Wednesday, March 12, 2014

រាជ​រដ្ឋា​ភិបាល​​សម្រេច​​បញ្ចូល​​ក្រប​ខ័ណ្ឌ​គ្រូ​​បង្រៀន​​ចំនួន​​៦០០០​នាក់​ក្នុង​​ឆ្នាំ​​២០១៤ និង​​ប្រកាស​​លុប​​បំបាត់​​កាំ​​ប្រាក់​​ក្រប​​ខណ្ឌ​ប្រភេទ “ឃ”

សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ សម្រេច​ឱ្យបញ្ចូល​ក្របខ័ណ្ឌ​គ្រូបង្រៀន ត្រឹម​៦០០០ នាក់ទៀត នៅ​ឆ្នាំ​២០១៤ ក៏​ដូច​ជា​ការ​ប្រកាស​ឲ្យ​ដឹង​ពីការលុបចោល​កាំ​ប្រាក់​ក្រប​ខណ្ឌ​ប្រភេទ ​«​ឃ​» របស់​មន្ត្រីរាជការ​ដែល​មាន​ចំនួន​ប្រមាណ​ជាង ១ម៉ឺន​នាក់ ​នៅ​ទូទាំង​ប្រទេស​​ដោយ​ដំឡើង​ឲ្យ​ទៅជា​ក្របខណ្ឌ​ប្រភេទ ​«​គ​»​ ទាំងអស់​ដើម្បី​បន្ថយ​គម្លាត​ប្រាក់បៀវត្ស​ក្នុង​ជួរ​មន្ត្រីរាជការ​។​

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត កម្រិត​​ឧត្តម (បរិញ្ញាបត្រ​+១) ជំនាន់​ទី​១៨ និង​គ្រូ​បង្រៀន កម្រិត​មូលដ្ឋាន ឯកទេស ភាសា​បារាំង​​ខ្មែរ​ជំនាន់​ទី​១៥ នៅ​វិទ្យាស្ថានជាតិ​អប់រំ​ទាក់​ទង​នឹង​ការ​សម្រេច​ឲ្យ​ជ្រើ​ស​រើស​ក្រប​ខ័ណ្ឌ​គ្រូ​បង្រៀន​ចំនួន ៦០០០នាក់​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍​ពន្យល់​ថា​ នៅ​ឆ្នាំ​២០១៤នេះ ក្របខ័ណ្ឌ​គ្រូបង្រៀន ដែល​ត្រូវ​ជ្រើសរើស​ថ្មី មាន​ចំនួន​ដល់​ទៅ​៦.០០០​នាក់ ប៉ុន្តែ ឯកឧត្តម ហង់ ជួន​ណារ៉ុន បាន​ស្នើសុំ​ដល់ ទៅ​៧០០០​នាក់​ឯណោះ ប៉ុន្តែ​ដោយសារ តែ​ការស្នើសុំ​នេះ បាន​ធ្វើឡើង​ក្រោយពេល​ដែល​ច្បាប់​ថវិកា​បាន​រៀបចំ​រួច ដូច្នេះ​បានជា​អនុញ្ញាត​ផ្តល់ជូន​តែ​ចំនួន​៦០០០​នាក់​តែ​ប៉ុណ្ណោះ​។ ​ សម្តេចតេជោ​បាន ណែនាំ​ឱ្យ​ក្រសួង​អប់រំ លើក​ផែនការ​ដែល ទាក់ទង​នឹង បញ្ហា​បន្ថែម​បុគ្គលិក​នេះ សម្រាប់​ឆ្នាំ​២០១៥ ទៅ​ក្រសួង​មុខងារ សាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់​ចំនួន​៧.០០០​នាក់​។ ដោយឡែក​សម្រាប់​ការស្នើ​សម្រាប់​ឆ្នាំ ២០១៤​ដោយសារ​ច្បាប់​ថវិកា​បាន​រៀបចំ​រួច សម្តេច​ក៏​បាន​អនុញ្ញាត​ពី​ចំនួន​៥០០០ នាក់ ដល់​៦០០០​នាក់ ដោយ​មិន​អាច សម្រេច​ផ្តល់​ជូន​ដល់ ៧០០០​នាក់​នោះ​ទេ​។

