Monday, October 14, 2019

អភិបាលខេត្ត្តក្រចេះ ផ្តល់ស្រូវពូជដល់កសិករ និងលើកទឹកចិត្តខិតខំបង្កបង្កើនផលស្រូវក្រោយពីរងគ្រោះដោយទឺកជំនន់

ក្រចេះ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បានប្រគល់ស្រូវពូជសែនក្រអូបជូនដល់ប្រជាកសិករនៅឃុំបុសលាវ ស្រុកចិត្របុរី ដើម្បីយកទៅសាបព្រោះឡើងវិញក្រោយទឹកជំនន់ទន្លេលិចខូចខាត ដែលមានផ្ទៃដីប៉ះពាល់ដំណាំស្រូវចំនួន៨៥,៥៦ហិកតា ស្មើនិង១៣៨គ្រួសារ ត្រូវបែងចែកស្រូវពូជចំនួន៨៦០០គីឡូក្រាម ពិធីនេះធ្វើឡើងនៅបរិវេណវត្តបុសាលាវ។
ក្នុងឱកាសនោះ លោក វ៉ា ថន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ តែងតែយកចិត្តទុកដាក់គិតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ ក៏ដូចជាតាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះតាមដានអំពីស្ថានភាពទឹកជំនន់ និងស្ថានភាពរស់នៅរបស់បងប្អូនផ្ទាល់ ដើម្បីជួយដោះស្រាយនូវរាល់ទុក្ខលំបាក តម្រូវការខ្វះខាត និងបញ្ហប្រឈមនានាបានទាន់ពេលវេលា។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចតាមដានបង្ហាត់បង្រៀនបច្ចេកទេសដាំដុះពូជស្រូវ និងពិនិត្យប្រភពទឹក រក្សាទឹកសម្រាប់ផ្គត់ផ្គង់ស្រូវឲ្យបានគ្រប់គ្រាន់ និងបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំបន្ថែមទៀត ក្រៅពីការស្ដារឡើងវិញនៅដំណាំស្រូវ គឺត្រូវដាំដំណាំ បន្លែបង្ការបន្ថែមនៅផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិដែលមានស្រាប់នៅក្នុងភូមិ ដែលវាជាការរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងដើម្បីកាត់បន្ថយការចំណាយផងដែរ៕



No comments:

Post a Comment