Monday, October 14, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមានចេញសារពាក់ព័ន្ធរឿងសំរាមនៅខេត្តកណ្តាលនោះទេ

ពីទីក្រុងប្រាក ប្រទេសឆែក លោក ដួង តារា អ្នកគ្រប់គ្រង Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដោយបានប្រកាសថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានចេញសារពាក់ព័ន្ធបញ្ហាសំរាមនៅក្នុង ខេត្តកណ្តាលនោះទេ។ ការចេញមកបញ្ជាក់របស់លោក ដួង តារា បានធ្វើឡើងបន្ទាប់ពីមានជនខិចខូចបានបន្លំកាត់តសារមួយនិយាយពីបញ្ហាសំរាម ដោយភ្ជាប់ជាមួយទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ ជនទុច្ចរិត បានកាត់តរូបភាពសំរាមមួយសន្លឹក ដោយភ្ជាប់ជាមួយទំព័រ Facebook របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានសរសេរ «រូបភាពនេះ ត្រូវជនអគតិ ពួកប្រឆាំងវាមិនយល់ទើបយកមកផុសបង្អាប់កិត្តិយសពលរដ្ឋខ្លួន។ បើយើងមើលមួយផ្លូវទៀត គឺដោយសារការដឹកនាំ របស់ខ្ញុំជាង៣០ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជារីកចម្រើនសំបូរសប្បាយ ពលរដ្ឋសំបូរហូបចុក ហូរហៀរ បរិបូរណ៍ ទើបធ្វើឱ្យសំរាមកើនឡើង»។
គេមិនដឹងពីបំណងជនទុច្ចរិតក្នុងការកាត់តបន្លំធ្វើជាសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយភ្ជាប់បញ្ហាសំរាមនេះនោះឡើយ។ ប៉ុន្តែបញ្ហាសំរាមនៅក្នុងក្រុងតាខ្មៅដែលរាយប៉ាយក្រោយការប្រារព្ធពិធីអ៊ុទូកនេះ កំពុងទទួលការរិះគន់មួយចំនួនពីការមិនចេះទុកដាក់សំរាម។ លោក ដួង តារា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ពេលកំពុងអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បំពេញទស្សនកិច្ចនៅប្រទេសឆែកយ៉ាងដូច្នេះថា «នេះមិនមែនជាសាររបស់សម្តេចតេជោនោះទេ។ វាជាការរៀបចំកាត់តរបស់ក្រុមជនទុច្ចរិតធ្វើឡើងក្នុងចេតនាមិនល្អណាមួយ។ សម្តេចលោកមិនបានចេញសារបែបនេះនោះទេ»៕

No comments:

Post a Comment