Friday, October 18, 2019

បងប្អូនអ្នករត់ម៉ូតូឌុបជាភ្នាក់ងារសន្តិសុខមួយបានចូលរួមចំណែកជួយដល់សង្គមជាតិ

ប៉ៃលិន៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត បានជួបសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ព្រមទាំងបានឧបត្ថម្ភជាស្បៀងអាហារ និងថវិការមួយចំនួនផងដែរ បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរបានបញ្ចប់ ហើយពួកគាត់ស្ងាត់ម៉ូយ រកចំណូលមិនសូវបាន។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានលើកឡើងផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ប្រកបដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូន ហើយក្រោមការដឹកនាំ និងនយោបាយ ឈ្នះ ឈ្នះរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គិសនី បណ្តាញទឹកស្អាតមានទាំងនៅទីប្រជុំជន រហូតដល់ជនបទ កត្តាទាំងនេះបានជំរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ ដោះស្រាយបានរាល់ការលំបាក និងកាត់បន្ថយភាពក្រីក្របានមួយកំរិតផងដែរ។
លោកអភិបាលខេត្ត បានបន្តទៀតថា ការជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់បងប្អូនជាអ្នករត់ម៉ូតូឌុប ដែលមិនសូវបាននៅផ្ទះជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូនជាអ្នករត់ម៉ូតូឌុប គឺជាភ្នាក់សន្តិសុខដ៏សំខាន់ក្នុងការចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល និងថ្នាក់ដឹកនាំខេត្ត ក៏បានឧបត្ថម្ភដល់បងប្អូនអ្នករត់ម៉ូតូឌុបនៅមុខសាលាខេត្ត ចំនួន២៧នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម និងថវិការចំនួន២ម៉ឺនរៀលផងដែរ៕



No comments:

Post a Comment