Tuesday, January 12, 2021

លោកស្រី បាន ស្រីមុំ ៖ មោទនភាពក្នុងឱកាសសិស្សានុសិស្សទទួលបានការសិក្សាក្រោមម្លប់សន្តិភាព

 ប៉ៃលិន៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលា វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ដោយមានការ ចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើរបាយការណ៍ជូនអង្គពិធីថា៖ បច្ចុប្បន្ន វិស័យអប់រំនៅខេត្តប៉ៃលិន កំពុងដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦-២០៣០ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍អបអរសាទរការបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ ព្រមទាំងបានអាននូវសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសបើកបវេសនកាល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់ និងទទួលបទពិសោធន៍នៃការអប់រំក្នុងសម័យ Covid- ១៩ ក្នុងឆ្នាំសិក្សា២០១៩- ២០២០ កន្លងមក។

ហើយថ្វីត្បិតឆ្នាំនេះ កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនទានថ្មីនៃគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ។

លោកស្រីអភិបាលខេត្ត បានបន្តថា យើងត្រូវស្ថិតនៅក្នុងគន្លងថ្មី ដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កំដៅនៅតែបន្តអនុវត្តន៍ ថ្វីត្បិតតែការបើកបវេសនការឆ្នាំសិក្សាថ្មីនេះ មិនអាចជួបជុំគ្នាក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ តែសម្រាប់ខេត្តប៉ៃលិន បានបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅគ្រប់គ្រឹះស្ថានសិក្សា ហើយយើងមានបទពិសោធន៍ក្នុងការគ្រប់គ្រងការបង្រៀននៅ ក្នុងសហគមន៍នាឆ្នាំ កន្លងមក ដែលក្រសួងអប់រំបានច្នៃប្រឌិតបង្រៀនច្រើនរបៀបតាមបណ្ដាញឌីជីថល តាមទូរទស្សន៍ ក៏ប៉ុន្តែមិនអាចឱ្យសិស្សរៀនបានគ្រប់គ្នានៅទូទាំងខេត្ត ដោយសារពួកគាត់ខ្វះស្មាតហ្វូន និងកន្លែងមួយចំនួនមិនមានសេវា Internet។

ក្នុងនោះលោកគ្រូ អ្នកគ្រូ បានខិតខំចុះទៅតាមគោលដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសិក្សា តាមរយៈការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅគ្រប់កម្រិតសិក្សា ព្រមទាំងមានការ ចូលរួមពីមាតាបិតា ជម្រុញឱ្យកូនចៅចូលរួមសិក្សាតាមប្រព័ន្ធអនឡាញផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធានក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង ជាពិសេសត្រូវជៀសវាង ឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា ឆ្នាំសិក្សាថ្មី ២០២០-២០២១នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានសិក្សា ចាប់ផ្តើមដំណើរការរៀន និងបង្រៀន គឺ៖ មធ្យមសិក្សាមានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន០២ សាលា និងអនុវិទ្យាល័យចំនួន៧សាលា មានសិស្សសរុប ៥៣១០នាក់ ស្រីចំនួន ២៨៣៩នាក់ បឋមសិក្សាចំនួន ៤៨សាលា មានសិស្សសរុបចំនួន ១០៤១៥នាក់ ស្រីចំនួន ៥៦៦៨នាក់ មត្តេយ្យសិក្សាចំនួន ២៤សាលា មានសិស្សសរុបចំនួន ១១៨៣នាក់ ស្រីចំនួន ៦០០នាក់ និងមត្តេយ្យសហគមន៍មានចំនួន១១កន្លែង មានសិស្សសរុបចំនួន ២៦៦នាក់ ស្រីចំនួន ១៣៩នាក់៕






No comments:

Post a Comment