Monday, October 14, 2019

ប្រធានាធិបតីហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាចុងខែតុលា បន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេស ចំនួនបី នៅតំបន់អឺរ៉ុប


ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសចំនួនបី នៅអឺរ៉ុបនោះ។ នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចំនួនបី ក្នុងតំបន់អឺរ៉ុប រួមមាន សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះថា គណៈប្រតិភូអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនទៀតរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ឯកឧត្ដមបានបន្តថា ចំពោះទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក គឺតបតាមការអញ្ជើញរបស់ឯកឧត្តម អេនដ្រេហ្គ បាប៊ីស (Andrej Babiš) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឆែក។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី១៣ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីស នឹងជួបពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ ក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសហុងគ្រី តបតាមការអញ្ជើញរបស់ ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីហុងគ្រី ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ (3rd BWS) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ រៀបចំឡើងក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣  នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈ ដើម្បីជំនះនូវបញ្ហាប្រឈមនានា ទាំងនៅក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាសម្រេចឲ្យបាន នូវការរីកលូតលាស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសទប់ស្កាត់វិបត្តិទឹកឲ្យបាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្ត្រ និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ សម្តេចតេជោ ក៏នឹងលើកឡើងពីភាពចាំបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹក និងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជា និន្នាការនៃការឡើងកំដៅភពផែនដី កំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែន។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ុយដាប៉ែស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលជួប សម្តែងការគួរសមជាមួយឯកឧត្តម យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកដោយ ឯកឧត្តម លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ផងដែរ។
ក្រោយពីបញ្ចប់ការចូលរួមចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែតុលា ឆ្នាំ២០១៩ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្តម បូយកូ បូរីសសុវ (Boyko Borissov) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប៊ុលហ្គារី។ ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម រូមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតី នៃសាធារណរដ្ឋប៊ុលហ្គារី។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីប៊ុលហ្គារី ឯកឧត្តមនាយករដ្ឋមន្ត្រី បូយកូ បូរីសសុវ ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
គួរបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩៕
ដោយ ជឹម ណារី












No comments:

Post a Comment