Monday, October 07, 2019

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចអនុញ្ញាតឲ្យធ្វើចរាចរនិងប្រើប្រាស់ក្រដាសប្រាក់១៥០០០រៀល ដែលទើបបោះពុម្ពថ្មី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជា នូវក្រដាសប្រាក់រៀល ប្រភេទ ១៥០០០រៀល ដែលទើបចេញថ្មី។
ការសម្រេចបោះពុម្ពក្រដាសប្រាក់គំរូថ្មី ១៥០០០រៀល របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាមួយគ្នានេះក្នុងអនុក្រឹត្យក៏បានបញ្ជាក់ឲ្យធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃក្រដាសប្រាក់ប្រភេទ ១៥០០០រៀលថ្មីនេះផងដែរ។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕


No comments:

Post a Comment