Tuesday, March 07, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីនមិនប្រកាស «សង្រ្គាមទាំងស្រុង» លើអ៊ុយក្រែន តែម្ដងទៅ?


(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសកែនកងទ័ពបន្ថែម វាបានធ្វើឱ្យ​គេមើលឃើញថា​នេះ​ជាការសម្រេចចិត្ត ឆ្ពោះទៅរកការប្រកាសសង្រ្គាមទាំងស្រុងលើអ៊ុយក្រែន ដោយលែងចាត់ទុកសង្រ្គាមរបស់លោកត្រឹមតែជា «ប្រតិបត្តិការយោធាពិសេស» តទៅទៀត។ ការកែនទ័ពដែលលោក ពូទីន ហៅថា ជា «ការកែនទ័ពមួយផ្នែកនេះ» បានបង្កឱ្យការភ័យខ្លាចនៅក្នុងចំណោមបុរសរុស្ស៉ី រហូតដល់ធ្វើឱ្យមនុស្សរាប់ម៉ឺន​នាក់រត់ភៀសខ្លួនចេញពីប្រទេស ខណៈបរាជ័យរបស់ទាហានរុស្ស៉ី នៅលើ សមរភូមិជាបន្តបន្ទាប់ គួបផ្សំនឹងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ បានជំរុញឱ្យមានការសន្និដ្ឋានថាលោក ពូទីន នឹងពង្រីកសង្រ្គាមរឹតតែធំ ឬអាចនឹងកែនកងទ័ពជាលើកទី២ ក្នុងពេលឆាប់ៗនេះ។


ឆ្នាំ២០២២កន្លងទៅ គឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់លោក ពូទីន បើគិតចាប់តាំងពីលោកកាន់អំណាចអស់រយៈពេលជាង ២ទសវត្សរ៍មកនេះ។ ប៉ុន្តែ លោកត្រូវបានគេមើលឃើញថា មានការអត់ធ្មត់ច្រើនទាំងនៅក្នុងស្រុក និងនៅឯសមរភូមិសង្រ្គាម ដោយមិនបានប្រកាសសង្រ្គាមទាំងស្រុងលើអ៊ុយក្រែននោះទេ។ តើនេះមកពីហេតុអ្វីទៅ? តាមពិតទៅ ចាប់តាំងពី ដំណាក់កាលដំបូងនៃសង្រ្គាម រហូតមកពេលឥលូវនេះ គោលគំនិតនៃការប្រកាសសង្រ្គាមទាំងស្រុងតែង​តែស្ថិតនៅក្នុងការគិតរបស់លោក ពូទីន ជានិច្ច។ ក្នុងខែមេសា ឆ្នាំ២០២២ លោក ពូទីន បានប្រាប់សភាជាន់ទាបរុស្ស៉ីថា «គ្រប់ភាគីទាំងអស់នៅក្នុងសភា ត្រូវតែប្រកាន់យកជំហរសាមគ្គីភាពជាធ្លុងមួយ ដោយផ្អែកលើគោលការណ៍ដើម្បីប្រយោជន៍ជាតិ ក្នុងការដោះស្រាយ បញ្ហាសន្តិសុខប្រទេសជាតិ»។

ក្រោយមកទៀត ក្នុងខែកក្កដា ឆ្នាំដដែល លោក ពូទីន បានប្រាប់ថា្នក់ដឹកនាំរុស្ស៉ី និងប្រជាជនរុស្ស៉ីទាំងអស់ថាសង្រ្គាមនៅអ៊ុយក្រែន គឺផ្ទុះឡើងដោយសារតែលោក​ខាងលិច ហើយសង្រ្គាម បច្ចុប្បន្នជាសង្រ្គាមរវាងរុស្ស៉ី និងលោកខាងលិច មិនមែនជាមួយអ៊ុយក្រែននោះទេ។ ពេញមួយឆ្នាំ២០២២ ការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ​របស់លោក ពូទីន រួមទាំងការដាក់ចេញវិធានការ ជាច្រើនដូចជា ការធ្វើជាតិតូបនីយកម្មឧស្សាហកម្ម និងការបង្កើនការបង្រ្កាបក្រុមអ្នកប្រឆាំងនៅក្នុងស្រុក វាបាន​បង្ហាញ​​ថាវិមានក្រឹមឡាំងនឹងពង្រីកវិសាលភាពសង្រ្គាមកាន់តែធំ។ ប៉ុន្តែ លោក ពូទីន មិនបានធ្វើដូចអ្វីដែលលោកបានសម្លុតគំរាមនោះទេ បើទោះជាបរាជ័យរបស់​រុស្ស៉ីត្រូវចុះផ្សាយយ៉ាងព្រោងព្រាតនៅលើទំព័រកាសែត​នៃបណ្ដាប្រទេសលោកខាងលិចក៏ដោយ។ នេះក៏ មិនមែនជារឿងចៃដន្យនោះដែរ តែវាជាផ្នែកមួយនៃ​យុទ្ធសាស្ត្ររបស់លោក ពូទីន។

