Monday, June 03, 2019

កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌ

សៀមរាប៖ មន្ត្រី-បុគ្គលិកចំនួន៤៧រូប មកពីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ បានផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោកតាមរយៈកម្មវិធីបណ្តុះបណ្តាលTechnical Exchange NAPAV/APSARA ក្រោមកិច្ចសហការរបស់ស្ថានទូតអាមេរិក ដឹកនាំដោយអ្នកស្រីសាស្រ្តាចារ្យ Barbara J. Anello-Adnani ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។
អ្នកស្រីសាស្រ្តាចារ្យ Barbara J. Anello-Adnani បានឱ្យដឹងថា ការបង្កើតវគ្គបណ្តុះបណ្តាលនេះ សម្រាប់ឱ្យមន្រ្តី-បុគ្គលិកជំនាញគ្រប់គ្រងបេតិកភណ្ឌពិភពលោកតំបន់អង្គរ និងប្រាសាទព្រះវិហារផ្តល់បទពិសោធន៍ការងារទៅវិញទៅមកលើផ្នែកគ្រប់គ្រងបេតិកភណ្ឌ ប្រវត្តិសិល្បៈ ការចងក្រងឯកសារការថតរូប ការស្រាវជ្រាវ សិក្សាភាសាអង់គ្លេស និងមានទំនាក់ទំនងរវាងអ្នកធ្វើការពាក់ព័ន្ធផ្នែកវប្បធម៌នៅកម្ពុជា និងនៅអាស៊ានកាន់តែជិតស្និទ្ធិ ហើយទូលំទូលាយជាងមុន។
សម្រាប់នាពេលអនាគត កម្មវិធីនេះនឹងសិក្សាស្វែងយល់នៅក្រៅតំបន់អង្គរ ហើយក៏ស្វាគមន៍ដល់ស្ថាប័នដែលពាក់ព័ន្ធមកចែករំលែកជាមួយគ្នា។

គួរញ្ជាក់ដែរថា កាលពីខែមករាកន្លងទៅ មន្រ្តី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានទៅចុះទស្សនកិច្ចសិក្សានៅតំបន់ប្រាសាទព្រះវិហារ ដែលទទួលបានការចែករំលែកបទពិសោធន៍ល្អៗពីមន្រ្តី-បុគ្គលិកនៃអាជ្ញាធរព្រះវិហារដូចគ្នានឹងពេលនេះដែរ៕



No comments:

Post a Comment