Friday, October 18, 2019

វេទិកាសាធារណៈជាឱកាសមួយស្តាប់នូវកង្វល់ បញ្ហាប្រឈម សំណូមពរ សំណើរ និងដោះស្រាយរាល់សំណូមពរនានា

ឧត្តរមានជ័យ៖ នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក ឌី រ៉ាដូ និងលោក អ៊ុច បូរ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាសាធារណៈនៅក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ និងមានការចូលរួមពីលោកអភិបាលស្រុកលោក លោកស្រី ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្រពាំងប្រាសាទនិងបងប្អូនប្រជាពលរដ្ឋសរុបចំនួន២៥០នាក់។
មានប្រសាសន៍ក្នុងវេទិកានេះដែរលោក អ៊ុច បូរ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកត្រពាំងប្រាសាទ បានគូសបញ្ជាក់អំពីគោលបំណងនៃវេទិកានេះគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋក្នុងការសហការជម្រុញលើកកម្ពស់ការទទួលខុសត្រូវគណនេយ្យភាព របស់ក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ម្យ៉ាងវិញទៀត វេទិកានេះ ក៏ជាឱកាសមួយដើម្បីបានស្ដាប់នូវកង្វល់ បញ្ហាប្រឈម សំណូមពរ និងសំណើរបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយរាល់សំណូមពរ និងសំណើទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាក្នុងករណីមិនអាចដោះស្រាយបានក្រុមការងារនឹងធ្វើការរាយការណ៍បន្តជូនរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ អង្គវេទិកា បានដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋឃុំព្រះប្រឡាយដូចខាងក្រោម៖
-ទី១ ស្នើសុំផ្លូវ១ខ្សែ ចាប់ពីមុខសាលាឃុំទៅភូមិខាងលិចភូមិអូរំដួលសម្រេចនឹងសិក្សាដាក់បញ្ចូលនៅក្នុងគម្រោងឆ្នាំ២០២១
-ទី២ ស្នើសុំផ្លូវពីសាលាឃុំទៅភូមិត្រពាំងបី នឹងចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តចុះធ្វើការសិក្សា
-ទី៣ ស្នើសុំបង្កើតភូមិត្រពាំងបី ដែលជាឧបសម្ព័នភូមិអូររំដួល
-ទី៤ ស្នើសុំបង្គន់អនាម័យដាក់នៅក្នុងមត្តេយ្យសហគមន៍
-ទី៥ ស្នើសុំលូដាក់ផ្លូវ ចំនួន៣កន្លែងស្មើនិង ១២កង់ អង្គវេទិកាសម្រេចដោះស្រាយជូន
-ទី៦ ស្នើសុំជួយសាងសង់សាលាឆន្ទក្នុងវត្តទួលចរន្ត
-ទី៧ ស្នើសុំកាត់ឃ្វាលក្បាលដីដែលបានអនុវត្តន៍បទបញ្ជាលេខ០០១ ពីខេត្តព្រះវិហារឱ្យមកខេត្តឧត្តរមានជ័យវិញព្រោះប្រជាពលរដ្ឋលំបាកក្នុងការមកទទួលសេវាសាធារណ:ដោយសារនៅឆ្ងាយនិងផ្លូវលំបាកផង។
ទន្ទឹមនេះ នៅក្នុងវេទិកានេះដែរ ក៏មានការបញ្ជ្រាបការយល់ដឹងស្ដីពីផលប៉ះពាល់នៃគ្រឿងញៀននិងគោលនយោបាយទាំង៩ចំណុចរបស់ភូមិ ឃុំមានសុវត្ថិភាព ដើម្បីឱ្យមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕



No comments:

Post a Comment