សម្រាប់លោក ពូទីន ការបន្តហៅសង្រ្គាមរបស់លោកជា «ប្រតិបត្តិការយោធាពិសេស» អាចឱ្យលោកយកមកប្រើជាប្រយោជន៍ជាច្រើន និងមានគោលដៅចម្បង​បញ្ជូនសារទៅលោកខាងលិច ដែលមានប្រទេសមួយចំនួនមានការបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពដែលសង្រ្គាមនៅអ៊ុយក្រែន​ រាលដាលទៅជាសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរ។ ក្នុងន័យនេះ ជាការផ្ញើសារទៅកាន់ លោកខាងលិច វិមានក្រឹមឡាំងចង់បង្ហាញប្រាប់ថាការប្ដេជ្ញាចិត្តរបស់ខ្លួនគ្មានអ្វីមកអាចកែប្រែបានឡើយ ហើយការមិនប្រកាសសង្រ្គាមទាំងស្រុងលើអ៊ុយក្រែន គឺមានន័យថារុស្ស៉ីនៅមាន ជម្រើសច្រើនដែលមិនទាន់យកមកប្រើ និងអាចកំដរលោកខាងលិចក្នុងសង្រ្គាម​រយៈពេលយូរ។ ចំណែកឯ ជាសារទៅកាន់ប្រជាជនរុស្ស៉ី ទីក្រុងមូស្គូ ចង់បង្ហាញថាខ្លួនមានសមត្ថភាពអាច សម្របខ្លួនទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់​បណ្ដា​ប្រទេស​លោកខាងលិច និងបរាជ័យផ្នែកយោធាកន្លងមក ដែលនេះមិនទាន់ចាំបាច់ ត្រូវបញ្ចេញមធ្យោបាយទាំងអស់ចេញមកក្រៅនោះទេ រហូតទាល់តែរុស្ស៉ីយល់ថាចាំបាច់។

