ថ្មីៗនេះស្ទើរគ្រប់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិខ្លះបានផ្សព្វផ្សាយឱ្យមហាជនបានដឹងយ៉ាងព្រោងព្រាតថា កឹម សុខា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យជាប់គុក ២៧ឆ្នាំ និងត្រូវដកជាស្ថារពរ នូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ព្រមទាំងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀតតាមប្បញ្ញតិ្តនៃច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់មជ្ឈដ្ឋានជាតិទូទៅបានយល់ដឹងយ៉ាងសាមញ្ញថា ករណីរបស់ កឹម សុខា ពិតជាអំពើដែលសមនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុតបែបនេះ ក្នុងនាមជាអ្នកនយោបាយម្នាក់ ក៏មិនត្រូវឃុបឃិតគ្នាជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ អនុវត្តផែនការគាស់រំលើងពីក្រោមទៅលើ។ល។ ដែលសុទ្ធសឹងតែជាសំដីពិតចេញពីមាត់និងអណ្តាតរបស់ កឹម សុខា ទាំងស្រុង។ ពាក្យខ្មែរបុរាណតែងបានពោលឱ្យចងចាំថា អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងដោយសារអណ្តាត។ ដូច្នេះហើយបានទើបមានករណីត្រូវសម្រេចតាមប្បញ្ញត្តិនៃច្បាប់ជាតិ ដែលបានកំណត់ថា ជីវភាពនយោបាយរបស់ កឹម សុខា ត្រូវបានបញ្ចប់ទាំងស្រុងដោយសារតែមាត់ និងអណ្តាត បានរលាស់អត់ចេះគិតរបស់ កឹម សុខា ខ្លួនឯងទាំងស្រុង។
តើមានអ្នកណាម្នាក់បានដឹងអំពីអំពើក្បត់ជាតិរបស់ កឹម សុខា ប្រសិនបើ កឹម សុខា មិននិយាយចេញឱ្យដឹងអ្វីៗទាំងអស់ឱ្យគេឯងបានដឹងស្ទើរមួយប្រទេស? ការនិយាយមានខាត មានចំណេញ ដោយសារការនិយាយចេញពីចិត្តខ្លួនឯងផ្ទាល់ មាត់បើក អណ្តាតរលាស់ ជាមួយនឹងសម្លេងបញ្ចេញគេឯងបានស្តាប់នឹងត្រចៀក និងបានដឹង។ មនុស្សប្រើមាត់និងអណ្តាតនិយាយដោយមានចិត្តជាអ្នកបញ្ជា បើចិត្តមិនបានគិត មិនបានបញ្ជា មាត់និងអណ្តាតមិនបាននិយាយទេ។
ពិតណាស់ ក្នុងអង្គហេតុជាត់ស្តែង ក្នុងឃ្លីបវីឌីអូបែកធ្លាយមួយនៅក្នុងប្រទេសអូស្រ្តាលី ទោះមានការលើកឡើងអំពីការកាត់តយ៉ាងណា ក៏នៅតែជាសម្លេងដើមរបស់ កឹម សុខា ដដែល គ្មានក្លែងក្លាយ។ ពាក្យខ្មែរថា អណ្តាតជាអាទិ៍កន្លង ដែលចាស់ខ្មែរបុរាណឱ្យចងចាំ កុំភ្លេច កុំប៉ប៉េចប៉ប៉ោច កុំកោកកាក កុំហាស្តីដោយមុសា ដោយឈ្នានីស ធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ ប៉ះពាល់ដល់ជាតិ ដល់ប្រយោជន៍ជាតិ និងសន្តិសុខជាតិ។ល។ ដូច្នោះហើយ ទើបប្រទេសនីមួយៗក្នុងលោកយើងនេះ បានតាក់តែងរៀបចំឱ្យមានប្បញ្ញត្តិមួយចំនួនអំពីសិទ្ធិ ក្នុងការនិយាយស្តី ដូចមានចែងក្នុងច្បាប់កំពូលរបស់ជាតិ ទុកធ្វើជាដែនកំណត់ ឬ ព្រំដែនតឹងរឹងបំផុត ដើម្បីរក្សា ការពារសិទ្ធិបុគ្គល និងកិច្ចជាតិធំៗជាដើម កុំឱ្យកើតមានការអន្តរាយ។ល។