ទាក់ទង​នឹង​ការរីកចម្រើន​នៃ​ការបណ្តុះបណ្តាល​គ្រូបង្រៀន​​  ​​ សម្ដេច​​តេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្រោយ​រំដោះពី​របប​ ប៉ុល ពត ជា​ពិសេស​ចាប់តាំងពី​ដំណាក់កាលមួយ ដែល​យើងបាន​រៀបចំ​នូវ​វិស័យ​អប់រំ នេះ​ឡើង បន្ទាប់​ពី​ការដួលរលំ​របប ​ប៉ុល ពត ការបណ្តុះបណ្តាល​គ្រូ ដើម្បី​បន្តវេន គឺជា​រឿង​ត្រឹមត្រូវ!​។ ប៉ុន្តែ​មាន​ដំណាក់ កាល​មួយ​របស់​កម្ពុជា គឺ​គ្មាន​ទេ ដែល​ហៅ ថា ដំណាក់កាល​បន្តវេន​នោះ គឺ​របប ​ប៉ុល ពត ​នោះ​ឯង​។ សម្តេចតេជោ​មាន​ប្រសាសន៍​កត់​សំគាល់​ថា​ វិស័យ អប់រំ បើសិនជា​គ្មាន​ការចូលរួម​ដោយ សង្គមទាំងមូល​ទេ តើ​វិស័យ​អប់រំ​របស់យើង អាច​ឈាន​មក​ដល់​កម្រិតប៉ុណ្ណេះបាន ដែរឬទេ? នេះ​ជា​ចំនុច​ដែល​យើងត្រូវ​ចោទសួរ!។

ទាក់​ទង​នឹង​ប្រាក់​បៀរវត្សរ៍​របស់​មន្ត្រី​រាជការ សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ម​មន្ត្រី​មានប្រសា​ស​ន៍​ពន្យល់​ថា ការដំឡើង​ប្រាក់បៀវត្ស​តាម​ពហុ​អត្រា​ប្រ​ភេទកាំ​ប្រាក់ គ​៣-១៤ គ​៣-១៣ គ​៣-១២ គឺ​ឡើង​ដល់​ជាង ២០% ប៉ុន្តែ​ក្របខណ្ឌ​ «​ក​» ​វិញ​ឡើង​បានតែ ២%​ទេ ព្រោះថា កន្លងមក​បើ​ក្របខណ្ឌ​ប្រភេទ​«​ក​»​ប្រាក់ខែ​១​លាន​រៀល បើ​ឡើង ២០% នោះ​នឹង​បាន ២០ម៉ឺន​រៀល ហើយ​បើ​កាំ​ប្រាក់​ប្រភេទ​«​គ​»​ប្រាក់ខែ ៣៦ម៉ឺន​រៀល​ពេល​ឡើង ២០% បាន​តែ​ ៧​ម៉ឺន​រៀល ដូច្នេះ​ត្រូវ​រៀបចំ​ឡើងវិញ​អត់​តម្លើង ២០% ស្មើគ្នា​នោះ​ទេ ​គឺ​តាម​របៀប​ពហុ​អត្រា​ក្រប​ខណ្ឌ​ណា​ត្រូវ​ឡើង​បាន​ប៉ុន្មាន ក្របខណ្ឌ​ណា​ឡើង​បាន​ប៉ុន្មាន​រុញ​តាម​របៀប​ដែល​ហៅថា រុញ​បំបាស់។ ឥឡូវ​ត្រូវ​រុញ​ក្របខណ្ឌ​ប្រភេទ​ «​គ​»​ ឲ្យ​វា​បាស់​ឡើង​បន្តិច​ទៅ ដែល​នេះ​ជា​កម្មវិធី​នៃ​ការ​រៀបចំ​ប្រព័ន្ធ​បៀវត្ស​នៅ​ពេល​ខាង​មុខ។

សម្ដេច​តេ​ជោបាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​ធ្វើដំណើរ​បន្តិច​ម្ដងៗ​តាម​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិ​បាល ហើយ​ការកែទម្រង់​លើក​នេះ យ៉ាងហោចណាស់ បើ​ទោះ​បី​ជា​ប្រាក់ខែ​របស់​យើង មិន​ទាន់​ស្របតាម​ការ​ចង់​បាន ប៉ុន្តែ​វា​នឹង​ប្រសើរ​ឡើង​បន្តិច​ម្តងៗ​។ បើ​ឲ្យ​មនុស្ស​ស្រប​គ្រប់គ្នា​លើ​ពិភពលោក ​វា​ទាល់តែ​ពិភព​លោក​ទាំងមូល​មាន​លុយ​ម្នាក់ៗ​ស្មើនឹង ប៊ែ​ល​ហ្គែ​ត ឯណោះ​នោះ​ទើប​ពិភពលោក​គឺ​វា​អស់​មាន​បញ្ហា។ ប៉ុន្តែ​នៅ​លើ​ពិភពលោក​នេះ​វា​មាន​អ្នក​មាន មាន​អ្នកក្រ មាន​អ្នក​មាន​ប្រាក់ខែ​ច្រើនមាន​អ្នក​ប្រាក់ខែ​តិច វា​ជា​រឿង​ធម្មតា​ខ្លាំ​ងណាស់។ ឯ​រឿង​អ្នក​សន្យា​គឺ​អត់​លំបាក​ទេ​ព្រោះ​រឿង​គ្រាន់តែ​និយាយ​វា​គ្មានអ្វី​លំបាក​ទេ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​បាន​នោះ​ថា តើ​ត្រូវ​ដោះស្រាយ​របៀប​ម៉េច មិនមែន​គ្រាន់តែ​ការ​និយាយ​ហើយឲ្យ​ចប់​នោះ​ទេ។

