Wednesday, December 04, 2019

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២ ០-២ ០២៤) របស់រដ្ឋបាលខេត្តកែប

កែប៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុក ថា អភិបាលរងខេត្ត តំណាងលោក កែន សត្ថា អភិបាល នៃ​គណ:អភិបាលខេត្តកែប និងជាប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២ ០-២ ០២៤) របស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមដោយតំណាងក្រុមប្រឹក្សាខេត្ត តំណាងគណ:កម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាខេត្ត ក្រុមការងារកសាងផែនការខេត្ត អភិបាលក្រុង ស្រុក និងអង្គការសង្គមស៊ីវិល សរុបប្រមាណ៥៥ រូប ។
លោក អ៊ុក ថា បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វ ផ្សាយថ្ងៃនេះ គឺជាការបង្ហាញនូវគោលបំណង និងវិធីសាស្រ្ត នៃការកសាងផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ របស់រដ្ឋបាលខេត្ត ជូនអ្នកពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុង ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ក្នុងការអភិវឌ្ឍខេត្តរបស់យើង ប្រកបដោយសក្តានុពល មានប្រសិទ្ធ ភាព និងភាពឆ្លើយតបតាមស្ថានភាពជាក់ស្តែង។ ផែនការច្បាស់លាស់ មានចក្ខុវិស័យត្រឹមត្រូវ វាពិតជាបានជះ ឥទ្ធិពលយ៉ាងពិតប្រាកដដល់ការដឹកនាំ គ្រប់គ្រង និងការសម្រេចបានលទ្ធផលល្អប្រសើរ ហើយការកសាងផែនការអភិវឌ្ឍន៍ខេត្ត ដែលមានភាពត្រឹមត្រូវ និងទទួល យកបាន វាពិតជាទាមទារនូវការចូលរួមពីគ្រប់ផ្នែកនៃអ្នកពាក់ព័ន្ធនានាផងដែរ។
ឆ្លើយតបទៅនឹងគោលបំណងដ៏មានសារៈសំខាន់នេះ កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ នឹងបង្ហាញនូវឯកសារសំខាន់ៗជាគតិយុត្តិមួយចំនួន និងផ្តល់ទិន្នន័យថ្មីៗ ដើម្បីប្រើប្រាស់ និងវិភាគស្ថានភាពក្នុងការកសាងផែនការអភិវឌ្ឍន៍។
លោកអភិបាលរងខេត្ត ក៏បានបន្ថែមទៀតថាដើម្បីឲ្យដំណើរការ នៃការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ស្របតាមសេចក្តីណែនាំបច្ចេកទេស និងប្រតិទិនការងារ សូមសមាជិកសមាជិកានៃក្រុមការងារទាំងអស់ ដើម្បីឲ្យផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០- ២០ ២៤)របស់ រដ្ឋបាលខេត្ត មានលក្ខណៈទូលំទូលាយ ស៊ី ជម្រៅ និងអាចទទួលយកបាន សូមឲ្យគ្រប់បណ្តាយន្តការ គ្រប់មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្តនេះ ដោយអនុវត្តន៍តាមសេចក្តីណែនាំបច្ចេកទេស ដែលបានកំណត់ដោយប្រកាសអន្តរក្រសួង លេខ០៨៤ផក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងក្រសួងផែនការ ប្រតិទិនការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤)របស់រដ្ឋបាលខេត្ត និងសេចក្តីសម្រេចគោលការណ៍ណែនាំផ្នែកគោលន យោបាយរបស់ក្រុមប្រឹក្សាខេត្ត ដែលអនុម័តដោយក្រុមប្រឹក្សាខេត្តអាណត្តិទី៣៕


No comments:

Post a Comment