មនុស្សសាមញ្ញនីយាយលើបញ្ហាជាតិ មិនសូវមានអ្នកចាប់អារម្មណ៍ទេ ក៏ប៉ុន្តែ កឹម សុខា ជាអ្នកនយោបាយជាតិជាន់ខ្ពស់បាននិយាយចេញពីមាត់និងអណ្តាតរបស់ខ្លួន ដែលបាននាំឱ្យមានការចាប់អារម្មណ៍ខ្លាំង មានរឿងស៊ើបជាច្រើន ដែលនឹងនាំឱ្យជាតិធ្លាក់ក្នុងក្តីអន្តរាយបែកបាក់សង្គមដោយសារពាក្យសំដីនិយាយចេញពីមាត់ និងអណ្តាតរបស់គេ ដែលជាក់ស្តែង កឹម សុខា បាននិយាយយ៉ាងដូច្នេះថា «តាំងពីឆ្នាំ ដែលខ្ញុំជាប់ជាតំណាងរាស្រ្តដំបូង អាមេរិកកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ ក្នុងនាមជាអ្នកនយោបាយខ្មែរនៅក្នុងប្រទស ដើម្បីឱ្យគេយល់ពីដំណើការប្រជាធិបតេយ្យ កេជួយមួយឆ្នាំ ខ្ញុំទៅម្តង តាំងពីឆ្នាំ១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឱ្យប្រទេសកម្ពុជាមានការផ្លាស់ប្តូរនោះ គេត្រូវឱ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយគន្លាក់សិន មួយដំណាក់សិន ខ្ញុំក៏លាឈប់ពីនយោបាយ ពីគណបក្សនយោបាយ ដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្កការមួយឈ្មោះហៅថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តើគេឱ្យបង្កើតដើម្បីអី គេថាបើចង់ប្តូរអ្នកដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ ប្តូរខាងលើបានទេមុននឹងប្តូរខាងលើបានទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុនជាយុទ្ធសាស្រ្តនយោបាយរបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំយកម៉ូតដែលតាមនៅប្រទេសយូហ្គោស្លាវីនៅស៊ែប៊ីដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិច បាននោះ មីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែ គេប្តូរបានដោយសារគេធ្វើយុទ្ធសាស្រ្តហ្នឹង ហើយគេយកបទពិសោធន៍ហ្នឹងមកឱ្យខ្ញុំធ្វើនៅស្រុកខ្មែរ។ល។» តើសំដីចេញចិត្ត ចេញពីមាត់ និងអណ្តាតរបស់ កឹម សុខា ជាអ្វី?
ពិតណាស់សំដីពិតរបស់ កឹម សុខា គឺជាការលាតត្រដាងយ៉ាងក្រអឺតក្រទមរបស់ កឹម សុខា អំពីដំណើររឿងពិតនៃការអនុវត្តយុទ្ធសាស្រ្តជាមួយនឹងបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងឆន្ទះរបស់ប្រជាជន ដែលជាអ្នកបោះឆ្នោតជ្រើសតាំងគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល និងដឹកនាំប្រទេសតាមគន្លងនៃលទ្ធប្រជាធិបតេយ្យ។
