Tuesday, January 12, 2021

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម៥លានរៀលទៀត ដល់ស្រ្តីពលករខ្មែរក្រីក្រម្នាក់ ដែលទើបសម្រាលកូនដោយការវះកាត់ ក្រោយត្រឡប់មកពីប្រទេសថៃ

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាបន្ថែមចំនួន៥លានរៀលទៀត លើថវិកាដែលបានឧបត្ថម្ភមុនចំនួន១លាន៣០ម៉ឺនរៀលកាលពីម្សិលមិញ ជូនដល់ស្រ្តីពលករខ្មែរក្រីក្រម្នាក់ ដែលទើបសម្រាលកូនដោយវះកាត់ ក្រោយត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃនេះ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ស្រ្តីពលករខ្មែរដែលទទួលបានថវិកាពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នោះមានឈ្មោះ មាស ណារ៉ាត់ អាយុ៣០ឆ្នាំ មានទីលំនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់បានចូលមកកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ហើយគាត់មានផ្ទៃពោះជិតគ្រប់ខែ។ គាត់ធ្វើដំណើរទៅស្រុកគាត់ គឺឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងដើម្បីសម្រាលកូន ប៉ុន្តែដោយសារមន្ទីរពេទ្យរមាសហែក អត់ហ៊ានវះកាត់ ទើបគាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយមន្ទីរពេទ្យបង្អែកខេត្តធ្វើការវះកាត់ជូនគាត់រហូតទទួលជោគជ័យ។

លោកស្រីរដ្ឋលេខាធិការបានបន្តថា៖ ក្រោយពេលវះកាត់ហើយ ក្រុមគ្រូពេត្យក៏បានយកសំណាកស្រ្តីខាងលើទៅពិនិត្យមើលនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលគឺគាត់អវិជ្ជមានជំងឺកូវីដ១៩ ផងដែរ ៕



No comments:

Post a Comment