Wednesday, December 04, 2019

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការងារស្ថារអូរ ប្រឡាយទឹកទាំង៥ខ្សែ

ព្រះសីហនុ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីការងារស្ថារអូរ ប្រឡាយទាំង៥ខ្សែ ក្នុងក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ សុរិយោដី ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ។
លោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើបទបង្ហាញស្តីពីស្ថានភាពអូរ ប្រឡាយក្នុងក្រុង ខេត្តព្រះសីហនុ ដែលជាគម្រោងការងារស្តាអូរ ប្រឡាយទាំង៥ខ្សែ មានប្រវែង២៦.៥៩៧គីឡូម៉ែត្រ ក្នុងក្រុងខេត្តព្រះសីហនុ ក្នុងនោះមានដូចជា អូរប្រឡាយឈើទាលមានអូរតូច៥ផ្សេងទៀត ប្រវែងសរុប១៦.៦៣០ម៉ែត្រ អូរ ប្រឡាយ អូរអេម៉ារីយូ មានប្រវែង១.៩០០ម៉ែត្រ , អូរ ប្រឡាយ អូរសំអាតប្រវែង៣.៧៧៥ម៉ែត្រ , អូរ ប្រឡាយស្ពានឆេះប្រវែង១.១៧០ម៉ែត្រ , អូរ ប្រឡាយ អណ្តូងអ៊ុនតាក់ប្រវែង៣.១១៦ម៉ែត្រ ដើម្បីធ្វើការស្តារ រំដោះយកចំណីអូរ ប្រឡាយមកវិញ នៃការរំលោភបំពានដីចំណីអូរ ប្រឡាយ ជាមូលហេតុចំបងបណ្តាលឱ្យមានការកក់ស្ទះទឹកលិចលង់នៅរដូវវស្សា ព្រោះដោយសារមានការសាងសង់សំណង់ខុសច្បាប់រំលោភយកដីចំណីប្រឡាយ អូរទាំង ៥ខ្សែ។ ក្នុងចំណោមអូរ ប្រឡាយទាំង៥ខ្សែខាងលើ និងមានប្រឡាយតូចៗជាច្រើនខ្សែផ្សេងទៀត ដែលមានទទឹងចាប់ពី៣ម៉ែត្រ និងកន្លែងខ្លះទៀត មានទទឹងរហូតដល់ទៅជាង៦០ម៉ែត្រ តាមយាមកាមប្លង់សុរិយោដី។
ក្នុងឱកាសនោះផងដែរ លោក គួច ចំរើន បានជម្រុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ទីរដែនដី ត្រូវសហការគ្នា រៀបបោះបង្គោលកំណត់និយាកាមទីតាំងអូរ ប្រឡាយទាំង៥ខ្សែ ដើម្បីឱ្យក្រុមការងារចុះការស្តារអូរ ប្រឡាយ ទៅតាមនិយាមកាមមានភាពងាយស្រួល ពិសេសអាជ្ញាធរក្រុងចូលរួមសហការចុះបាញ់ថ្នាំ និងអប់រំឱ្យប្រជាពលរដ្ឋរុះរើសំណង់ទាំងឡាយណាដែលប៉ះពាល់ការងារស្តារអូរប្រឡាយរបស់យើង ដើម្បីឱ្យក្រុមការងារ ដាក់គ្រឿងចក្រចុះកាយនៅពេលខាងមុខ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា បើកការដ្ឋានស្ថាបនាផ្លូវ៣៤ខ្សែ ក្នុងក្រុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គួច ចំរើន បានបញ្ជាក់ថា ផ្លូវថ្នល់៣៤ខ្សែ យើងកំពង់មានការមមាញឹកស្ថាបនា ដូច្នេះប្រពន្ធអូរ ប្រឡាយនៅក្នុងក្រុងព្រះសីហនុ ក៏ត្រូវធ្វើការស្តារឡើងវិញជាមួយគ្នា ដើម្បីចញ្ចៀសនូវជំនន់ទឹកភ្លៀង កុំឱ្យជន់លិចក្នុងរដូវវស្សាឆ្នាំ២០២០ខាងមុខ។
សូមបញ្ជាក់ថា ការស្តាអូរ ប្រឡាយទាំង ៥ខ្សែខាងលើ គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ៕


No comments:

Post a Comment