អណ្តាតជាអាទិ៍កន្លង គឺពិតជាមាត់ និងអណ្តាតរបស់ កឹម សុខា ទាំងស្រុង ដែលរលាស់ឱ្យមហាជនទូទៅបានដឹងទោះបី គាត់បានប្រកែកតវ៉ា ជាការកាត់តសម្លេងយ៉ាងណា ក៏វានៅតែជាសម្លេងដើមរបស់កឹម សុខា ដដែល មិនអាចប្រកែកបាន។ ការលើកឡើងនូវដំណើររឿងពិតទាំងស្រុងរបស់ កឹម សុខា គឺចង់បង្ហាញឱ្យឃើញច្បាស់ថា អណ្តាតពិតជាអាទិ៍កន្លង បានសុខទុក្ខផងដោយសារអណ្តាត។ មាត់និងអណ្តាតរបស់ កឹម សុខា គឺជាមាត់អ្នកនយោបាយ និយាយត្រូវ ជាតិនិងប្រជាជនបានសុខ និយាយខុស ជាតិនិងប្រជាជននឹងទទួលបានក្តីអន្តរាយ ដូចដែលកម្ពុជាយើងធ្លាប់បានធ្លាក់ចូលក្នុងភ្លើងសង្រ្គមស៊ីវិលក្នុងទសវត្សឆ្នាំ១៩៧០ ដោយសារការជ្រៀតជ្រែករបស់បរទេសចូលក្នុងកិច្ចផ្ទៃក្នុងរបស់ជាតិ ទើបមានព្រឹត្តិការណ៍នៃរដ្ឋប្រហារផ្តួលរំលំរបបសង្គមរាស្រ្តនិយម។ ប្រជាជនកម្ពុជាស្ទើរគ្រប់រូបបានយល់ដឹងច្បាស់ថា ការធ្វើរដ្ឋប្រហារបាននាំឲ្យមានការប្តូររបបនយោបាយ ហើយការប្តូររបបនយោបាយបានធ្វើឲ្យជាតិនិងប្រជាជនកម្ពុជាទទួលអន្តរាយ និងវិនាសកម្មខ្ខេចខ្ទី នាំឲ្យជាតិបែកបាក់ ធ្លាក់ចូលក្នុងសង្រ្គមស៊ីវិលជាងពីរទសវត្ស ដ៏មហាសោកស្តាយ។
ដូច្នេះ អណ្តាតជាអាទ៍កន្លង បើ កឹម សុខា មិនបានហារមាត់និយាយរលាស់អណ្តាតឱ្យមហាជនដឹង គ្មានអ្នកណាម្នាក់បានដឹងទេ។ ការតវ៉ារបស់ កឹម សុខា គ្រាន់តែការប្រកែកយករួចខ្លួន ក្នុងអង្គហេតុមួយដែលបានកើតឡើងជាមួយនឹងសម្លេងយ៉ាងក្រអឺតក្រទមរបស់ខ្លួន យកបរទេសជាខ្នងបង្អែក ជាអ្នកគូសវាសយុទ្ធសាស្រ្ត ខ្លួនជាអ្នកអនុវត្តនៅចំពោះមុខនៃសម្លេងពិត ក្នុងខ្លីបវីឌូអូនៅក្នុងប្រទេសអូស្រ្តាលីយ៉ាងច្បាស់ក្រឡែត ដែលមិនអាចប្រកែកបាន។
សរុបទៅ សំដី និងសម្លេងរបស់កឹម សុខា បានឃ្លាតចាកឆ្ងាយពីបណ្តាំ នៃពាក្យខ្មែរបុរាណ ពោលថា អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងព្រោះអណ្តាត។ អញ្ចឹងហើយការសម្រេចតាមផ្លូវច្បាប់របស់តុលាការដំបូងរាជធានីភ្នំពេញ ពិតជាត្រឹមត្រូវតាមអង្គហេតុ និងអង្គច្បាប់ តាមបទបញ្ញត្តិនៃច្បាប់ជាតិ ដែលសមនឹងមាត់ និងអណ្តាតរលាស់អត់ចេះគិតរបស់ កឹម សុខា ខ្លួនឯង ដែលបានរលាស់និយាយចេញមក អត់បានគិត ហើយដែលមហាជនទូទៅយល់ឃើញថា ជាអំពើដែលនឹងអាចនាំជាតិ និងប្រជាជនធ្លាក់ចូលក្នុងក្តីអន្តរាយ វិនាសកម្ម និងការបែកបាក់ជាតិឡើងវិញ។ ប្រជាជនកម្ពុជា ពិតសំណាងមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ បានដឹកនាំប្រទេសលើមាគ៌ាប្រជាធិបតេយ្យ ការអភិវឌ្ឍ សុខសន្តិភាព និងការបង្រួបបង្រួមជាតិ ឯកភាពជាតិតែមួយជារៀងរហូតទៅ៕
ដោយ៖ ឡុង បូរិតា
No comments:
Post a Comment