«យុទ្ធសាស្ត្រពាក់កណ្ដាលផ្លូវ» របស់លោក ពូទីន បានជួយឱ្យលោកទទួលបានជោគជ័យខ្លះៗដែរ។ ជាឧទាហរណ៍ ពេញមួយឆ្នាំ២០២២ សេដ្ឋកិច្ចរុស្ស៉ីមិនបាន​ដួលរលំនោះទេ និងបានធ្លាក់ចុះ តិចតួច ជាងការព្យាករពីសំណាក់ក្រុមអ្នកវិភាគលោកខាងលិចទៅទៀត។ វាអាចឱ្យលោក ពូទីន រក្សាតុល្យភាពរវាងការរឹត​បន្តឹងវិធានការនានាដែលបានដាក់ចេញ និងការបញ្ចៀសការបែកបាក់គ្នា ឬការងើបឡើងបះបោររបស់ប្រជាជនរុស្ស៉ីទូទៅប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ដោយវាធ្វើឱ្យប្រជាជនរុស្ស៉ីភាគច្រើននៅតែមើលឃើញថាពួកគេ​នឹងមិនត្រូវរងគ្រោះដោយសារសង្រ្គាមរបស់លោក ពូទីននោះឡើយ។ លើសពីនេះទៅទៀត យុទ្ធសាស្ត្រនេះក៏មានគោលដៅចំពោះប្រជាជនរុស្ស៉ីដែលបានរត់ចេញពីប្រទេសផងដែរ។ បុរសរុស្ស៉ីជាច្រើនដែលបានរត់ចេញពីប្រទេស ដោយសារតែ មិនចង់ទៅប្រយុទ្ធនៅអ៊ុយក្រែន អាចនឹងទទួលបានអារម្មណ៍ដឹងថាពួកគេនឹងមិនទទួលទោសទណ្ឌទេ នៅពេលពួកគេត្រឡប់ចូលស្រុកកំណើតវិញ។ ជាក់ស្ដែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គរដ្ឋអាជ្ញារុស្ស៉ី លោក Igor Krasnov បានរាយការណ៍ទៅកាន់លោក ពូទីនថា ពលរដ្ឋរុស្ស៉ីជាង ៩,០០០នាក់ ដែលត្រូវបានគេចុចឈ្មោះក្នុងការកែនទ័ពដោយខុសច្បាប់ ដោយសារតែពួកគេ ទាំងនេះជាក្រុមមនុស្សស្ថិតនៅក្រោមការលើកលែងពីការកែនទ័ព ដ្បិតជាអ្នកជំនាញ IT ធនាគារ និងហិរញ្ញវត្ថុ បានត្រឡប់មកកាន់ប្រទេសរុស្ស៉ីវិញហើយ។ អាជ្ញាធររុស្ស៉ីបាន និងកំពុងព្យាយាម បញ្ចុះបញ្ចូលឱ្យអ្នកជំនាញ IT ដែលពួកគេត្រូវការជាចាំបាច់ត្រឡប់មករុស្ស៉ី ដើម្បីជួយដល់សង្រ្គាមរបស់លោក ពូទីន ជាមួយការសន្យាថាមនុស្សទាំងនេះនឹងទទួលបានការលើកលែងចេញពី ការកែនទ័ព ហើយនឹងទទួលបានសំបុត្រយន្ដហោះដោយ ឥតគិតថ្លៃទៀតផង។

គួរបញ្ជាក់ថា ដើម្បីអាចបញ្ចៀសការកែនកងទ័ពបន្ថែមជាលើកទី២ លោក ពូទីនសព្វថ្ងៃ បានផ្ដល់ភារកិច្ចប្រយុទ្ធដល់ក្រុមទាហានស៊ីឈ្នួលរុស្ស៉ីនៃក្រុមហ៊ុន Wagner ហើយដែលក្នុងចំណោមពួកគេ ជាអ្នកទោសដែលត្រូវបានជ្រើសរើសចេញពីពន្ធនាគារនៅរុស្ស៉ី។ តាមរយៈការប្រើប្រាស់ទាហានស៊ីឈ្នួល រុស្ស៉ីអាចរក្សាធនធានកងទ័ពរបស់ខ្លួន ដោយប្រើប្រាស់ធនធានដទៃជំនួស ដោយប៉ុន្មាន សប្ដាហ៍ចុងក្រោយនេះ ទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner ជាអ្នកទទួលខុសត្រូវស្ទើរតែទាំងស្រុងលើប្រតិបត្តិការវាយលុក តួយ៉ាងដូចជានៅសមរភូមិទីក្រុងបាកមូត នៃតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ហើយបើទោះជាពួកគេស្លាប់ និងរបួសគរជើងគ្នា ក៏វាមិនមានជាប់ពាក់ព័ន្ធនឹងយោធារុស្ស៉ីនោះដែរ។ តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលជាបញ្ហាចោទនោះគឺថាតើលោក ពូទីន អាចនឹងចៀសវាងការប្រកាសសង្រ្គាមទាំងស្រុងលើអ៊ុយក្រែន បានយូរប៉ុនណា? ពីព្រោះថាដរាណាសង្រ្គាមកាន់តែអូសបន្លាយរឹតតែយូរ នោះលោក ពូទីន ក៏នឹងត្រូវប្រើប្រាស់ជម្រើសដែលលោក មានម្ដងមួយៗ រហូតទាល់តែនៅសល់ជម្រើសចុងក្រោយ៕

No comments:

Post a Comment