ទីបំផុតពន្លឺចរចាគ្មានសល់ទៀតទេជាមួយឧក្រិដ្ឋជន
សម រង្ស៊ី ខណៈពេលដែលមេចលនាឧទ្ទាមក្រៅច្បាប់រូបនេះបានដើរហួសបន្ទាត់ក្រហមនៃនីតិរដ្ឋ
និងផ្លូវលទ្ធិប្រជាធិបតេយ្យ
ដែលបាននិងកំពុងនាំឆ្ពោះទៅរកការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
និងដូររបបរាជានិយម។ ថ្មីៗនេះ មេចលនាឧទ្ទាមក្រៅច្បាប់រូបនេះច្រះច្រាលយ៉ាងអន្ទៈសារស្នើដល់ក្រុមអ្នកតំណាងរាស្ត្រសេរីនិយម
និងប្រទេសធំៗនៅអឺរ៉ុប រួមគ្នាដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកផ្លូវឱ្យខ្លួននិងអ្នកគាំទ្រទាំងអស់វិលចូលកម្ពុជាវិញ
ដោយសុវត្ថិភាព ដោះលែងសកម្មជនប្រឆាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ ផ្ដល់សិទ្ធិធ្វើនយោបាយឱ្យគណបក្សសង្គ្រោះជាតិឡើងវិញ
និងរៀបចំការបោះឆ្នោតមួយដោយជឿទុកចិត្តបាន។
ជាការពិត ទ្វារសម្រាប់បើកឱ្យមានការចរចា
គឺគ្មានឡើយជាមួយឧក្រិដ្ឋជន សម រង្ស៊ី ដែលជាមេដឹកនាំរដ្ឋប្រហារដ៏មហាគ្រោះថ្នាក់សម្រាប់ប្រជាជន
និងជាតិមាតុភូមិកម្ពុជា។
ហើយពេលវេលាសម្រាប់ការវិលត្រឡប់របស់មេចលនាឧទ្ទាមក្រៅច្បាប់កាន់តែខិតជិតមកដល់
ខណៈពេលដែលដំណើរវិលត្រឡប់ពិតប្រាកដ កំពុងឋិតក្នុងសភាពមិនប្រាកដប្រជា
និងមិនអាចធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិជឿបានឡើយ។ មហាជនទូទៅបានចាត់ទុកថា
ការវិលត្រឡប់ចូលស្រុករបស់ឧក្រិដ្ឋជន សម រង្ស៊ី នឹងអាចនាំគ្រោះថ្នាក់ដល់ប្រទេស
បង្ករអសន្តិសុខ អស្ថិរភាព
និងគ្មានសណ្តាបធ្នាប់កាន់តែខ្លាំងឡើងដែលមិនអាចទទួលយកបានឡើយ។
មានកត្តាជាច្រើនដែលមហាជនទូទៅបានមើលឃើញថា
វាគ្មានពន្លឺធ្វើឱ្យមេចលនាឧទ្ទាមក្រៅច្បាប់រូបនេះមិនអាចចូលស្រុកវិញបាន ដោយសារទង្វើចុងក្រោយថ្មីៗនេះរបស់
សម រង្ស៊ី បានបំផុស និងញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធងាកមកគាំទ្រខ្លួន
ហើយបែរចុងកាណុងមកប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន
សែន ជាប្រមុខដឹកនាំកើតចេញពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋអ្នកបោះឆ្នោតជាង៨៣%។
ហើយចុងក្រោយនេះ មេចលនាឧទ្ទាមក្រៅច្បាប់រូបនេះបានប្រកាសយ៉ាងច្បាស់បំផុតនូវផែនការធ្វើរដ្ឋប្រហារ
ដែលមិនត្រឹមតែផ្តួលរំលំរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែពួកគេអនុវត្តផែនការក្បត់រាជបល្ល័ង្គនាំឆ្ពោះដូររបបរាជានិយម
ដែលពួកសាធារណៈរដ្ឋនិយមបានផ្តួលរំលំរបបសង្គមរាស្រ្តនិយមរបស់សម្តេច ព្រះនរោត្តម
សីហនុ ក្នុងឆ្នាំ១៩៧០អញ្ចឹងដែរ។
ចលនាដូររបបរាជានិយមក្នុងអតីតកាលមិនខុសពីផែនការដ៏ទុច្ចរឹតរបស់ចលនាឧទ្ទាមក្រៅច្បាប់ដែលពួកគេកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន
ដែលមហាជនទូទៅបានមើលឃើញតាមរយៈការប្រមាថយ៉ាងធ្ងន់ធ្ងររបស់ សម រង្ស៊ី ចំពោះព្រះចេស្តា
ព្រះមហាក្សត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលបានហាមប្រាមប៉ះពាល់ដាច់ខាត។
