Monday, October 14, 2019

ស្រូវពូជប្រភេទសែនក្រអូប ត្រូវបាននាំយកទៅចែកជូនដល់ប្រជាកសិករចំនួន២ស្រុកក្នុងខេត្ត ក្រោយរងគ្រោះពីទឹកជំនន់

ក្រចេះ៖ ស្រូវពូជប្រភេទសែនក្រអូប ជាអំណោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបន្តប្រគល់ជូនប្រជាកសិករ ដែលទទួលរងគ្រោះពីទឹកជំនន់ ហើយមានលទ្ធភាពស្តារឡើងវិញ ។ ជាក់ស្តែងនៅចុងសប្តាហ៍នេះ ស្រូវពូជចំនួន ២.១៧៩បេ បានប្រគល់ជូនដល់ដៃបប្រជាកសិកចំនួន ២ស្រុកក្នុងថ្ងៃតែមួយ គឺស្រុកឆ្លូង ដឹកនាំដោយ លោកទេសរដ្ឋមន្រ្តី គន់ គីម និងព្រែកប្រសព្វ ដឹកនាំដោយលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ។ ក្នុងនោះស្រុកឆ្លូង មាន ៧ឃុំ មាន ៧១៥គ្រួសារ មានផ្ទៃដីសរុប ៤៦០.០៣ ហិកតា និងស្រុកព្រែកប្រសព្វ ២ឃុំ មាន ៤១១គ្រួសារ សរុបផ្ទៃដី ចំនួន ៥២៣ ហិកតា ។
នៅក្នុងពិធីចែកស្រូវពូជនាពេលនោះដែល តំណាងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានធ្វើការពន្យល់និងណែនាំទៅប្រជាកសិករអំពីបច្ចេកទេស នៃការដាំដុះដំណាំស្រូវ ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់ និងជំរុញឲ្យប្រជាកសិកររូតរះ ក្នុងការភ្ជួររាស់ ដកស្ទួង អោយបានទាន់រដូវកាលទឹកសម្រក ។
មានប្រសាសន៍បន្ថែមពីលោកទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីស្ថានភាពរស់នៅ ដែលបានទទួលរងគ្រោះក្នុងពេលទឹកជំនន់ និងក្រោយទឹកជំនន់ ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ។ ហើយជាពិសេស គឺបងប្អូនប្រជាកសិករ ដែលលទ្ធភាពក្នុងការស្តារនូវ វិស័យកសិកម្ម ដោយពួកគាត់ផ្ទៃដី សម្ភារៈ និងប្រភពទឹកសម្រាប់ធ្វើកសិកម្មឡើងវិញ តែបងប្អូនខ្វៈនូវពូជសម្រាប់ដាំដុះ ទើបរាជរដ្ឋាភិបាលសម្រេចផ្តល់នូវពូជស្រូវជូននាពេលនេះ ។
លោក ក៏ជំរុញឲ្យបងប្អូនប្រជាកសិករទាំងអស់ ត្រូវខិតខំធ្វើការភ្ជួររាស់ ដកស្ទួង អោយបានទាន់រដូវកាលទឹកសម្រក និងត្រូវធ្វើការថែបំប៉ននូវស្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ មិនត្រូវទុកស្រូវចោល ដោយមិនទៅមើលថែទាំ ទុកឲ្យដង្កូវស៊ី ឬ ស្មៅបោកងាប់នោះទេត្រូវ ។ ហើយក្រៅពីការធ្វើស្រែ ចេះដាំដំណាំរួមផ្សំ ក៏ដូចជាចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ សុទ្ធតែអាចយកទៅលក់បានប្រាក់កម្រៃ យកមកទ្រទ្រង់ជីវភាពដូចគ្នា និងថែរក្សាសុខភាពឲ្យបានល្អ ។ ម្យ៉ាងវិញទៀត អាជ្ញាធរឃុំទាំងអស់ត្រូវបន្តការងាររបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ៕





No comments:

Post a Comment