Monday, March 09, 2020

អតីតកាលសង្គ្រាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ នាពេលបច្ចុប្បន្នប្រទេសមានសុខសន្តិភាពធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្ររីកចម្រើន

ក្រចេះ ៖ ក្នុងវត្តព្រះវិហាធំសរសរ១០០ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ បានរៀបចំសម្ពោធសមិទ្ធផលនានាក្នុងតម្លៃជាង ១៥ម៉ឺនដុល្លាអារមេរិក ក្នុងនោះរួមមាន៖ ទីតាំងទស្សនាការ ផ្លូវបេតុង ដងទង់ជាតិ សួនច្បារ ចាក់ដី របង ក្លោងទ្វារ ព្រះចេតិយ និងព្រះពុទ្ធរូបដែលត្រូវសិត ដោយមាស ប្រាក់ ស្ពាន់ និងសំរិទ្ធទម្ងន់១០០៨គីឡូក្រាម ត្រូវបានកាត់ខ្សែបូរសម្ពោធជាផ្លូវការ ឲ្យប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិ ក៏ដូចជាផ្តល់ដល់ភ្ញៀវទេចរណ៍មកកំសាន្តទស្សនា ក្រោមអធីបតីភាពលោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត រួមព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទប្រមាណជាង១០០០នាក់ ។
លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានថ្លែងថា សមិទ្ធផលជាច្រើន បានកើតដោយការប្រឹងប្រែងចូលរួមសហការពីប្រជាពុទ្ធបរិស័ទ្ធទាំងជិតឆ្ងាយ តាមរយៈប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍ក្រោមនយោបាយឈ្នះ-ឈ្នះ ។
ហើយបើយើងពិនិត្យលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសកម្ពុជាគឺបានការពារឯករាជ្យជាតិ ទទួលបានអធិតេយ្យភាព បូរណភាពដែនដី បានយ៉ាងគត់មុត ការពារបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានយ៉ាងរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ។ រាជរដ្ឋាភិបាលបានបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ បានឆ្ពោះទៅកាន់ជ័យជម្នះធំៗ និងថ្មីៗថែមទៀត ហើយនៅរៀងរាល់ឆ្នាំ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧% ផងដែរ ។
លោកបន្តថា របប ប៉ុល ពត បានវាយប្រហារ និងកម្ទេចនូវហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិជាច្រើន ក្នុងន័យចង់លុបបំបាតឲ្យអស់នូវអត្តសញ្ញាណជាតិ ប៉ុន្តែក្រោមនយោបាយដឹកនាំ ប្រកបដោយគិត្តិបណ្ឌិត និងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល បានប្រែក្លាយប្រទេសជាតិកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា ។ ហើយសម្រាប់ស្រុកសំបូរ នៃខេត្តក្រចេះនេះ ក៏មានការចូលរួមកសាងរីកចម្រើន និងអភិវឌ្ឍន៍ជាច្រើន ពីគ្រប់ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយនូវសទ្ធាជ្រះថ្លាក្នុងការអភិវឌ្ឍន៍ស្រុកដែលជាតំបន់សម្បូរទៅដោយតំបន់ទេសចរជាច្រើន ក៏ដូចជាអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ ។

ក្នុងឱកាសនោះដែរ លោកក៏មានបំពាក់នូវគ្រឿងឥស្សរិយយស ដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទសប្បុរសចំនួន ៣៦ អង្គ-នាក់ និងផ្តល់អំណោយដល់តាជីយាយជីដែលបានមកចូលរួមដោយម្នាក់ទទួលបាន ក្រណាត់សរ១ដុំ និងថវិការ ៥ ពាន់រៀលផងដែរ ៕







No comments:

Post a Comment