Tuesday, December 03, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង


នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំង។
លោកស្រី Louise Mushikiwabo បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីសកម្មភាពរបស់កម្ពុជានៅក្នុងអង្គការនិយាយភាសាបារាំង និងមានប្រសាសន៍ថាកម្ពុជាពិតជាមានសកម្មភាពយ៉ាងសកម្មជាទីបំផុតក្នុងនាមជាបិតាស្ថាបនិកនៃអង្គការនិយាយភាសាបារាំងនេះ។ ជាមួយគ្នានេះលោកស្រីសូមគោរពថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ហើយក៏បានស្នើសុំធ្វើយ៉ាងណាឲ្យកម្ពុជាយើងមានសកម្មភាពកាន់តែខ្លាំងឡើងថែមទៀតនៅក្នុងកិច្ចការងារនេះ។ទន្ទឹមនឹងនេះ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់លោកស្រីមកចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនិយាយភាសាបារាំងនៅពេលនេះគឺដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងអង្គការអន្តរជាតិនិយាយភាសាបារាំងឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងថែមទៀត ហើយនិងជំរុញនូវគម្រោងទាំងឡាយឲ្យមានភាពជាក់លាក់។ លោកស្រី ក៏បានស្នើឲ្យកម្ពុជាចូលអនុវត្តគម្រោងដែលមានភាពជាក់លាក់ទាំងឡាយនោះរួមមាន៖ ១)ការលើកស្ទួយការបង្រៀនភាសាបារាំង ២)ការលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសនិយាយភាសាបារាំង និង ៣)ដើម្បីរៀបចំនូវខួបទី៥០ឆ្នាំនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះនៅឆ្នាំ២០២០ខាងមុខ។
លើសពីនោះទៅទៀត លោកស្រីក៏បានសម្ដែងនូវការអបអរជូនដល់កម្ពុជាយើងដែលបានប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមួកខៀវពីអង្គការសហប្រជាជាតិ មកជា
ប្រទេសមួយដែលបញ្ជូនទ័ពទៅជួយក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិឡើងវិញ។ជាមួយនោះដែរ លោកស្រីក៏បានលើកទឹកចិត្តជាថ្មីម្ដងទៀតឲ្យកម្ពុជាយើងចូលរួមកាន់តែខ្លាំងឡើងថែមទៀតក្នុងកិច្ចប្រតិបត្តិការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមាន ប្រសាសន៍ថា កម្ពុជាក្នុងនាមជាស្ថាបនិកមួយនៃការបង្កើតអង្គការអន្តរជាតិនិយាយភាសាបារាំងនេះនឹងបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌអង្គការនេះ ហើយកម្ពុជាក៏នឹងចូលរួមរៀបចំខួប៥០ ឆ្នាំ របស់អង្គការអន្តរជាតិនិយាយភាសាបារាំងនេះ។ តាមគោលការណ៍ និងការរៀបចំឡើងរបស់អង្គការនេះ នឹងអាចរៀបចំឲ្យនិស្សិតកម្ពុជាដែលរៀនភាសាបារាំងនៅប្រទេសបារាំងរៀបចំសកម្មភាពផ្សេងៗដើម្បីចូលរួមអបអរនៅក្នុងខួប ៥០ឆ្នាំនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថាចំពោះកិច្ចសហការរវាងបណ្ដាប្រទេសនិយាយភាសាបារាំងនេះ យើងគប្បីពិនិត្យឲ្យបានជាក់លាក់លើគម្រោងមួយចំនួនដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីចង់ធ្វើយ៉ាងណាដើម្បីលើកស្ទួយទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិនិយោគរវាងបណ្ដាប្រទេសនិយាយភាសាបារាំង ព្រោះថាទំនាក់ទំនងនយោបាយគឺចាប់ផ្ដើមឡើងពីទំនាក់ទំនងសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរ លោកស្រី Louise Mushikiwabo ទទួលបានសុខភាពល្អ និងជោគជ័យក្នុងកិច្ចការងារជាបន្តបន្ទាប់ទៀត៕










No comments:

Post a Comment