ក្នុង​បញ្ហា​ថវិកា​នេះ​ដែរ សម្ដេច​តេជោ ក៏ បាន​ថ្លែង​សំដៅទៅ មេ​បក្ស​ប្រឆាំង​ថា​៖ បញ្ហា​ការប្រើប្រាស់​ថវិកា មិនមែន​ជា​បញ្ហា ធម្មតា​ទេ ហើយ​អ្នក​ដែល​គេ​និយាយ​គឺ សម្បូរបែប! គេ​និយាយ​យ៉ាងម៉េច​ក៏​បាន ដែរ! ចង់​ឱ្យ​ម្នាក់​៥​លាន! ម្នាក់​២​លាន! ម្នាក់​៣​លាន! ស្រេច​តែ​ចិត្ត​ចង់! ប៉ុន្តែ អង្គរក្ស​និង​អ្នកបើកបរ​រថយន្តរ​បស់​ខ្លួនឯង គឺ​ឱ្យតែ​៨០ ដុល្លារ​ទេ! បញ្ហា​នេះ​គឺ​សុំ​ឡើង​ផង! ។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រីមាន​ប្រសាសន៍​បញ្ជាក់​ថា​ ការចំណាយ​ទៅលើ​បញ្ហា​បៀវត្សរ៍ ក្នុង​១​ខែៗ​មិន​មែន​​ជា​រឿង​តូច​ទេ​ ហើយ​ការចាយ​ទៅលើ​បញ្ហា​បៀវត្សរ៍ បើកាលណាចាយ​ហើយ គឺ​មិន​អាច​ដកហូត​វិញ​បាន​ទេ​...​ឥឡូវនេះ​កំណែទម្រង់​ការបើក​បៀវត្សរ៍​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រ​ដា​ប់​អាវុធរបស់​យើង គឺ​បាន​ធ្វើ​ក្នុង​ខែ​គឺ​ធានា​យ៉ាងណា​ឱ្យ​បើក​លុយ​ក្នុង​ខែ។

សម្តេច​តេជោ​​មានប្រសាសន៍ថា ការជំរុញ​ឲ្យ​បើក​ប្រាក់ខែ​ក្នុង​ខែ​ត្រូវតែ​បញ្ជាក់​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ជាក់​ជាមួយ​រតនាគារជាតិ​ឲ្យ​បាន​ច្បាស់​ថា ក្នុង​ពេល​ដែល​យើង​​រុញ​មក ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​បាន​ក្នុង​ខែ សាច់ប្រាក់​មាន​ពិតប្រាកដ​ឬ​អត់​ដូច្នេះ​ត្រូវ​រៀបចំ​រំកិល​សាច់​ប្រាក់​ តាំងពី​ប៉ុន្មាន​ខែ​មុន រំកិល​ជា​បណ្ដើរៗ​ព្រោះ​បញ្ហា​រឿង​ថវិកា​វា​មាន​ជា​ក្រដាស និង​វា​មាន​ជា​សាច់ប្រាក់ បើ​មាន​អាណាប័ក​ទៅ​បើក​វា​គ្រាន់តែ​ជា​ក្រដាស​ទេ ប៉ុន្តែ​ទៅ​ដល់​​រតនា​គារ​​វា​មាន​សាច់ប្រាក់​ឬ​អត់ នេះ​វា ជា​រឿង​មួយទៀត។

