Friday, October 18, 2019

កំណើនភ្ញៀវទេស ចរបរទេសមកទស្សនាកម្ពុជា ចាប់ពីពីរដងមានតែជាង ១៦% ប៉ុណ្ណោះ

យោងតាមការសិក្សាមួយរបស់ធនាគារពិភពលោកបានបង្ហាញថាជាង ៨០%នៃភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជាគឺជាអ្នកទស្សនាជាលើកដំបូង ដោយសារគោលដៅទេសចរណ៍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍មានកំណត់ ដែលធ្វើឱ្យភ្ញៀវទេសចរមានប្រមាណតែ ១៦,៥%នៃចំនួនភ្ញៀវទេសចរបរទេស ចង់មកទស្សនាប្រទេសកម្ពុជាវិញ បើប្រៀបធៀបទៅនឹងប្រទេសថៃមានជាង ៥០%។
ការសិក្សាមួយបានចង្អុលបង្ហាញថា ការមកទស្សនាម្តងទៀតរបស់ភ្ញៀវទេសចរបរទេសអាច បណ្តាលមកពីកត្តាជាច្រើន។ ទាំងនេះរួមបញ្ចូលទាំងការពេញចិត្តជាមួយការស្នាក់នៅ ការដើរទិញឥវ៉ាន់ ភោជនីយដ្ឋាន និងអាហារ និងអាកប្បកិរិយារបស់ប្រជាជនក្នុងស្រុក ដែលជាទូទៅមានភាពរួសរាយ និងការកម្សាន្តសប្បាយជាដើម។
នៅឆ្នាំ២០១៨កន្លងទៅនេះ ប្រទេសកម្ពុជា បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានប្រមាណ ៦,២លាននាក់ បានកើនឡើងជាង ១១% បើធៀបនឹងកាលពីឆ្នាំ២០១៧។ ខណៈប្រទេសថៃ បានទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៣៨,១លាននាក់ បានកើនឡើងជាង ៧% និងរំពឹងថា នឹងកើនឡើងពី ៧,៥ទៅ ១០% នៅឆ្នាំ២០១៩នេះ។ ដោយឡែកប្រទេសវៀតណាមវិញ នៅឆ្នាំ២០១៨ បានទទួលភ្ញៀវទេសចរណ៍បរទេសប្រមាណ ១៥,៤លាននាក់ បានកើនឡើងជាង ១៩%។
របាយការណ៍ដដែល បានបញ្ជាក់ថា បើសម្លឹងមើលទីផ្សារទេសចរណ៍ប្រទេសក្បែរខាងកម្ពុជាទាំងពីរនេះរួមបញ្ចូលគ្នា គឺមានទំហំធំធេងតែកម្ពុជាទទួលបានតែចំណែកតូច និងថយចុះប៉ុណ្ណោះ។ តែជាលទ្ធផល កម្ពុជា ទទួលបានប្រមាណជាង ១០% នៃចំនួនភ្ញៀវទេសចរណ៍សរុបដែលមកទស្សនាប្រទេសថៃ និងវៀតណាម។
នេះឆ្លុះបញ្ចាំងថា ភ្ញៀវទេសចរបរទេសមិនទាន់យល់ដឹងច្រើនពីសក្តានុពលរបស់កម្ពុជា ដែលធ្វើឱ្យប្រទេសនេះ នៅតែមិនទាន់ទទួលបានជោគជ័យខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេស ដែលមកកម្សាន្តប្រទេសជិតខាងរបស់ខ្លួន។ របាយការណ៍ធនាគារពិភពលោកលើកឡើងទៀតថា បទពិសោធន៍មេរៀន នៅវៀតណាម ប្រហែលជាអាចអនុវត្តន៍បាននៅកម្ពុជា។
ប្រទេសវៀតណាមបានធ្វើយ៉ាងល្អឥតខ្ចោះ ចាប់តាំងពីឆ្នាំ២០១៦មក ដែលការមកដល់នៃភ្ញៀវទេសចរបរទេសបានកើនឡើងក្នុងអត្រាខ្ពស់។ បញ្ហាសំខាន់ៗដូចជា កំណែទម្រង់ទូលំទូលាយ រួមទាំងការអនុវត្តច្បាប់វិស័យទេសចរណ៍ គោលនយោបាយអនុគ្រោះលើកទឹកចិត្តការវិនិយោគក្នុងវិស័យទេសចរណ៍ ការផ្តល់អាទិភាពសម្រាប់ការលើកកម្ពស់ផ្នែកធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងចាត់ទុកការលើកកម្ពស់ការផ្សព្វផ្សាយវិស័យទេសចរណ៍គឺជាផ្នែកមួយក្នុងចំណោមវិធានការសំខាន់ៗដែលបានជួយជំរុញវិស័យទេសចរណ៍របស់វៀតណាម។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលស្គាល់ថា ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្នពិតជាបោះជំហានក្រោយប្រទេសជិតខាងជាពិសេសប្រទេសថៃ ហើយថា ការសិក្សារៀនសូត្រពីចំណុចខ្លាំងផ្នែកវិស័យនេះពីប្រទេសជិតខាង គឺជារឿងចំាបាច់មួយ។ តែយ៉ាងណាក៏ដោយឯកឧត្តម បានលើកឡើងថា កម្ពុជា ទើបតែទទួលបានសន្តិភាពពេញលេញក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយការទាក់ទាញភ្ញៀវទេសចរបរទេសបានក្នុងរង្វង់ជាង ៦លាននាក់របស់កម្ពុជានាពេលនេះ គឺអាចចាត់ទុកថា ភាពជោគជ័យធំធេងមួយ ព្រោះវិស័យនេះបានរួមចំណែកក្នុង GDP ប្រមាណ ១០%ក្នុងមួយឆ្នាំ។ លោក បានលើកឡើងទៀតថា នៅប្រទេសវៀតណាម វិស័យទេសចរណ៍រួមចំណែកប្រមាណតែ៧%នៃ GDP ខណៈដែលប្រទេសនេះ មានប្រជាជនប្រមាណ ៩០លាននាក់។ ដោយឡែកប្រទេសថៃ មានប្រជាជនប្រមាណ ៧០ទៅ ៨០លាននាក់ និងជាប្រទេសដែលមានសុខសន្តិភាពរយៈពេលយូរឆ្នាំមកហើយ ដូច្នេះប្រទេសនេះ មានឱកាសអភិវឌ្ឍន៍បានច្រើន ក្នុងនោះរួមបញ្ចូលទាំងវិស័យទេសចរណ៍ផងដែរ។
លោក ថោង ខុន បានបញ្ជាក់ថា ចំពោះកម្ពុជា មានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទាំងតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ អេកូរទេសចរណ៍ និងធម្មជាតិ ជាពិសេសនោះ គឺប្រាសាទអង្គរវត្ត ដែលមានភាពទាក់ទាញខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីជុំវិញពិភពលោក។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺប្រទេសកម្ពុជា មានប្រជាជនជាង ១៥លាននាក់ តែទាក់ទាញទេសចរអន្តរជាតិ បានជាង ៦លាននាក់កាលពីឆ្នាំមុន និងរំពឹងកើនឡើងពីរខ្ទង់សម្រាប់ឆ្នាំនេះ ដែលនេះជាមោទនភាពសម្រាប់វិស័យទេសចរណ៍កម្ពុជា។
លោក ថោង ខុន បានថ្លែងថា បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំបង្កើតតំបន់ទេសចរណ៍ពិសេស ក្នុងគោលបំណងធ្វើឱ្យបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានកាន់តែច្រើន ស្នាក់នៅបានយូរ និងមកម្តងហើយ មកម្តងទៀត។ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមចលនាទីក្រុងស្អាត រម្យណីយដ្ឋានស្អាត និងបៃតងទាំងអស់គ្នា។
គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា មានដូចជា រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ប្រាសាទអង្គរវត្ត តំបន់ឆ្នេរសមុទ្រលាតសន្ធឹង ៤ខេត្តដែលមានប្រវែងសរុប ៤៤០គីឡូម៉ែត្រ រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងតំបន់អេកូទេសចរណ៍។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំទាក់ទាញភ្ញៀវទេសចរណ៍បរទេស មកទស្សនាកម្ពុជាឱ្យកើនដល់ចំនួន ១៥លាននាក់នៅ ឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន ១ម៉ឺនលានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ ២លាននាក់៕








No comments:

Post a Comment