Tuesday, January 12, 2021

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឧបត្ថម្ភថវិកា១លាន៣០ម៉ឺនរៀល និងសម្ភារៈទារក ដល់ស្រ្តីពលករខ្មែរម្នាក់ ដែលទើបសម្រាលកូន ក្រោយត្រឡប់មកពីប្រទេសថៃ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកា ១លាន ៣០ម៉ឺនរៀល ដែលក្នុងនោះ៣០ម៉ឺនរៀលសម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ព្រមទាំងឧបត្ថម្ភសម្ភារៈទារកមួយចំនួនទៀត ជូនដល់ស្រ្តីពលករខ្មែរម្នាក់ ដែលទើបសម្រាលកូន ក្រោយត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ស្រ្តីពលករខ្មែរដែលទទួលបានថវិកាពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នោះមានឈ្មោះ មាស ណារ៉ាត់ អាយុ៣០ឆ្នាំ មានទីលំនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់បានចូលមកកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ហើយគាត់មានផ្ទៃពោះជិតគ្រប់ខែ។ គាត់ធ្វើដំណើរទៅស្រុកគាត់ គឺឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងដើម្បីសម្រាលកូន ប៉ុន្តែដោយសារលក្ខណៈបច្ចេកទេសស្មុគស្មាញ ក្រុមគ្រូពេទ្យមន្ទីរពេទ្យរមាសហែកក៏សម្រេចបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ហើយមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក៏សម្រេចធ្វើការវះកាត់ភ្លាមៗរហូតទទួលជោគជ័យ ដោយមានសុខភាពល្អទាំងម្តាយនិងកូនផងដែរ។

លោកស្រីរដ្ឋលេខាធិការបានបន្តថា៖ ក្រោយពេលវះកាត់ហើយ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រ្តីខាងលើទៅពិនិត្យមើលនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលគឺគាត់អវិជ្ជមានជំងឺកូវីដ១៩ ផងដែរ ៕




No comments:

Post a Comment