សម្តេចតេជោ​បានមាន​ប្រសាសន៍​ថា ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​មក​និយាយ​នៅ​ទី​នេះ ស្រាប់​តែ​ដល់ពេល​អនុវត្តន៍​ជាក់ស្ដែង​គេ​ទៅ​បើក​លុយ​បែរជា​ខាង​រតនាគារ​ថា អត់​មាន​សាច់​លុយ បើ​អីញ្ចឹង​យើង​ជា​នាយករដ្ឋមន្ត្រី​យើង​ធ្វើ​នាយករដ្ឋមន្ត្រី​របៀប​ម៉េច​ទៅ ប៉ុន្តែ​គេ​គ្រាន់តែ​នាយក​រដ្ឋ​មន្ត្រី ឧទាហរណ៍​អត់​បញ្ហា​អ្វី​ទាំងអស់ នេះ​ខ្ញុំ​គ្រាន់តែ​ឧទាហរណ៍​ទេតើ បើ​ខ្ញុំ​ឈ្នះ​ខ្ញុំ​ឲ្យ​ប្រាក់ខែ​១​លាន ហើយ​បើក​ឲ្យ​លឿន បើក​តាំងពី​ថ្ងៃទី​១ ច្បាស់​ណាស់​គេ​នឹង​និយាយ​ព្រោះ​គេ​ជា​នាយក​រដ្ឋ​មន្ត្រី ឧទាហរណ៍ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ពិត​និយាយ​ត្រូវតែ​ធ្វើ​៕

ឯកឧត្តម​ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានថ្លែង​ឱ្យ​ដឹង​ថា​ ចាប់ពី​ឆ្នាំ ១៩៩៣​មក វិទ្យាស្ថាន​ជាតិ​អប់រំ បានចាប់ផ្តើម​បណ្តុះបណ្តាលរយៈពេល​វែង ដល់​គ្រូ​បង្រៀន កម្រិត​ឧត្តម គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ឯកទេស​ភាសា​បារាំង​ខ្មែរ អង់​គ្លេស​​ខ្មែរ គ្រូ​បឋមសិក្សា គ្រូឧទ្ទេស​បឋមសិក្សា គ្រូ ឧទ្ទេស​ភាសា​បារាំង​អធិការ​បឋមសិក្សា និង​​អធិការ​មធ្យម​សិក្សា សរុប​ចំនួន ១៣.៥៣៨​នាក់​ក្នុងនោះ​នារី​៣.៥៦៣ នាក់​។ ចាប់ពី​ឆ្នាំ​សិក្សា ២០១២-២០១៣ មក វិទ្យាស្ថាន​ជាតិ​អប់រំ បាន​បើក​វគ្គ​បណ្តុះ បណ្តាល​ថ្នាក់ បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក គ្រប់​គ្រង​អប់រំ​។ ដោយឡែក​នៅ​ឆ្នាំ​សិក្សា ២០១៣-២០១៤​នេះ  វិទ្យាស្ថាន ក៏​មានបើក​វគ្គ​បណ្តុះ​បណ្តាល គ្រូឧទ្ទេស​អធិការ អប់រំ​ផង​ដែរ ដែល​មាន​សិក្ខាកាម​ចូលរួម​២១​នាក់ ក្នុងនោះ​មាន​នារី​៨​នាក់​។​

ជាមួយ​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែង​ដែរ​ថា​ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំប្រក​ប​ដោ​យ​គតិបណ្ឌិត និង​ឈ្លាសវៃ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានដោះស្រាយទាន់​ពេល​វេលា នូវ​រាល់​បញ្ហា ខ្វះខាត​នានា​របស់​វិស័យ​អប់រំ​។ ជាក់ស្តែងក្រៅ​ពី​ជំនួយ​ឧបត្ថម្ភនូវ​សំណង់​អគារ សិក្សា​ជា​ច្រើន សម្តេច​បាន​យកចិត្ត​ទុកដាក់​សម្រេចដំឡើង​ប្រាក់​បៀវត្សរ៍ជូនគ្រូ​បង្រៀន និង​ផ្តល់​អាទិភាព​ឱ្យ​ក្រសួងអប់រំ ធ្វើការ​ជ្រើសរើស​គ្រូ​បង្រៀន ក្នុង​១ឆ្នាំៗ ចំនួន ៥០០០​នាក់​តាំង​ពី​ឆ្នាំ​២០០២ មក​។

ដោយឡែក​សម្រាប់​ឆ្នាំ​២០១៤​នេះ សម្តេច​បាន​អនុញ្ញាត ឱ្យ​ក្រសួង​ជ្រើសរើស​គ្រូ​បង្រៀន​ចំនួន​៦០០០​នាក់ ដើម្បី​ឆ្លើយ តប​ទៅ​នឹង​សំណូមពរ រីកចម្រើន​របស់ វិស័យ​អប់រំ នៅ​ទូទាំង​ប្រទេស​។

ក្នុង​ពិធី​ប្រគ់​សញ្ញា​បត្រ​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​សម្តែង​នូវ​ទឹក​ចិត្ត​សោមនស្ស​ចំពោះ លទ្ធផល​បណ្ដុះ បណ្ដាល​គរុ​និស្សិត ដែល​​មាន​ចំនួនយ៉ាងច្រើន រហូតដល់​១០៣៨​នាក់​នោះ​៕

No comments:

Post a Comment