Monday, March 09, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាអាទិភាពនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទើបមានការដាក់ឱ្យបើកសម្ពោធផ្លូវជាតិលេខ៥៥នៅថ្ងៃនេះ។ លោកបន្តថា ទាក់ទិននឹងអភិវឌ្ឍនេះធ្វើឱ្យនឹកឃើញដល់អតីតកាលដែលជាកូនកសិករ ហើយប្រាថ្នាការងារត្រឹមជាគ្រូបង្រៀ​ន​តែប៉ុណ្ណោះ តែបែរជាត្រូវប្រទេសធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដែលគេជាអ្នកបង្កើតឡើង ហើយរូបលោក បានដើរតួអង្គដ៏សំខាន់ក្នុងការពន្លត់ភ្លើងសង្គ្រាមស៊ីវិលនេះ ទៅជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃច័ន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមថា ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ ហើយលោក សូមថ្លែងអំណរគុណដល់មិត្តចិន បានចូលរួមចំណែកជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទើបមានពិធីសម្ពោធដាក់ឱ្យដំណើរការផ្លូវថ្នល់មួយខ្សែរនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្លូវគមនាគមន៍បម្រើឱ្យការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម តំបន់ទេសចរណ៍ជាមួយសុខសន្តិភាព និងសុវត្ថិភាព៕






No comments:

Post a Comment