Wednesday, March 13, 2019

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំកែសម្រួលផ្លូវថ្មើរជើងតូចៗជាថ្មី ក្នុងបរិវេណប្រាសាទអង្គរវត្តឡើងវិញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាកំពុងតែរៀបចំកែសម្រួលផ្លូវថ្មើរជើងតូចៗ នៅសងខាងស្ពានហាលប្រាសាទអង្គរវត្ត ចន្លោះពីគុកតារាជ្យទៅក្តារបែន។ តាមគម្រោង ការកែសម្រួលនេះនឹងធ្វើឡើងដោយត្រូវលុបបំបាត់ផ្លូវដើរខ្លះ ដែលមិនសមរម្យ កែសម្រួលផ្លូវចាស់ដែលមានស្រាប់ និងបង្កើតផ្លូវ ថ្មីពីរខ្សែបន្ថែមទៀត ដែលត្រូវចំណាយប្រហែលពីរខែនឹងរួចរាល់។
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងដំណើរចុះពិនិត្យការងារនេះ មានប្រសាសន៍ថា មូលហេតុចម្បងនៃការកែសម្រួលផ្លូវដើរនេះ ដោយហេតុថា ផ្លូវចាស់រាល់ថ្ងៃដែលប្រើប្រាស់គ្រួសថ្មមិច បានខ្ទាតគ្រាប់ថ្មចេញពីផ្លូវអស់ច្រើន ហើយរាល់ពេលធ្វើដំណើរតែងបង្កសំឡេងរំខានខ្សោកខ្សាកៗ និងស្រុតៗ ហើយជួនកាលទៀត គ្រាប់គ្រួសទាំងនេះបានជាប់តាមស្បែកជើងទៅជ្រុះលើថ្មប្រាសាទក៏មានដែរ។
លោកបន្តថា ក្រោយទទួលបានយោបល់មកពីគ្រប់នាយកដ្ឋានពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីអ្នកជំនាញនៅក្នុងកិច្ច ប្រជុំអាយស៊ីស៊ី-អង្គរ ក្រុមការងារសម្រេចកែលម្អផ្លូវនេះឡើងវិញ ដោយប្រមូលគ្រួសថ្មមិចដែលមានស្រាប់ចេញ ដាក់បង្ហាប់ដីល្បាយខ្សាច់ បង្ហាប់គ្រួសពីលើ ដាក់ដីល្បាយខ្សាច់ ធ្វើជាជម្រាលខ្នងអណ្តើកដើម្បី សម្រួលទឹកហូរលឿន និងមានដាំបង្គោលក្រាក់អមសងខាងផ្លូវ ដើម្បីការពារការដើរជាន់ស្មៅ។ ម្យ៉ាងទៀតវត្ថុធាតុដែលយកមកធ្វើមាន គ្រួសថ្មមិច ដីល្បាយខ្សាច់ ស៊ីចង្វាក់ជាមួយទេសភាពស្មៅ និងប្រាសាទ ជាដើម។
ការសម្រេចលុបចោលផ្លូវដើរខ្លះ ដោយសារតែផ្លូវដើរទាំងនេះ កើតឡើង ដោយសារភ្ញៀវទេសចរនាំគ្នាដើរកាត់វាលស្មៅបន្តិចម្តងៗ បង្កើតបាន ជាផ្លូវដើរទាំងដែលមិនមានគម្រោង មិនមានទំហំច្បាស់លាស់មិនមាន របៀបរៀបរយ ខ្វាត់ខ្វែងមិនល្អមើល។ ចំណែកការបន្ថែមផ្លូវថ្មី មួយចំនួន ទៀត គឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងឲ្យមានរបៀបតាមការរៀបចំ របស់មន្ត្រីជំនាញ។

តាមគម្រោងផ្លូវថ្មីទាំងនេះ នឹងត្រូវដាំស្មៅនៅខាងចុងផ្លូវប្រវែង៥ម៉ែត្រមុន នឹងដើរឡើងលើថ្មប្រាសាទ។ ការដាំស្មៅនៅខាងចុងផ្លូវនេះ មានប្រយោជន៍ ក្នុងការជម្រុះនូវគ្រាប់គ្រួស ឬដីធូលីផ្សេងៗ ដែលជាប់តាមស្បែកជើងមុន នឹងឡើងលើថ្មប្រាសាទ ដែលរួមចំណែកក្នុងការថែរក្សានូវសោភ័ណ ភាពប្រាសាទ ក៏ដូចជាគុណតម្លៃនៃបេតិកភណ្ឌរបស់មនុស្សជាតិ៕



No comments:

Post a Comment