Wednesday, December 04, 2019

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការព្រមព្រៀងស្តីពីការលើកកម្ពស់បណ្ដុះបណ្ដាលមុខជំនាញវិស្វកម្ម

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សាកលវិទ្យាល័យស្វាយរៀង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការព្រមព្រៀង(MOA) សម្រាប់កិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ការអប់រំផ្នែក វិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM) ក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សានៅកម្ពុជា ដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាល និងធនាគារពិភពលោក តាមរយៈក្រសួងអប់រំយុវជន និងកីឡា។
ពិធីនេះបានចុះហត្ថលេខាដោយលោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោក ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់សាកលវិទ្យាល័យស្វាយរៀងក្នុងការបង្កើតជំនាញវិស្វកម្មថ្មីចំនួន២គឺ វិស្វកម្មមេកានិច និង វិស្វកម្មអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្ម តាមរយៈការចែករំលែកនូវចំណេះដឹងរបស់អ្នកជំនាញ លើការអភិវឌ្ឍន៍កម្មវិធីសិក្សាការដំ ណើរការបណ្ដុះបណ្ដាលនិងការបណ្តុះបណ្តាលធន ធានមនុស្សសម្រាប់សាកលវិទ្យាល័យស្វាយរៀង។
លោក ទុំ សារាវុធ បានបញ្ជាក់ថាការចុះកិច្ចព្រមព្រៀងនេះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រីកការកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចូលរួមឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជានិងចូលរួមសម្រេចឲ្យបាននូវគោលដៅរបស់រាជ រដ្ឋាភិបាលដែលបានកំណត់ឆ្នាំ២០៣០ ក្លាយទៅជាប្រ ទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍។
លោកបណ្ឌិត អ៊ុម រម្យណី បានមានមតិប្រកបដោយសុទិដ្ឋិនិយមថាតាមរយៈនៃកិច្ចព្រមព្រៀងនេះ លោកជឿជាក់ថានឹងទទួលបានជាផ្លែផ្កានៅ៥ឆ្នាំក្រោយតាម រយៈការកសាងធនធានមនុស្សនៅនឹងកន្លែងប្រកបដោយសមត្ថភាពព្រមទាំងមានបរិមាណគ្រប់គ្រាន់សម្រាប់តម្រូវការការងារប្រកបដោយសក្តានុពលនៃតំបន់សេដ្ឋ កិច្ចនៅក្នុងប្រទេសកម្ពុជាពិសេសតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតដែលមានតម្រូវការធនធានមនុស្សយ៉ាងច្រើន។
សូមបញ្ជាក់ថា សាកលវិទ្យាល័យស្វាយរៀង នឹងបើកដំណើរការមុខជំនាញវិស្វកម្មមេកានិចនៅឆ្នាំសិក្សា ២០២០-២០២១ និងមុខជំនាញវិស្វកម្មអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្មនៅឆ្នាំសិក្សា ២០២១-២០២២ ខាងមុខដោយមានកិច្ចសហប្រតិបត្តិការពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាកលវិទ្យាល័យនៅព្រះរាជាណាចក្រថៃនិងសាកលវិទ្យាល័យនៃប្រទេសជប៉ុនផងដែរ៕



No comments:

Post a Comment