Wednesday, December 04, 2019

នយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ជាមេរៀនសម្រាប់ប្រទេសដទៃសិក្សាជាបទពិសោធន៍ ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ

នេះជាការលើកឡើងរបស់លោក Amjad ALi sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចប់អាណត្តិប្រចាំកម្ពុជា នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសមនិងជម្រាបលាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងជំនួបនោះ លោក Amjad ALi sher បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកបានជួបសម្ដែងការគួរសមនាពេលនេះ។
ក្នុងឱកាសដែលលោកបញ្ចប់បេសកកម្មកាទូតពីព្រះរាជាណាចក្រកម្ពុជា លោក បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា រយៈពេល៦ឆ្នាំកន្លះនៅកម្ពុជា លោកបានរួមចំណែកជាច្រើនក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងការលើកស្ទួយនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ ជាពិសេសក៏បានចូលរួមចំណែកផងដែរក្នុងការរៀបចំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាអាទិ៍ដូចជាការនាំមកនូវទស្សនកិច្ចរវាងប្រធានព្រឹទ្ធសភាប៉ាគីស្ថានមកកម្ពុជា និងការចូលរួមសន្និសីទផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំប៉ាគីស្ថាននៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បានសម្ដែងនូវសេចក្តីរីករាយចំពោះការទទួលបានបទពិសោធន៍ពីកម្ពុជា ជាពិសេសនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេរៀនរបស់ប្រទេសដទៃផ្សេងទៀតសិក្សារៀនសូត្រជាបទពិសោធន៍មួយដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមជាមួយភាពសុខដុមរវាងប្រជាជន សាសនា និងសាសនាផងដែរ។ លោក បានបញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ហើយលោកនឹងចងចាំនូវអ្វីដែលបានចូលរួមចំណែកជាមួយនឹងកម្ពុជា និងអ្វីដែលទទួលបានតាមរយៈបទពិសោធន៍ពីព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលរួមចំណែកបន្ថែមទៀតក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានធ្វើការងារយ៉ាងច្រើននៅក្នុងការជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក បានរៀបចំខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរលើកទី៦៥ ជំរុញអោយទស្សនកិច្ចរបស់ប្រធានរដ្ឋសភា ប៉ាគីស្ថាន និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ប៉ាគីស្ថានមកកាន់កម្ពុជាផងដែរ។
លោក ក៏បានចូលរួមចំណែកផងដែរក្នុងការលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយនឹងកម្ពុជា។ ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយ ដែលជាមូលដ្ឋានសម្រាប់ការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក Amjad ALi sher ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងជូនពរឲ្យលោកជោគជ័យក្នុងបេសកកម្មជាបន្តបន្ទាប់ទៀត៕






No comments:

Post a Comment