រប់​ទី​កន្លែង តាំង​ពី​មុន​បោះ​ឆ្នោត រហូត​មក​ដល់​បច្ចុប្បន្ន គឺ​ កឹម សុខា បាន​យក​គោល​នយោបាយ​ សន្យាខ្យល់ ធ្វើ​ជា​វិធី​សាស្ត្រ​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​ខ្លួន។ ការ​ធ្វើ​ប្រជាភិថុត​លើទឹក​ចិត្តប្រជារាស្ត្រ​នេះ​ហើយ ដែល​ជា​ការ​បំ​ពានលើព្រះ​ពុទ្ធឱវាទ ត្រង់​ចំ​នុច មុសាវាទាវេរមុនីសិក្ខាបទំ​សម្មាទិយាមិ។ បុគ្គល​​អ្នក​ភូត​ភរ​មែង​នាំ​មក​នូវ​សេចក្តី​វិនាស ទាំង​ក្នុង​បច្ចុប្បន្ន និង​អនាគត។

បើ​ពិនិត្យ​លើ​ ទិដ្ឋភាព​ជាក់​ស្តែង នៃ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេសក្រោយ​ការ​បោះ​ឆ្នោត គឺកឹម សុខា បានបដិសេធ​នូវ​ការ​ពិត​ជាប់​រហូត​មក បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​ឆ្នោតហើយ​នោះ ធ្វើ​ពហិកា មិន​ចូល​ប្រជុំ​សភា និង​ដើរភូត​កុហកពល​រដ្ឋ​ខ្មែរក្នុង​ និង​នៅ​ក្រៅ​ប្រទេស ហើយ​ថែម​ទាំង​ភូត​ភរសហគមន៍​អន្តរជាតិ​ថា កម្ពុជា​កំ​ពុង​ជួប​វិបត្តនយោបាយ ដុត​បញ្ឆេះ​​កំ​ហឹង​ប្រជាពល​រដ្ឋ​ឱ្យបះ​បោរប្រឆាំង​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាលស្របច្បាប់ និង​ញុះ​ញង់​ បង្ក​​ហិង្សាបណ្តាល​ឱ្យ​មាន​មនុស្សស្លាប់​ និង​របួសនាពេល​កន្លង​មក​នោះ ទង្វើ​នេះ​​ក៏​ចាត់​ចូល​ជា​ បុគ្គល​ មិច្ឆាទិដ្ឋិ​ផង​ដែរ គឺ​នាំ​ឱ្យ​អ្នក​ដទៃ​យល់​ខុសតាម​ខ្លួន​ និង​ពោរពេញ​ទៅ​ដោយ​លោភៈ ទោសៈគ្រប់​ពេល​វេលា។

យើង​ខ្ញុំជា​អ្នក​សរសេរទស្សនៈវិភាគ​នេះ គ្រាន់​តែ​អធិប្បាយមក​យ៉ៗប៉ុណ្ណោះ ក៏អាច​ឱ្យ​បងប្អូន​ប្រជាពល​រដ្ឋ​ បាន​ដឹង​ថា ការ​លើក​យក​ពុទ្ធឱវាទ យក​មក​លើក​តម្កើង ឬ​ជាសំ​អាង​ថា ខ្លួន​ឯង​ល្អ ហើយ​លាប​ព៌ណមកលើ​អ្នក​ដទៃ​ថា ជា​បុគ្គល​អាក្រក់​នោះ គឺ​ កឹម សុខា នេះ​ឯង​ជាជន​ដែល​ដើរខុសពី​គន្លង​គោល​ការណ៍​ព្រះ​ពុទ្ធ​សាសនា ដើម្បី​តែ​បំ​រើ​ប្រយោជន៍​សួន​តួ និង​បក្ខពួក​។

ផ្ទុយ​ពី​ការ​យល់​ខុសរបស់​ កឹម សុខា គេបាន​ដឹង​ថា ប្រមុខនៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ស័ក្តិ​សម​បំ​ផុត​ជា​មេដឹក​នាំ​ប្រកប​ដោយ​គុណ​ធម៌  និង​ជា​បុគ្គល​សម្មាទិដ្ឋិ ឃើញ​ពិត និយាយពិត និង​ជា​បុគ្គល​ដែល​ដឹង​គុណ​ចំពោះ​អ្នក​ដែល​មាន​ឧបក្ការៈ ​សម​ដូច​ទស្សនទាន​របស់​ សម្តេច​តេជោ ដែលថ្លែង​​ដឹង​គុណ​ចំ​ពោះ​កង​ទ័ពស្មគ្រ័ចិត្ត​វៀត​ណាម​ និង​ឥស្សរជន​ខ្មែរជា​ច្រើន​រូប​ដែល​បាន​តស៊ូ ហ៊ាន​ជីវិតដើម្បី​ជាតិ មាតុភូមិ ដែល​សម្តេច​បាន​បញ្ជាក់ថា « ផឹក​ទឹក​កុំភ្លេចប្រភព​ទឹក»។

ឃ្លាមួយ​ប្រយោគនេះ មាន​ន័យ​គ្រប់​គ្រាន់​បំ​ផុត​សម្រាប់​ដាស់​សតិ​ កឹម សុខា ពី​ការ​វង្វេង​ភ័ន្ត​ ឱ្យ​ងាក​មក​រក​ផ្លូវ​ប្រតិបត្តិ​ដ៏​ពិត​ប្រាកដតាម​ពុទ្ធឱវាទ ដើម្បី​បាន​គេចចេញ​ផុត​ពី​អំ​ពើខុសដែល​កើត​ចេញ​​ពី​ការ​ភូត​កុហក​នៅ​ពីក្រោយ​ជី​វិត​នយោបាយ​របស់ខ្លួន​ ប្រសិន​បើ​ កឹម សុខា មាន​ការ​ភ្ញាក់​រលឹក​​​ទាន់​ពេលវេលា ៕

អត្ថបទដោយ៖ គង់ សម្បត្តិ

No comments:

Post a Comment