ក្នុងអតីតកាលពួកសាធារណៈរដ្ឋបានជេរប្រមាថ សម្តេច ព្រះនរោត្តម សីហនុ ហើយបានចោទព្រះអង្គលក់ទឹកដីឱ្យយួនយៀកកុងកាលនោះ។
ឥឡូវស្រមោលអតីតកាលបានឆ្លងចូលក្នុងខួរក្បាលរបស់ពួកឧទ្ទាមក្រៅច្បាប់ ពិសេស សម រង្ស៊ី
បានបើកសមរភូមិហ្វេសប៊ុករបស់ខ្លួនធ្វើជាទីលានវាយប្រហារជេរប្រមាថព្រះមហាក្សត្រឥតកោតក្រែង។
ផែនការរដ្ឋប្រហារ ប្រើប្រាស់លុយទិញទឹកចឹត្តកងទ័ពប្រឆាំងនឹងរាជរដ្ឋាភិបាល
និងទង្វើប្រមាថព្រះមហាក្សត្រខ្មែរពេលនេះ គឺជាភស្តុតាងជាក់ស្តែងបំផុតដែលកំពុងនាំឆ្ពោះទៅផ្តួលរំលំរាជរដ្ឋាភិបាល
រំលាយរដ្ឋធម្មនុញ្ញ និងដូររបបរាជានិយមយ៉ាងប្រាកដ។ ហើយភស្តុតាងជាក់ស្តែងនេះបានបង្ហាញច្បាស់ថា
ឧក្រិដ្ឋជន សម រង្ស៊ី និងគូកនបានដើរចេញពីផ្លូវប្រជាធិបតេយ្យទាំងស្រុង
ហើយងាកមកប្រើប្រាស់អំពើហិង្សា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ទៅវិញ។
សម្រាប់មជ្ឈដ្ឋាជាតិ
និងអន្តរជាតិបាននិងកំពុងមើលឃើញយ៉ាងច្បាស់នូវទង្វើក្បត់ជាតិ
ជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ក្នុងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល
និងដូររបបរាជានិយមមួយ ដែលផ្ទុយពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ពិសេស ផ្ទុយពីកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរី
ពហុបក្ស រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងរបបរាជានិយមទី២សព្វថ្ងៃនេះ ដែលមានសារៈសំខាន់ក្នុងការកសាង
និងការអភិវឌ្ឍឡើងវិញសម្រាប់កម្ពុជាទាំងមូល។
ដូច្នេះ ដោយសារតែទង្វើរដ៏មហាគ្រោះថ្នាក់របស់ឧក្រិដ្ឋជន
សម រង្ស៊ី និងគូកន រាជរដ្ឋាកម្ពុជាមិនអាចចរចាជាមួយឧក្រិដ្ឋជនរូបបានជាដាច់ខាត
ហើយរាជរដ្ឋាភិបាលកម្ពុជាត្រូវមានកតាព្វកិច្ចស្របច្បាប់ ដើម្បីការពាររបបរាជានិយមផង
និងការពាររាជរដ្ឋាភិបាលស្របច្បាប់ផង ពិសេស ត្រូវការពារសុខសន្តិភាព ស្ថិរភាព
សណ្តាប់សង្គម ព្រមទាំងសេចក្តីសុខសាន្តសម្រាប់ប្រជាជនទូទៅផង។
ហើយករណីគ្មានបរទេសណាអាចជ្រៀតជ្រែក ឬ ដាក់សម្ពាធមកលើរដ្ឋអធិបតេយ្យមួយបានឡើយ។
ជារួម នាវាពិតជាបានលាផែ
មិនអាចវិលត្រឡប់វិញបានឡើយ ហើយនឹងរសាត់អណ្តែតដូចចកគ្មានទីចំណត
ក្នុងមហាសាគរនោះយ៉ាងប្រាកដ។ ហើយអំណឹះតទៅ ជីវិតនយោបាយរបស់ឧក្រិដ្ឋជន សម រង្ស៊ី
នឹងត្រូវចប់ក្នុងសភាពក្បាលមិនជាប់មេឃ ជើងទល់ដី ដោយសារតែអំពើក្បត់ជាតិ
ក្បត់រាជបល្ល័ង្គ រំលំរបបរាជានិយម ប្រមាថអង្គព្រះមហាក្សត្រ ប្រៀបបានកំពុងធ្លាក់ចូលក្នុងជ្រោះមរណៈខាងផ្លូវនយោបាយដែលមិនអាចឱ្យទេវតាសង្រ្គោះបានឡើយ។
ដូច្នេះ ទ្វារចរចាត្រូវបានបិទ គ្មានបរទេសណាហ៊ានជួយឧក្រិដ្ឋនជនរូបនេះ
ហើយក៏គ្មានអ្នកស្ម័គ្រស្លាប់ ឬ ត្រូវជាប់គុកដោយសារដើរតាមហែរហមជាមួយនឹង សម រង្ស៊ី បានឡើយ។
ការវិលត្រឡប់ដោយប្រថុយប្រថាន នឹងច្បាស់ជាទទួលហានិភ័យតាមផ្លូវច្បាប់យ៉ាងប្រាកដ៕
ដោយ ឡុង បូរិតា
No comments:
Post a Comment