Tuesday, December 03, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)

បន្ទាប់ពីបានអញ្ជើញទទួលជួបជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំងរួចហើយនោះ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)
ក្នុងជំនួបនេះ ប្រតិភូអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា ប្រតិភូរបស់លោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែមិនទាន់បានធ្វើទស្សនកិច្ចនៅទូទាំងទីក្រុងភ្នំពេញក៏ដោយ ក៏ប៉ុន្តែអ្វីដែលបណ្ដាអភិបាលក្រុងទាំងអស់ សង្កេតឃើញ និងវាយតម្លៃនោះបានឃើញថា រាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានភាពចំណាស់ ហើយក៏មានភាពធន់និងស្រស់បំព្រងផងដែរ ក្នុងន័យនេះលោកនិងប្រតិភូទាំងមូល នឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើការសង្កេតការណ៍ និងសិក្សាពីកម្ពុជាដើម្បីយកបទពិសោធន៍ទាំងនេះ ទៅអនុវត្តនៅតាមប្រទេសរបស់គាត់រៀងៗខ្លួនថែមទៀត ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រធានបទនៃការកសាងក្រុងនៃកិច្ចប្រជុំនៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់។ ទីក្រុងភ្នំពេញក៏បានកសាងឡើងជំនាន់បារាំង ហើយក៏បានកសាងឡើងថែមទៀត នៅជំនាន់ ដែលកម្ពុជាទទួលបានឯករាជ្យ ប៉ុន្តែអ្វីដែលជាការសោកស្ដាយនោះ ទីក្រុងភ្នំពេញគឺត្រូវបានបំផ្លាញដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅពេលដែលលោកបានវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ទីក្រុងទាំងមូល គឺមានប្រជាជនប្រមាណតែ ៧០នាក់តែប៉ុណ្ណោះ ហើយទីក្រុងទាំងមូលពុំមានបញ្ហាប្រឈមច្រើននោះទេ ដែលបញ្ហាប្រឈមនៅពេលនោះគឺក្នុងទីក្រុងពុំមានមនុស្សរស់នៅ ពុំមានចរាចរណ៍ឡានបើកបរ ប៉ុន្តែផ្ទុយទៅវិញនៅពេលនេះរាជធានីភ្នំពេញ គឺជួបប្រឈមនឹងបញ្ហាថ្មីៗជាច្រើន មានដូចជា ១)បញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដែលនាំទៅដល់ការស្លាប់ប្រជាពលរដ្ឋជាច្រើន ហើយការធ្វើដំណើរមានការយឺតយ៉ាវ។ ២) គឺបញ្ហាប្រឈមខ្វះចំណតរថយន្ត ក្នុងន័យនេះ លោកនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន ប្រតិភូទាំងមូលថា លោក បានណែនាំ លោកអភិបាលរាជធានីភ្នំពេញ ពិនិត្យនិងធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគទៅលើការបង្កើតចំណតរថយន្តនៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ និងទី៣)បញ្ហាសំរាមដែលកំពុងតែប្រឈមលោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា រាជធានីភ្នំពេញគឺមានសំរាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើយើងមិនប្រមូលទាន់ទេ សម្រាមនេះនឹងពូនឡើង ធ្វើឲ្យមានបញ្ហាដល់សោភណភាពផង អនាម័យទីក្រុងផង។ ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងការដោះស្រាយបញ្ហានេះ គឺយើងកំពុងជំរុញឲ្យមានការចូលរួមពីវិស័យផ្សេងៗក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណាកែប្រែសំរាមនេះឲ្យទៅជាថាមពលអគ្គិសនីយកមកប្រើប្រាស់ឡើងវិញ និង៤)បញ្ហាអាងសំណល់រាវ រាជធានីភ្នំពេញ គឺជារាជធានីមួយដែលមានកំពស់ទាប ហើយពីដើមឡើយ សុទ្ធសឹងតែបឹងបួរ ក្នុងន័យនេះ ការបង្ហូរសំណល់រាវ ទៅទន្លេបឹងបួរនោះ ពុំទាន់មានការធ្វើអាងប្រព្រឹត្តិកម្មឬក៏អាងចម្រោះបានត្រឹមត្រូវនៅឡើយ នេះក៏ជាបញ្ហាប្រឈមផងដែរ។ ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា បញ្ហាទាំងនេះគប្បីណាយកមកពិចារណាដោះស្រាយ មុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ ទន្ទឹមនឹងបញ្ហាប្រឈមនេះ លោកនាយករដ្ឋមន្រ្តី ក៏បានលើកឡើងដែរថា បញ្ហាប្រឈមនេះគឺបណ្ដាលមកពីការអភិវឌ្ឍដែលមានភាពជឿនលឿនជាទីបំផុត ហើយការអភិវឌ្ឍនេះ ទៀតសោតគឺបានមកអំពី កត្តាសុខសន្តិភាព ស្ថិរភាព ដែលកម្ពុជាមាន។ សុខសន្តិភាព ស្ថិរភាព គឺជាកត្តាទាក់ទាញនៃការវិនិយោគ ហើយការវិនិយោគនេះហើយ ដែលលេចចេញ នូវបញ្ហាប្រឈមថ្មីៗដែលកម្ពុជាកំពុងតែជួបប្រទះ។
លោកនាយករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើជូនដល់ប្រតិភូទាំងមូល នូវការគោរព និងសួរសុខទុក្ខដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរបស់ប្រទេសទាំងអស់ដែលបានចូលរួម ហើយបានជូនពរឱ្យកិច្ចប្រជុំ លើប្រធានបទ ការកសាងទីក្រុងដែលជាប្រធានបទដ៏មានសារៈសំខាន់នេះទទួលបានជោគជ័យ៕








No comments:

Post a Comment