Wednesday, March 13, 2019

ចំនុចសំខាន់ៗបានលើកទ្បើងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះ មានលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាល និងអធិការក្រុង ស្រុក ទាំង៨ មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្មៀនឃុំ-សង្កាត់ ទាំង៨០ និងមន្រ្តីរាជការសាលាខេត្ត សរុប៥០០នាក់ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។
មានប្រសាសន៍បើកក្នុងអង្គសន្និបាត លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយការទទួល ខុសត្រូវ ស្របតាមតួនាទី និងភារកិច្ច ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយ និងគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ធ្វើឲ្យរដ្ឋបាលខេត្តធានាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សារណៈល្អប្រសើរ ជាពិសេសសម្រេចបាននូវ សមិទ្ធិផលជាច្រើនបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ជាមួយគ្នានោះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត បានមានមតិផ្ដាំផ្ញើដល់អង្គសន្និបាត ដោយលើកឡើងនូវចំនុចសំខាន់ៗ មួយចំនួនដូចជា៖
– ត្រូវបន្តចូលរួមសហការថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម បង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបាននូវបទល្មើសនានាដែលកើតឡើង។
– មន្ត្រីរាជការទាំងអស់ត្រូវអនុវត្តន៍ការងារប្រចាំថ្ងៃរបស់ខ្លួន អោយមានប្រសិទ្ធភាពស្របតាមអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ឆ្លុះកញ្ជក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
– ត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា នៅក្នុងកំឡុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំងចាប់ពីខែមេសា ដល់ខែឧសភា ខាងមុខនេះ ដែលអាចប្រឈម និងការខ្វះខាតទឹកប្រើប្រាស់ នៅតំបន់មួយចំនួនផងដែរ។
– អាជ្ញាធរមូលដ្ឋានពិសេសស្រុកជាប់ព្រំដែនត្រូវពិនិត្យ និងហាមប្រជាពលរដ្ឋជាដាច់ខាតការ ជួលដីទៅអោយប្រទេសជិតខាង។
– អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យដោះស្រាយ និងការពារអោយបាននូវដីណាដែលជាកម្មសិទ្ធរបស់រដ្ឋ។
– ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានតឹងរឹុង
– ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ យកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារ បន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
– ត្រូវមានភាពស្មោះត្រង់ក្នុងកិច្ចការងារបម្រើ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាឆ្ពោះទៅការកសាង និងអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងសុខដុមរមនា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ពួកគាត់ ។

នៅក្នុងសន្និបាតនេះ ក៏មានបទអន្តរាគមន៍របស់មន្ទីរ-អង្គភាពមួយចំនួន បានលើកឡើងអំពីវឌ្ឍនៈ ភាពការងាររបស់ខ្លួនផងដែរ៕



No comments:

Post a Comment